ខេត្តតាកែវ ៖ ព្រះគ្រូចៅអធិការវត្តប្រាសាទនាងខ្មៅ ស្ថិតក្នុងភូមិចារ ឃុំរវៀង ស្រុកសំរោង បានបដិសេធ ច្រានចោលជុំវិញសកម្មភាពរបស់ព្រះសង្ឃ តាអាចារ្យ យាយជីមួយចំនួន ដែលរយៈពេលកន្លងមកថ្មីៗនេះ បាននាំគ្នាដើររៃអង្គាសប្រាក់ពីពុទ្ធបរិស័ទ នៅតាមទីប្រជុំជន និងបណ្តាខេត្តនានា ដោយប្រាប់ថា ព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ប្រើឱ្យរៃអង្គាសបច្ច័យ ដើម្បីចិញ្ចឹមព្រះសង្ឃ និងសង់កុដិ ដែលវត្តកំពុងជួបការខ្វះខាត។ សកម្មភាពបែបនេះ ត្រូវបានព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ ហៅថា គឺជាការដើរបោកប្រាស់ របស់ជនខិលខូចមួយចំនួន សម្រាប់យកមកបំពេញផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ព្រោះវត្តមិនមានការខ្វះខាតដូចការលើកឡើងនោះឡើយ ហើយព្រះអង្គផ្ទាល់ ក៏មិនធ្លាប់ប្រើឱ្យអ្នកណាម្នាក់ ដើររៃអង្គាសបច្ច័យបែបនេះដែរ។
យោងតាមវីដេអូឃ្លីបរយៈពេល៥នាទី និង២៥វិនាទី ដែលបង្ហោះនៅក្នុងគណនីហ្វេសប៊ុក វត្តប្រាសាទនាងខ្មៅ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ព្រះភិក្ខុ មុនិបាលោ ជួន កក្កដា ចៅអធិការវត្តប្រាសាទនាងខ្មៅ បានមានសង្ឃដីកាថា “ជាបឋម សូមនមស្ការថ្វាយបង្គំព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងសូមចម្រើនពរញាតិញោម ពុទ្ធបរិស័ទទាំងអស់ទូទាំងប្រទេស ទាំងក្នុង និងក្រៅប្រទេស ខ្ញុំករុណាអាត្មាភាព ភិក្ខុ មុនិបាលោ ជួន កក្កដា ក្នុងនាមជាថ្នាក់ដឹកនាំវត្តប្រាសាទនាងខ្មៅ សូមចម្រើនពរ ប្រគេន និងជូនដំណឹងដល់ពុទ្ធបរិស័ទទាំងអស់ ដោយប៉ុន្មានរយៈ ពេលនេះ ប្រហែលជា១អាទិត្យ ២អាទិត្យនេះ មានព័ត៌មាន ទាក់ទងរឿងការរៃអង្គាសបច្ច័យអំពីពុទ្ធបរិស័ទទៅតាមទីផ្សារ ទៅតាមទីសាធារណៈ តាមកន្លែងផ្សេងៗ ទាំងនៅខេត្តតាកែវ ទាំងនៅខេត្តនានា មានខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកំពង់ស្ពឺ នៅទីក្រុងភ្នំពេញ នៅខេត្តបាត់ដំបង សៀមរាប កំពង់ចាម…ជាដើម ដែលមានទាំងព្រះសង្ឃ មានទាំងលោកអាចារ្យ មានទាំងលោកយាយជី ឬក៏លោកយាយចាស់ៗ ហើយយកឈ្មោះថាវត្តប្រាសាទនាងខ្មៅនេះ ដែលមានអាត្មា ជួន កក្កដា និងព្រះអង្គ ភិន វុទ្ធី ហ្នឹងគឺជាអ្នកប្រើឱ្យលោក និងអាចារ្យ លោកយាយ លោកតា ហ្នឹងអ្នកទៅរៃអង្គាសអំពីពុទ្ធបរិស័ទ ដើម្បីជួយចិញ្ចឹមព្រះសង្ឃ ក៏ដូចជួយកសាងមហាកុដិដែលកំពុងធ្វើរាល់ថ្ងៃនេះ និងជួយទំនុកបម្រុងព្រះសង្ឃ ប្រចាំខែ ហើយដើររៃអង្គាសញាតិញោមគ្រប់កន្លែង ហើយថាអាត្មានេះ ជាអ្នកប្រើ មានកូនសិស្ស ថាត្រូវជាកូនសិស្សព្រះសង្ឃ ថាឱ្យរៃអង្គាស ឥឡូវនេះ អាត្មាសូមបញ្ជាក់ជាសាធារណៈ និងសូមឱ្យសាធារណជនទាំងអស់ជ្រាបថា ខ្ញុំករុណាអាត្មាភាព និងព្រះអង្គ ភិន វុទ្ធី មិនបានប្រើ ព្រះសង្ឃជាកូនសិស្ស ឬលោកអាចារ្យ ឬក៏លោកយាយជីណា ឱ្យដើររៃអង្គាស ដើម្បីជួយចិញ្ចឹមព្រះសង្ឃ ដើម្បីជួយកសាងមហាកុដិនៅវត្ត ប្រាសាទនាងខ្មៅដែលកំពុងធ្វើនេះ គឺអត់ជាដាច់ខាត ចឹងសូមប្រគេន និងជូនដំណឹងជាសាធារណៈ ដល់ពុទ្ធបរិស័ទ្ធគ្រប់ទិសទី ថាប្រសិនជាមាន ព្រះសង្ឃដើររៃអង្គាស ហើយយកឈ្មោះវត្តប្រាសាទនាងខ្មៅ យកទៅប្រាប់ញាតិញោមថា យកមកចិញ្ចឹមព្រះសង្ឃ ដើម្បីយកមកកសាងវត្ត ប្រាសាទនាងខ្មៅ នេះគឺជាការបោកប្រាស់ ជាការភូតកុហក ជាការភូតភរ ហើយជាការបន្លំយកឈ្មោះវត្តប្រាសាទនាងខ្មៅ ដែលខ្ញុំករុណាអាត្មាទាំង ២ព្រះអង្គ រួមនឹងកូនសិស្សគណទាំងអស់ជាង៣០០អង្គគង់នៅទីនេះ មិនដែលបានឱ្យព្រះសង្ឃអង្គណា ទៅស្វែងរកប្រាក់ ដើម្បីយកមកទំនុកបម្រុងវត្តនេះជាដាច់ខាត គឺអត់មានទេ មួយទៀតលោកអាចារ្យក្តី លោកយាយក្តី ដែលថាអាត្មាប្រើឱ្យទៅរៃអង្គាសដើម្បីជួយកសាង ជួយមកចិញ្ចឹមព្រះសង្ឃក៏អត់មានដែរ ចឹងសូមចម្រើនពរពុទ្ធបរិស័ទទាំងអស់បានជ្រាប ហើយប្រសិនជាញោមប្រុសក្តី ញោមស្រីក្តី ញោមៗនៅតាមទីសាធារណៈ តាមផ្សារ តាមទីប្រជុំជន នៅទីក្រុងភ្នំពេញ ឬនៅទីកន្លែងណាទាំងអស់នៅតាមបណ្តាខេត្ត បើសិនជាមានអ្នកថាមកពីវត្តប្រាសាទ នាងខ្មៅ សូមមេត្តាជួយថតរូបព្រះសង្ឃអង្គនោះ ឬក៏លោកអាចារ្យ លោកយាយរូបនោះ ដើម្បីផ្ញើមកកាន់ហ្វេសប៊ុកផេករបស់ខ្ញុំករុណាអាត្មាភាព ងាយស្រួលខ្ញុំករុណាអាត្មាភាព ទាក់ទងស្វែងរក ថាតើនៅទីណា តំបន់ណា? បានជាយកឈ្មោះវត្តប្រាសាទនាងខ្មៅនេះទៅប្រើ រៃអង្គាស ហើយថា វត្តនេះខ្វះខាតបច្ច័យចិញ្ចឹមព្រះសង្ឃ ខ្វះខាតការកសាង ចឹងរឿងនេះ គឺជារឿងមិនពិត ពុទ្ធបរិស័ទអាចទំនាក់ទំនងមកខ្ញុំករុណាអាត្មាភាព សួរផ្ទាល់ តាមរយៈលេខទូរស័ព្ទ ០១៥ ៥៥៥ ៩៥៥ ឬ ០៣១ ៥៥៥៥ ៩៥៥ នេះខ្ញុំករុណាអាត្មាភាព និងទទួលប្រព័ន្ធទូរស័ព្ទញាតិញោមសាកសួរ គ្នាឱ្យដឹងរឿង ថាលោកនៅឯណា ឱ្យតេមកអាត្មា ហើយបញ្ជាក់ជាសាធារណៈម្តងទៀតថា អាត្មាភាពមិនបានប្រើព្រះសង្ឃ មិនបានប្រើលោកអាចារ្យ មិនបានប្រើគណៈកម្មការណា ដើម្បីស្វែងរក រៃអង្គាសបច្ច័យយកមកចិញ្ចឹមព្រះសង្ឃ យកមកកសាងមហាកុដិនេះទេ សម្រាប់ព្រះសង្ឃ ៣០០អង្គ ជារឿងធម្មតារបស់អាត្មាភាព ហើយព្រះសង្ឃក៏មិនខ្វះឆាន់ដែរ ញាតិញោមមករាល់ថ្ងៃ ញាតិញោមមកទំនុកបម្រុងរាល់ថ្ងៃមិនឱ្យខ្វះខាត ដើររៃអង្គាសថាអស់ចង្ហាន់ ទំនុកបម្រុង គឺអត់មានទេ កសាងមហាកុដិ គឺកំពុងធ្វើ៣ជាន់នេះក្តី ធ្វើរាល់ថ្ងៃ តែក៏មិនបានឱ្យលោកដើររៃអង្គាស តាមតំបន់ ច្រកល្ហក ទីផ្សារអីណាក៏អត់ដែលទេ ចឹងធ្វើរាល់ថ្ងៃ មានញាតិញោមចូលតាមហ្វេសប៊ុក ចូលតាមទូរស័ព្ទ ចូលតាមរោងបុណ្យ ចូលមកដល់វត្តនេះទេ អត់មានឱ្យប្រើមនុស្សណាដើររៃអង្គាសដាច់ខាត ចឹងបើមានទាំងព្រះសង្ឃ ទាំងឧបាសក យកឈ្មោះវត្តប្រាសាទនាងខ្មៅយកទៅប្រើ គឺជារឿងបោកប្រាស់ ចឹងសូមអរគុណច្រើន សូមជួយចែករំលែកវីដេអូនេះបន្តៗគ្នា ដើម្បីជាព័ត៌មានដល់ពុទ្ធបរិស័ទ ទូទាំងប្រទេសកម្ពុជាផង សូមអរព្រះគុណ ថ្វាយបង្គំលា…”៕