ភ្នំពេញ ៖ ស្ត្រីម្នាក់ បានស្រែកទ្រហោយំប្រាប់គេឯងថា មានជនបរទេសម្នាក់ ខឹងនឹងកូនស្រីរបស់គាត់លេងសត្វឆ្កែរបស់គេ ក៏ស្រាប់តែស្ទុះទៅចាប់កូនស្រីរបស់គាត់បម្រុងបោះចូលទឹកទន្លេ លុះគាត់ចាប់ដៃកូនស្រីទាន់ សួរនាំ ក៏ផ្ទុះជំលោះ វាយតប់គាត់ជាម្តាយថែមទៀត រួចក៏គេចខ្លួនបាត់ ជាហេតុធ្វើឱ្យគាត់កើតទុក្ខមិនសុខចិត្ត ក៏រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចមាត់ច្រាំងទន្លេ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។
ស្ត្រីរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគមានវ័យប្រមាណជាង៤០ឆ្នាំ ចំណែកកូនស្រី ដែលត្រូវជនបរទេសចាប់បោះចូលទឹកទន្លេ មានអាយុ៧ឆ្នាំ។
តាមប្រភពពីសាក្សី នៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីខាងលើ មិនដឹងជាធ្វើដំណើរពីណាទៅណា បាននាំកូនស្រីអាយុ៧ឆ្នាំ ទៅអង្គុយលេងនៅមាត់ទន្លេ ចំណុចកើតហេតុខាងលើ ហើយក៏បានទិញស្រាបៀរផឹកអស់១កំប៉ុង។ លុះបន្តិចក្រោយមក ក៏លេចមុខជនបរទេសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដឹកសត្វឆ្កែ១ក្បាលមកជាមួយ រួចក៏សុំអង្គុយក្បែរស្ត្រីរងគ្រោះដែរ។ ភ្លាមៗនោះ កូនស្រីរបស់ស្ត្រីរងគ្រោះ បានឃើញសត្វឆ្កែស្អាត ក៏ទៅស្ទាបអង្អែលលេង ស្រាប់តែរំពេចនោះ ជនបរទេសស្រាប់តែផ្ទុះកំហឹង ក៏ស្ទុះទៅចាប់កូនស្រីស្ត្រីរងគ្រោះបំរុងបោះចូលច្រាំងទន្លេ តែត្រូវម្តាយចាប់ដៃទាន់ រួចក៏កើតជាការឈ្លោះប្រកែក ហើយជនបរទេសរូបនោះ ក៏បានវាយស្ត្រីជាម្តាយក្មេងស្រីនោះទៀត ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញមាត់ទន្លេតែម្តង។ លុះក្រោយមក ជនបរទេសរូបនេះ ឃើញសភាពមិនស្រួល ក៏ដឹកឆ្កែ ដើរ ចេញទៅវិញបាត់ ដោយមិនមានអ្នកណាម្នាក់ហ៊ានឃាត់នោះទេ។
តាមសម្តីស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា គាត់ទើបនឹងធ្វើដំណើរមកពីខេត្តកំពង់ចាម បំណងនាំកូនស្រីមកដើរលេង ដោយមកសម្រាកនៅភ្នំពេញ២ថ្ងៃមកហើយ និងមានគំរោងឡើងទៅលេងឯខេត្តព្រះសីហនុទៀត ប៉ុន្តែឃើញឧតុនិយមផ្សាយថាមានភ្លៀងធ្លាក់ខ្លាំងនៅកំពង់សោមទើបមិនទាន់ទៅ ក៏ស្នាក់នៅភ្នំពេញបន្តសិន៕