Tuesday, January 21, 2025
Homeសង្គម និងជីវិតផឹកស្រាសកំដរបុណ្យសព ពុលស្លាប់២នាក់

ផឹកស្រាសកំដរបុណ្យសព ពុលស្លាប់២នាក់

ខេត្តក្រចេះ ៖ ហេតុការណ៍ពុលដ៏កក្រើកមួយ បានកើតឡើងជាថ្មីម្តងទៀតនៅលើទឹកដីក្រចេះ ដោយក្នុងនោះ មានស្ត្រី២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នកភូមិប្រមាណជាង៤០នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យបង្អែក បន្ទាប់ពីពួកគាត់បាន ទៅចូលរួមកំដរបុណ្យសពអ្នកភូមិម្នាក់ និងបានជួបជុំគ្នាទទួលទានស្រាស ដែលម្ចាស់កម្មវិធីដាក់សម្រាប់ទទួលភ្ញៀវ។

ករណីសង្ស័យថាពុលស្រាសខាងលើនេះ បានបង្កឱ្យមានការភ្ញាក់កាលពីវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិស្នួលវត្តកើត ឃុំស្នួល ស្រុកស្នួល។
ស្ត្រីរងគ្រាះទាំង២នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍សង្ស័យថាពុលស្រាសខាងលើនេះ រួមមាន ទី១-ឈ្មោះព្រិច ណាត អាយុ៣៦ឆ្នាំ មុខរបរកសិករ (ស្លាប់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨) និងទី២-ឈ្មោះឡៃ អាយុ៣៥ឆ្នាំ មុខរបរកសិករ (ស្លាប់នៅមន្ទីពេទ្យ បង្អែកខេត្តក្រចេះ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨)។ ស្ត្រីរងគ្រាះទាំង២នាក់ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

លោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ឱ្យដឹងកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ ថា ពិតជាមានករណីពុល កើតឡើងនៅក្នុងភូមិស្នួលវត្តកើតប្រាកដមែន ដោយក្នុងនោះមានជនរងគ្រោះសរុបចំនួន៤៣នាក់ (ប្រុស៣៣ ស្រី១០)  ហើយស្ត្រី២នាក់បានស្លាប់។ អ្នកភូមិរងគ្រោះទាំង៤១នាក់ផ្សេងទៀត ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្តែពួកគេមិនមានអាការៈធ្ងន់ធ្ងរនោះទេ ដោយកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ។

តាមប្រភពពីអ្នកភូមិរងគ្រោះ បានរៀរាប់ប្រាប់ថា នៅមុនពេលកើតហេតុការណ៍ អ្នកភូមិបាននាំគ្នាទៅចូលរួមក្នុងពិធីបុណ្យសពនៅក្នុងភូមិ ហើយក្រោយមក ម្ចាស់កម្មវិធីបានដាក់ស្រាសមកទទួលភ្ញៀវ លុះក្រោយពីអ្នកភូមិជុំគ្នាផឹកស្រាសនោះរួចហើយ ក៏ចាប់ផ្តើមកើតមានអាការៈ ថប់ដង្ហើម ស្រវាំងភ្នែក ស្ងួតបំពង់ក ក្អួតរាក និងហេវហត់អស់កម្លាំងខ្លាំង ទើបធ្វើឱ្យកើតមានការសង្ស័យថាបានពុលស្រាស ដែលពួកគាត់ ហូបកំដរក្នុងពិធីបុណ្យសពអ្នកភូមិនោះតែម្តង៕

RELATED ARTICLES