ភ្នំពេញ ៖ គូស្នេហ៍វ័យក្មេងមួយគូ បានរួមរស់នឹងគ្នាអស់រយៈពេល២ឆ្នាំ និងធ្លាប់មានផ្ទៃពោះ២លើក តែត្រូវខាងប្រុសបង្ខំឱ្យយកចេញ ម្តងរួចមកហើយ លុះមានផ្ទៃពោះលើកទី២ (១ខែ) ខាងស្រីក៏សុំទុក តែខាងប្រុសមិនព្រម និងថែមទាំងមានបំណងចង់ដោះដៃ មិនទទួលខុសត្រូវទៀត ទើបធ្វើឱ្យផ្ទុះជាជម្លោះ ឈានដល់អំពើហិង្សា ដោយខាងប្រុសរួមដៃជាមួយប្អូនស្រីបង្កើត ព្រួតវ៉ៃស្រីស្នេហ៍របស់ខ្លួនដែលកំពុងមានផ្ទៃពោះ បណ្តាលឱ្យរងរបួសយ៉ាងដំណំ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននាំយកទៅសាកសួរ និងចាត់ការតាមច្បាប់។

ករណីអំពើហិង្សា ប្រុសស្នេហ៍ព្រួតដៃជាមួយប្អូនស្រីបង្កើត វាយដំស្រីស្នេហ៍ដែលកំពុងមានផ្ទៃពោះយ៉ាងដំណំនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨នឹង៥០នាទីយប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជាប់របងវិទ្យាល័យព្រះយុគន្ធរ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន។

នារីរងគ្រោះដែលត្រូវប្រុសស្នេហ៍វាយដំយ៉ាងចាស់ដៃ មានឈ្មោះតាំ អាយុ២១ឆ្នាំ មុខរបរសិស្ស។ ចំណែកបុរសជាគូស្នេហ៍ ដែលជាភាគីបង្ក មានឈ្មោះស៊ឺ សំណាង អាយុប្រមាណ២៧ឆ្នាំ បម្រើការនៅផ្សារអ៊ីអន។

នៅក្នុងហេតុការណ៍ហិង្សាខាងលើនេះ គេឃើញវត្តមានសមត្ថកិច្ច រួមនឹងប្រជាពលរដ្ឋបានសហការគ្នាជួយឃាត់រថយន្តភាគីបង្កទុក បានចំនួន២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាកតូយ៉ូតាព្រូស ពណ៌ស និងមួយគ្រឿងទៀត ម៉ាកម៉រនីង ពណ៌ស។ ដោយឡែក ភាគីបុរសជាប្រុសស្នេហ៍ និងជាជនបង្ក ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងកេងកងទី២។

ជុំវិញករណីខាងលើនេះ យើងរង់ចាំការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕
 
 

