Saturday, November 1, 2025
Homeព័ត៌មានជាតិ"យមរាជ លោកីយ៌" សមត្ថកិច្ចឃាត់ខ្លួន រឿងឡាយវីដេអូចោទប្រកាន់ ប៉ះពាល់កិត្តិយសកងកម្លាំងកងរាជអាវុធហត្ថ

“យមរាជ លោកីយ៌” សមត្ថកិច្ចឃាត់ខ្លួន រឿងឡាយវីដេអូចោទប្រកាន់ ប៉ះពាល់កិត្តិយសកងកម្លាំងកងរាជអាវុធហត្ថ

ខេត្តកំពង់ធំ៖ បុរសម្នាក់ដែលមានឈ្មោះក្នុង Account Facebook “យមរាជ លោកីយ៌” ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ ឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ក្រោយពីបុរសម្នាក់នេះធ្វើការឡាយវីដេអូរិះគន់ចោទប្រកាន់រឿងមិនពិត ប៉ះពាល់ដល់កិត្តិយសកងកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ។

កងរាជអាវុធហត្ថរាជធានីលើផ្ទៃប្រទេ បានចេញសេចក្តីប្រកាសព័ត៌មានថា “ក្នុងអំឡុងរយៈពេលប៉ុន្មានថ្ងៃនេះ មានគណនីមួយ ឈ្មោះ “យមរាជ លោកកីយ៍” ដែលមានឈ្មោះ សន សំនៀង អតីតជានាយទាហានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌកងរាជអាវុធហត្ថ ដោយក្រុមប្រឹក្សាវិន័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស តាំងពីឆ្នាំ២០១៧ បាននិយាយព័ត៌មានមិនពិត ធ្វើឲ្យប៉ះពាល់ដល់កងរាជអាវុធហត្ថ។ ការលុបឈ្មោះនេះ ដោយសារបុគ្គលឈ្មោះ​ សន សំនៀង បានប្រព្រឹត្តខុសឆ្គងជាបន្តបន្ទាប់ ម្តងហើយម្តងទៀតដូចជា បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមនុស្សស្លាប់នៅនឹងកន្លែង, បាញ់បោះសេរី, និងបានប្រើហិង្សាលើបងថ្លៃស្រីម្នាក់ បណ្តាលឲ្យសន្លប់។

ក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា “យើងខ្ញុំសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន បានជ្រាបថា ការនិយាយរបស់ឈ្មោះ សន សំនៀង នេះពុំមានការពិតទេ។ ចំពោះបុគ្គល និងអ្នកសារព័ត៌មាន ដែលបានយក​ពាក្យសម្តី ឬវីដេអូរបស់ឈ្មោះ សន សំនៀង ទៅផ្សព្វផ្សាយតាមប្រព័ន្ធផ្សេងៗ ឬតាមបណ្តាញសង្គម សុំជួយកែតម្រូវឡើងវិញ ស្របតាមច្បាប់ជាធរមាន”។

ដោយឡែក នៅព្រឹកនេះ  ឯកឧត្តមអេង ហុី ក៏បានបង្ហោះសារលើហ្វេសប៊ុកដែរថា “ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ កក្កដា ឆ្នាំ២០១៨ ក្រោយពីមានការប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានសាធារណមតិជាច្រើនលើកឡើង អំពីការផ្សាយឡាយរបស់គណនីឈ្មោះ “យមរាជ លោកីយ៌” ដោយឈ្មោះ សន សំនៀង កន្លងទៅ។
ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអនុញ្ញាតជម្រាបជូនសាធារណជនបានជ្រាបថា បុគ្គលឈ្មោះ សន សំនៀង នេះ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ដោយកងរាជអាវុធហត្ថខេត្តកំពង់ធំ មានការដឹកនាំនិងសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។ ខណៈនេះ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តកំពង់ធំ កំពុងធ្វើការស្តាប់ចម្លើយនិងបន្តនីតិវិធី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន”៕

RELATED ARTICLES