Sunday, November 2, 2025
Homeព័ត៌មានជាតិថ្ងៃឡើងផ្ទះ ម្តាយកាន់ចំខ្សែភ្លើងឆក់ស្លាប់ កូនរុះរោងធ្វើបុណ្យសព

ថ្ងៃឡើងផ្ទះ ម្តាយកាន់ចំខ្សែភ្លើងឆក់ស្លាប់ កូនរុះរោងធ្វើបុណ្យសព

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រីម្នាក់បានមកជួយរៀបចំបោសសំអាតផ្ទះរបស់កូន ដែលកំពុងរៀបចំពិធីឡើងផ្ទះ ស្រាប់តែអកុសល កាន់ប៉ះមុខតំណខ្សែភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម តម្រូវឱ្យកូនសម្រេចចិត្តរុះរោងឡើងផ្ទះ សង់រោងបុណ្យសពម្តាយវិញ បង្កឱ្យមានការភ្ញាក់ផ្អើលលើង កាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចភូមិអូរវែង ឃុំតាបែន ស្រុកស្វាយចេក។

ស្ត្រីរងគ្រោះដែលត្រូវខ្សែភ្លើងឆក់ស្លាប់ថ្ងៃឡើងផ្ទះកូន មានឈ្មោះគង់ ណាគ្រី អាយុ៥១ឆ្នាំ មានលំនៅភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ កូនរបស់ស្ត្រីរងគ្រោះត្រូវរៀបចំពិធីឡើងគេហដ្ឋានថ្មី ហេតុនេះទើបស្ត្រីរងគ្រោះបានក្រោកតាំងពីព្រលឹម ដើម្បីរៀបចំផ្ទះ និងបោសសំរាមក្នុងរោងពិធីសម្រាប់ទទួលភ្ញៀវ។ លុះពេលកំពុងតែបោសសំរាមនោះ ស្ត្រីរងគ្រោះបានប្រទះឃើញព្រីខ្សែភ្លើងដែលបែក និងត្រូវបានគេរុំស្រោបដោយថង់ ទើបគាត់ខ្លាចមានគ្រោះថ្នាក់ ក៏ដើរទៅយកស្បៃសម្រាប់ហាលស្រូវ ដើម្បីយកមកគ្របពីលើ គាប់ជួនស្បៃនោះត្រូវទឹកភ្លៀង ក៏បណ្តាលឱ្យឆ្លងចរន្តឆក់ស្ត្រីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ភ្លាមៗ សាច់ញាតិបានប្រញាប់ដឹកបញ្ជូនស្ត្រីរងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត តែអកុសលស្ត្រីរង គ្រោះ បានដាច់ខ្យល់ស្លាប់ទៅក្នុងមន្ទីរពេទ្យតែម្តង។ បន្ទាប់មកក្រុមគ្រួសារ បានដឹកសាកសពស្ត្រីរងគ្រោះត្រឡប់មកផ្ទះវិញ រួចសម្រេចរុះរោង ឡើងផ្ទះ និងសង់ជំនួសដោយរោងបុណ្យសពមកវិញ ព្រមទាំងបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យផងដែរ។

ក្រោយសមត្ថកិច្ចធ្វើកោសល្យវិច័យរួចរាល់ ក៏បានប្រគល់សាកសពស្ត្រីរងគ្រោះ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមានក្រុមការងារ ខ២៧ខេត្ត ចុះជួយឃុំ និងភូមិអូរវែង បាននាំយកថវិកា និងសម្ភារជួយឧបត្ថម្ភ ក្នុងកម្មវិធីបុណ្យនោះផងដែរ៕

RELATED ARTICLES