ភ្នំពេញ ៖ បុរសជាប្តីម្នាក់ ព្រោះតែគ្មានការងារធ្វើ ទើបត្រូវប្រពន្ធឱ្យនៅចាំផ្ទះមើលថែកូនតូច៣នាក់ ចំណែកប្រពន្ធរែកនំបញ្ចុកដើរលក់ ដើម្បីរកប្រាក់កម្រៃផ្គត់ផ្គង់គ្រួសារ ស្រាប់តែប្តីបែរជាធុញទ្រាន់ថា មួយថ្ងៃៗនៅតែផ្ទះមើលកូន រកពេលដើរហើរទៅណាមិនបាន ក៏មួម៉ៅក្តៅចិត្ត រករឿងប្រពន្ធ រហូតផ្ទុះជាអំពើហិង្សា ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏ដឹកដៃប្តីចូលប៉ុស្តិ៍ប៉ូលិស ដើម្បីឱ្យសមត្ថកច្ចិជួយអន្តរាគមន៍។
ហេតុការណ៍ជំលោះក្នុងគ្រួសារឈានដល់អំពើហិង្សាខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចប៉ុសិ៍នគរបាលកាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ភាគីបុរសជាប្តី មានឈ្មោះតិល សេន អាយុ៣៣ឆ្នាំ មុខរបរគ្មាន (នៅផ្ទះមើលកូន)។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះអ៊ឹម នី អាយុ៣៥ឆ្នាំ មុខរបរលក់នំបញ្ចុក។ គ្រួសារនេះមានកូនប្រុសតូចៗចំនួន៣នាក់ក្នុងបន្ទុក សព្វថ្ងៃស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីស្ត្រីជាប្រពន្ធ បានរៀបរាប់ប្រាប់ថា នាងជាស្ត្រីមេម៉ាយ មានកូនស្រី២នាក់ លុះក្រោយពីលែងលះជាមួយប្តីទី១ ក៏បានជួបគ្នា ជាមួយប្តីសព្វថ្ងៃ (តិល សេន) ហើយក៏ចាប់ដៃគ្នាសាងគ្រួសារអស់រយៈពេល៥ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសចំនួន៣នាក់ ជាចំណងនិស្ស័យ។ តាំងពីរួមរស់នឹងគ្នាមក ប្តីនាងមិនដែលមានការងារអ្វីធ្វើឡើយ ចំណែកនាងបានចាប់យករបររែកនំបញ្ចុកដើរលក់ គ្រាន់បានប្រាក់កម្រៃ មកដោះស្រាយជីវភាព។
ស្ត្រីជាប្រពន្ធរូបនេះ បន្តថា រាល់ថ្ងៃនាងខំប្រឹងរែកនំបញ្ចុកលក់មិនខ្វល់ពីសុខទុក្ខឈឺជាអ្វីឡើយ ព្រោះក្នុងគ្រួសារទាំងមូល នាងគឺជាបង្គោលបង្អែក ជាមេគ្រួសារ និងពឹងតែលើរបរមួយនេះប៉ុណ្ណោះ ហើយបើនាងមិនប្រឹងរក ច្បាស់ជាដាច់ពោះស្លាប់មិនខាន ព្រោះពឹងលើប្តីអត់ការងារធ្វើ ត្រូវនាងឱ្យនៅចាំផ្ទះ និងមើលថែកូនតូចៗទាំងបីនាក់។
ស្ត្រីជាប្រពន្ធ បានឱ្យដឹងទៀតថា លុះក្រោយពីនៅផ្ទះមើលថែកូនយូរៗទៅ ស្រាប់តែប្តីជើងល្អ កើតមានអារម្មណ៍ធុញទ្រាន់រអ៊ូរទាំប្រាប់ នាងជាប្រពន្ធថា មួយថ្ងៃៗនៅតែផ្ទះមើលកូន រកចេញទៅណាមួយជំហានក៏មិនរួច ហាក់ដូចជាមនុស្សត្រូវបានគេបង្ខំទុកក្នុងគុក គ្មានសិទ្ធិសេរីភាពអ្វីទាំងអស់។ ដោយសារតែស្តាប់លឺប្តីរអ៊ូរទាំបែបនេះ ទើបស្ត្រីជាប្រពន្ធបានស្តីបន្ទោសប្តី២-៣ម៉ាត ស្រាប់តែបីផ្ទុះកំហឹង រករឿងឈ្លោះប្រកែក និងប្រើអំពើហិង្សា រហូតដល់ស្ត្រីរងគ្រោះជាប្រពន្ធទ្រាំមិនបាន ក៏ចាប់អូសដៃប្តីចូលប៉ុស្តិ៍ប៉ូលិស ដើម្បីរកខុសត្រូវតែម្តង។
នៅចំពោះមុខសមត្ថកិច្ច បុរសជាប្តី បានអះអាងថា អ្វីដែលជាការថ្នាំងថ្នាក់របស់គាត់នោះ គឺនៅត្រង់ថា ប្រពន្ធឱ្យគាត់នៅតែផ្ទះមើលកូនដល់ទៅ៣នាក់ រកតែពេលវេលាផ្ទាល់ខ្លួន ចង់ទៅណាមកណាមិនបានសោះ។ ត្បិតថាគាត់គ្មានការងារធ្វើមែន តែគាត់ជាមនុស្សប្រុស មិនអាចឱ្យគាត់នៅតែផ្ទះមើលថែកូនដូចមនុស្សស្រីនោះទេ។ លុះធុញទ្រាន់នឹងរឿងមើលកូនផង ណាមួយកើតមានទំនាស់សម្តីនឹងប្រពន្ធខ្លះផង ទើបជ្រុលដៃប្រើហិង្សាខ្លះទៅ។
លោក ប៉ាល់ យុត្ថា នាយប៉ុស្តិ៍កាកាប១ បានបញ្ជាក់ថា បន្ទាប់ពីទទួលស្តាប់ភាគីទាំងសងខាងរួចហើយ សមត្ថកិច្ចក៏បានធ្វើការអប់រំផ្តោត ធ្ងន់ទៅលើភាគីខាងប្តី ដោយបានធ្វើការអប់រំ ផ្តល់គំនិតល្អៗ ទើបបុរសជាប្តីខាងលើយល់ ហើយសុខចិត្តមានលក្ខខ័ណ្ឌមួយបញ្ឈប់ប្រើអំពើហិង្សា ក្នុងគ្រួសារទៀត ដោយចូលរួមជាមួយការងារប្រពន្ធ ដើម្បីដោះបន្ទុកក្នុងគ្រួសារ រួចអ្នកទាំង២ និងកូន៣នាក់ ក៏នាំគ្នាវិលត្រឡប់ទៅផ្ទះវិញអស់ទៅ៕