ខេត្តកំពង់ចាម ៖ បុរសម្នាក់ត្រូវក្រុមគ្រួសារអះអាងថា តែផឹកស្រាស្រវឹងជាប់ជាប្រចាំ រហូតដល់ភ្លេចបាយភ្លេចទឹក ក្តៅខួរលែងអាចគ្រប់គ្រងសតិស្មារតីខ្លួនឯងបាន ក៏សម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន ចោលប្រពន្ធនិងកូនដល់ទៅ៤នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចលើដើមស្វាយក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះសេង ដេត ហៅម៉ុម អាយុ៤៦ឆ្នាំ មានប្រពន្ធឈ្មោះនៅ ស៊ីថា អាយុ៥៣ឆ្នាំ និងមានកូនក្នុងបន្ទុកចំនួន៤នាក់ (ប្រុស២ ស្រី២) មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ប្តីរបស់គាត់ (ជនរងគ្រោះ) គឺជាមនុស្សប្រមឹក តែងដើរផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ ហើយឱ្យតែបានផឹកស្រា លែងនឹកនាដល់បាយទឹកហើយ ទោះជាប្រពន្ធកូនអង្វរ ឬបង្ខំយ៉ាងណា ក៏មិនខ្ចីហូប ទើបធ្វើឱ្យសុខភាពចេះតែទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ ចំណែកខួរក្បាលវិញ ក៏ក្តៅរហូតលែងសូវចងចាំអ្វី លែងអាចគ្រប់គ្រងខ្លួនឯងបាន ចង់ក្លាយជាមនុស្សសរសៃ ប្រសាទទៅហើយ។
ប្រពន្ធជនរងគ្រោះបន្តថា លុះមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ បន្ទាប់ពីផឹកស្រាស្រវឹងជោកជាំ ប្តីគាត់ក៏បានត្រឡប់មកផ្ទះ រួចចូលទៅរកកន្លែងដេកដូចសព្វដង។ រហូតមកដល់វេលាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅពេលគាត់ភ្ញាក់ពីដំណេក បាត់មិនឃើញប្តីនៅផ្ទះ តែគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ ស្មានថាប្តីក្រោកដើរចេញទៅរកស្រាផឹកបាត់ទៅហើយ។ លុះគាត់ចេញទៅក្រៅផ្ទះ ស្រាប់តែប្រទះឃើញប្តី បានចងកនៅលើដើមស្វាយស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោ ហៅអ្នកជិតខាងឱ្យជួយ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍ តែម្តង៕