ខេត្តបាត់ដំបង ៖ បុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ដែលផ្ទុះភ្លើងប្រចណ្ឌ ទាញកាំបិតកាប់ប្រពន្ធប៊ិះស្លាប់ នៅក្នុងបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចបរិវេណវត្តបួនជួរ ស្ថិតក្នុងភូមិ៤ជួរ ឃុំស្នឹង ស្រុកបាណន់ ខណៈជនដៃដល់រូបនេះបានទៅសំងំលាក់ខ្លួន និងកោរសក់រួចជាស្រេចបម្រុងបួសជាសង្ឃ ដើម្បីផ្លាស់ប្តូរសាវតា គេចពីការតាមប្រមាញ់របស់សមត្ថកិច្ច។
ជនដៃដល់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនខាងលើ មានឈ្មោះហ៊ន រិទ្ធី អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានស្រុកកំណើតនៅភូមិព្រៃបឹង ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះត្រេន ពៅ អាយុ៣៣ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ទទួលរងរបួសក្បាល និងកញ្ចឹងកស្ទើរដាច់។
សមត្ថកិច្ចខេត្តបាត់ដំបង បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបជនដៃដល់កាប់ប្រពន្ធយ៉ាងឃោរឃៅខាងលើនេះ ធ្វើឡើងដោយមានការចូលរួមសហការពីកម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ និងកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ។
សមត្ថកិច្ចខេត្តបាត់ដំបង បានបង្ហើបឱ្យដឹងថា តាមការសាកសួរជនសង្ស័យជាជំហានដំបូង មូលហេតុដែលឈានដល់ការកាប់ប្រហារប្រពន្ធយ៉ាងព្រៃផ្សៃនេះ គឺផ្តើមចេញពីភ្លើងប្រចណ្ឌ និងចោទថាប្រពន្ធផិតក្បត់ទៅមានប្រុសថ្មី។ ក្រោយធ្វើកាប់ប្រហារប្រពន្ធរួច ជនសង្ស័យបានព្យាយាមរត់គេច មកសម្ងំលាក់ខ្លួនក្នុងខេត្តបាត់ដំបង ពោលគឺបានមកសម្ងំស្នាក់នៅក្នុងវត្តបួនជួរ អស់រយៈពេល១១ថ្ងៃ ក៏ត្រូវកម្លាំងសមត្ថកិច្ច ជំនាញស្រាវជ្រាវតាមចាប់ក្របួចបានតែម្តង ខណៈដែលជនសង្ស័យមានបងប្អូនបួសជាសង្ឃនៅក្នុងវត្តបួនជួរ ទើបបែកគំនិតកោរសក់ ប្រុងបួសធ្វើជាសង្ឃ ដើម្បីផ្លាស់ប្តូរសាវតា គេចពីការតាមប្រមាញ់របស់សមត្ថកិច្ច។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបង ប្រគល់ឱ្យសមត្ថកិច្ចជំនាញបញ្ជូនខ្លួនមកកាន់រាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត តាមនីតិវិធី។
គួររំលឹកថា កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីហិង្សាក្នុងគ្រួសារដ៏ឃោរឃៅមួយ បានកើតឡើងនៅចំណុចបន្ទប់ជួល ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជាប្តីចិត្តកំណាចឃោរឃៅម្នាក់ ព្រោះតែផ្ទុះភ្លើងប្រចណ្ឌ ក៏ស្រាប់តែទាញកាំបិតផ្គាក់កាប់ប្រហារប្រពន្ធជាច្រើនកាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ ប៊ិះដាច់កស្លាប់ រួចក៏បីប្រពន្ធទៅសង្គ្រោះនៅគ្លីនិកឯកជនមួយ តែពេទ្យឃើញសភាពធ្ងន់ពេកបដិសេធមិនហ៊ានទទួលធ្វើឱ្យបុរសជាប្តីភ័យ ក៏ដាក់ប្រពន្ធចោលរួចរត់គេចខ្លួនបាត់ ទុកឱ្យអ្នកជិតខាងបញ្ជូនតាមម៉ូតូរ៉ឺម៉កកង់បី ទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ៕