Sunday, November 2, 2025
Homeព័ត៌មានជាតិមិនមានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ គាត់ចុះចាប់ រហូតស្លាប់ខ្លួនឯង

មិនមានអ្នកណាចាប់អារម្មណ៍ទាល់តែសោះ គាត់ចុះចាប់ រហូតស្លាប់ខ្លួនឯង

ខេត្តកណ្តាល ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស្រាស្រវឹងទោរទន់ ក៏ដើរទៅកាន់ស្រះទឹក ដែលបងស្រីរបស់ខ្លួនកំពុងបូមទឹកចាប់ត្រី លុះទៅដល់ក៏ចុះទឹកចាប់ត្រីតែម្នាក់ឯង ខណៈដែលមិនមានអ្នកចាប់អារម្មណ៍ ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាេណោចអាធ័ម កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចស្រះទឹកមួយកន្លែង ស្ថិតក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

បុរសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះផាង ផយ អាយុ៤៣ឆ្នាំ មុខរបរកសិករ មានលំនៅភូមិព្រែកតាទន់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមកជនរងគ្រោះតែងតែផឹកស្រាស្រវឹងជារៀងរាល់ថ្ងៃ លុះមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ ជនរងគ្រោះបានផឹកស្រាស្រវឹង រួចក៏ដើរទៅកន្លែងបងស្រីខ្លួនឈ្មោះផាង ផុំ បូមស្រះចាប់ត្រីខាងកើតភូមិព្រែកតាបែន ឃុំព្រះប្រសប់។ ក្រោយមក ជនរងគ្រោះបានចុះទៅក្នុងទឹកស្រះ ដើម្បីចាប់ត្រីតែម្នាក់ឯង ហើយក៏បាត់ខ្លួនទៅ ខណៈដែលមិនមានអ្នកណាម្នាក់ចាប់អារម្មណ៍ដែរ។ រហូតមកដល់វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃដដែល ដោយមិនឃើញជនរងគ្រោះ ទើបសាច់ញាតិ រួមនឹងអ្នកភូមិ មានការភ្ញាក់ផ្អើលនាំគ្នាដើរតាមរកដែរ តែមិនឃើញសោះ។

ប្រភពដដែលបន្តថា លុះមកដល់វេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បងរបស់ជនរងគ្រោះឈ្មោះផាង ផុំ បានប្រទះឃើញជនរងគ្រោះដេកស្លាប់នៅក្នុងទឹកស្រះបូមចាប់ត្រីនោះក្បែរច្រាំង ហើយបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់ ដើម្បីឱ្យជួយអន្តរាគមន៍តែម្តង។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចប៉ុស្តិ៍ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ គ្រូពេទ្យ និងក្រុមគ្រួសារសព បានធ្វើការពិនិត្យសាកសពដោយហ្មត់ចត់ ឃើញថា សាកសពមានពោះប៉ោង ទឹកហូរចេញតាមមាត់ និងតាមច្រមុះ ក្រៅពីនេះពុំមានស្នាកស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES