ខេត្តព្រៃវែង ៖ ស្ត្រីម្នាក់ បានតភ្លើងម៉ូទ័រដើម្បីបូមទឹកបាញ់ជ្រូក នៅរោងចិញ្ចឹមជ្រូករបស់ខ្លួនស្ថិតនៅខាងក្រោយផ្ទះ លុះដៃកំពុងសើមជោក យកទៅកាន់ឌុយដោតចូលព្រីភ្លើង បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវែលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិតាមាស ស្រុកកំពង់ត្របែក។
ស្ត្រីរងគ្រោះ ដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះមិន សាខឿន អាយុ៥៦ឆ្នាំ មានប្តីឈ្មោះម៉ៅ សាត អាយុ៥២ឆ្នាំ និងមានកូន៤ (ប្រុស៣ ស្រី១) សព្វថ្ងៃមានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមសម្តីបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ជារៀងរាល់ថ្ងៃប្រពន្ធរបស់គាត់ តែងតភ្លើងម៉ូទ័របូមទឹក ដើម្បីបូមទឹកបាញ់សត្វជ្រូក ដែលគ្រួសាររបស់គាត់ចិញ្ចឹមនៅខាងក្រោយផ្ទះ។ នៅមុនពេលកើតហេតុ ប្រពន្ធរបស់គាត់បានដើរទៅក្រោយផ្ទះ បំណងតភ្លើងបាញ់ទឹក ជ្រូកដូចសព្វដង តែដោយសារប្រពន្ធរបស់គាត់ខ្វះការប្រុងប្រយ័ត្ន យកដៃកាន់ឌុយដោតចូលព្រីភ្លើងទាំងដៃកំពុងសើម ទើបបណ្តាលឱ្យឆ្លងចរន្តឆក់ និងបានស្រែកហៅគាត់ឱ្យជួយបានត្រឹមតែមួយម៉ាត់ ក៏ដួលស្តូកស្តឹងនៅនឹងកន្លែងទៅ។
បុរសជាប្តី បន្តថា ក្រោយពីឃើញប្រពន្ធដួលដេកស្តូកស្តឹង គាត់ក៏ប្រញាប់ស្ទុះទៅបិទបារ៉ែតភ្លើង រួចរត់ទៅលើកប្រពន្ធ បំណងដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះដែរ តែអកុសល ប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកជួយអន្តរាគមន៍តែម្តង៕