ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ បានចុះងូតទឹកសមុទ្រលេង ខណៈដែលមេឃកំពុងងងឹតរកកល់ធ្លាក់ភ្លៀង និងមានខ្យល់បក់បោកខ្លាំង ទើបធ្វើឱ្យមានទឹករលកធំៗ បោកនាំចូលទៅទឹកជ្រៅ ហែលមិនរួច ក៏បណ្តាលឱ្យលង់ទឹកសមុទ្រស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុច ក្រុម១ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ។
សាកសពជនរងគ្រោះខាងលើ មានឈ្មោះ TO AN CHAO ភេទប្រុស ជាជនជាតិចិន ឆ្នាំកំណើត 12/01/1998 មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ ED 4727515 ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨ ផុតសុពលភាពថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៨ ទិដ្ឋាការលេខ EI00980754 ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ផុតសុពលភាព ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ បានចុះទៅងូតទឹកសមុទ្រលេងជាមួយនឹងមិត្តភក្តិប៉ុន្មាននាក់ទៀត ទាំងមេឃកំពុងងងឹតរកកល់ធ្លាក់ភ្លៀង ព្រមទាំងមានខ្យល់បោកបក់ខ្លាំង ធ្វើឱ្យទឹកសមុទ្រមានរលកធំៗទៀតផង។ លុះបន្តិចក្រោយមក ដោយឃើញរលកធំៗពេក ទើបមិត្តភក្តិជនរងគ្រោះ បាននាំគ្នាឡើងលើគោកវិញអស់ នៅសល់តែជនរងគ្រោះម្នាក់ប៉ុណ្ណោះ មិនព្រមឡើង រួចក៏ត្រូវរលកសមុទ្របោកបក់ ចូលទៅកន្លែងទឹកជ្រៅ ធ្វើឱ្យជនរងគ្រោះហែលទឹកមិនរួច ក៏លង់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕