ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកកាំបិតចុងស្រួច ភ្ជង់គំរាមមិត្តភក្តិស្រីរបស់ខ្លួនប្លន់យកម៉ូតូ១គ្រឿង រួចក៏ព្យាយាមរត់គេចខ្លួនអស់រយៈពេល១០ថ្ងៃ ទីបំផុត ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវតាមរកឃើញ និងឃាត់ខ្លួនបាន កាលពីល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្បែរស្រះចិញ្ចឹមត្រី តាមផ្លូវលំ ក្រុមទី៣០ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះស៊ុ ភាន ហៅរ៉ា ហៅញ៉ា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅផ្ទះជួល លេខ២១ ផ្លូវលំ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះចាន់ ពិសី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរជាងអ៊ុតសក់នៅផ្សារតាខ្មៅថ្មី មានលំនៅផ្ទះគ្មានលេខ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែកម៉ូតូដែលជនសង្ស័យប្លន់យកទៅ ម៉ាកហុងដា ស្កុបពី ពណ៌ក្រហម។
តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម បានទទួលពាក្យបណ្តឹងពីនារីងគ្រោះឈ្មោះ ចាន់ ពិសី ដោយប្តឹងឈ្មោះស៊ុន ភាន ដែលត្រូវជាមិត្តភក្តិ ថាបានប្រើកាំបិតចុងស្រួច ភ្ជង់គំរាមប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិរបស់នាង រួចក៏បាន រត់គេចខ្លួនបាត់ស្រមោល។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់នារីរងគ្រោះ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ រហូតមកដល់ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមបានប្រទះឃើញជនសង្ស័យឈ្មោះស៊ុ ភាន ហៅរ៉ា ហៅញ៉ា កំពុងឈរនៅចំណុចផ្លូវលំ ភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក៏បានឃាត់ខ្លួនយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ដើម្បីចាត់ការតាមនីតិវិធីតែម្តង៕