ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់បានចុះចោលផ្ទះ ចោលប្រពន្ធកូន អស់រយៈពេល២ឆ្នាំមកហើយ ទោះជាប្រពន្ធតាមស្វែងរកយ៉ាងណាក៏មិនឃើញសោះ ស្រាប់តែចុងក្រោយផែនដីមូល ក៏ត្រូវស្ត្រីជាប្រពន្ធប្រទះឃើញ ប្តីកំពុងជិះម៉ូតូសណ្តោងរ៉ឺម៉កឆ្លងផ្លូវ ដោយមានដឹកស្ត្រីម្នាក់ព្រមទាំងក្មេងតូចផង ក៏ស្ទុះទៅចាប់ចង្កេះខោជាប់ រួចហៅប្តីឱ្យត្រឡប់មកវិញ តែត្រូវប្តីបដិសេធថា វិលវិញមិនកើតទេអូន ព្រោះបងមានប្រពន្ធនិងកូនទៀតទៅហើយ ចោលមិនបានឡើយ។
ហេតុការណ៍ដ៏ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ នៅចំណុចម្តុំផ្លូវបំបែកអូរពងមាន់ ចំងាយពីទី រួមខេត្តស្ទឹងត្រែងប្រមាណ១៨គីឡូម៉ែត្រ។
បុរសជាប្តីដែលចុះចោលប្រពន្ធកូន២ឆ្នាំ មកសម្ងំមានប្រពន្ធកូន រហូតដល់មានកូនតូចទៀត និងត្រូវប្រពន្ធដើមតាមទាន់កណ្តាលផ្លូវនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណឡើយ គ្រាន់តែពិនិត្យតាមភិនភាគ មានវ័យប្រមាណ៥០ឆ្នាំ ស្លៀកខោជើងខ្លីពណ៌គគីរ អត់ពាក់អាវ។ ចំណែក ស្ត្រីដែលអះអាងថា ជាប្រពន្ធដើម មិនត្រូវបានស្គាល់ពីអត្តសញ្ញាណដូចគ្នា តែតាមភិនភាគ មានវ័យប្រមាណ៥០ឆ្នាំដូចគ្នា ស្លៀកខោជើងវែង ពាក់អាវដៃវែង ពណ៌ទឹកប៊ិក។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសខាងលើ កំពុងជិះម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ដោយមានស្ត្រីម្នាក់ ព្រមទាំងក្មេងតូចនៅក្នុងរ៉ឺម៉កផង បានបើកឆ្លងផ្លូវនៅម្តុំផ្លូវបំបែកអូរពងមាន់ ស្រាប់តែភ្លាមនោះ ក៏ត្រូវស្ត្រីម្នាក់ក្នុងសម្លៀក បំពាក់ពណ៌ទឹកប៊ិក ស្ពាយកាបូប និងបង់កក្រមាផង បានស្ទុះទៅទាញចាប់ចង្កេះខោបុរសរូបនោះជាប់ រួចស្រែកឆោឡោថា “បាត់ពីផ្ទះខ្ញុំដើររក២ឆ្នាំហើយ បែរជាពង្រត់ស្រីនេះមកស្ទឹងត្រែងសោះ តោះឥឡូវទៅផ្ទះវិញ…”។ ចំណែកភាគីបុរសជាប្តី បានឆ្លើយតបវិញភ្លាមថា “អញអត់ទៅទេ គេមានកូនហើយចោលគេមិនបានទេ…”។
ប្រភពដដែលបន្តថា យ៉ាងណាក្តី ស្ត្រីជាប្រពន្ធនៅតែបន្តក្របួចចង្កេះខោប្តីជាប់ រួចអះអាងថា “ខ្ញុំជាប្រពន្ធដើមរបស់គាត់ រស់នៅខេត្តកំពង់ចាម បានដើររកគាត់ជាប្តីអស់រយៈ២ឆ្នាំមកហើយ ក្រោយបាត់ពីផ្ទះ មិនដឹងទៅដល់ទីណា ប៉ុន្តែបែរជាមកប្រទះឃើញដឹកស្រីនៅស្ទឹងត្រែង ធ្វើព្រងើយ ខ្ញុំមិនធ្វើអ្វីគាត់នោះទេ ខ្ញុំត្រូវតែឱ្យគាត់ទៅផ្ទះវិញ…”។ ដោយឡែកបុរសជាប្តី បានឆ្លើយតបយ៉ាងខ្លីថា “អញមិនព្រមទៅវិញទេ ព្រោះប្រពន្ធក្រោយមានកូនទៅហើយ មិនអាចបោះបង់គេបានទេ…”៕