ខេត្តកណ្តាល ៖ បុរស២នាក់ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានជួបជុំគ្នាទិញស្រាថ្នាំមកផឹករហូតដល់ស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានទំនាស់ពាក្យសម្តីនឹងគ្នា រហូតឈានដល់អំពើហិង្សា ដោយបងថ្លៃហូតខ្សែក្រវាត់បម្រុងវ៉ៃ តែត្រូវប្អូនថ្លៃទាញកាំបិតគ្រវាសបណ្តាលឱ្យត្រូវចំដៃបងថ្លៃ រយះហូរឈាមរងរបួសធ្ងន់។
ករណីអំពើហិង្សារវាងបងប្អូនថ្លៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះជនសង្ស័យជាប្អូនថ្លៃ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល។
បុរសរងគ្រោះមានឈ្មោះឈឺន ឆន អាយុ៥៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ (រងរបួសដៃស្តាំ)។ ចំណែកជនសង្ស័យ មានឈ្មោះអឿន ធឿន អាយុ៥៣ឆ្នាំ មុខរបរកសិករ ត្រូវជាប្អូនថ្លៃជនរងគ្រោះ មានទីលំនៅភូមិឃុំកើតហេតុជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាថ្នាំ ជាមួយឈ្មោះម៉ម ធី ផឹករហូតដល់ម៉ោង១១ព្រឹក អស់ស្រាថ្នាំចំនួន១លីត្រ បន្ទាប់មកជនសង្ស័យក៏បានហៅជនរងគ្រោះត្រូវជាបងថ្លៃមកផឹកជាមួយ ដើម្បីពិគ្រោះគ្នាពីរឿងលក់គោ ហើយបានឯកភាពគ្នា លក់គោឱ្យឈ្មោះសុខ ក្នុងតម្លៃ៨០០ដុល្លារ។ បន្ទាប់មកនៅម៉ោង១២ថ្ងៃត្រង់ ជនសង្ស័យនិងជនរងគ្រោះ រួមទាំងអ្នកជិតខាងមានឈ្មោះគ្រូរឿន និងឈ្មោះធី បាននាំគ្នាទិញស្រាបៀរផឹកបន្ត រហូតដល់ម៉ោង៥ល្ងាច អស់ស្រាបៀរចំនួន១កេស ឈ្មោះគ្រូរឿន និងឈ្មោះធី ក៏ត្រឡប់ទៅផ្ទះបាត់ទៅ។
ប្រភពដដែលបន្តថា បន្ទាប់មកជនសង្ស័យ និងជនរងគ្រោះបានឈ្លោះប្រកែកគ្នាពីរឿងផឹកស៊ី ហើយជនរងគ្រោះមានចិត្តប្រកាន់ខឹង ក៏ បានដកខ្សែក្រវាត់បម្រុងវាយទៅលើជនសង្ស័យ ប៉ុន្តែត្រូវប្រពន្ធជនសង្ស័យចាប់ឃាត់ រួចជនសង្ស័យបានចុះមកដី ហើយជនរងគ្រោះបានដេញ តាមរករឿង រហូតធ្វើឱ្យជនសង្ស័យទ្រាំពុំបាន ក៏ស្ទុះទៅយកកាំបិតខ្វែវពីក្រោលគោក្រោមផ្ទះ ហើយក៏ក្រវាសកាំបិតចំដៃជនរងគ្រោះ បណ្តាលឱ្យត្រូវដៃស្តាំមានរបួសចេញឈាម រួចដួលសន្លប់នៅនឹងកន្លែងកើតហេតុតែម្តង៕