ខេត្តរតនគិរី ៖ ឈើប្រណីតរាប់រយដុំ និងប្រភេទចម្រុះគ្នា ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះធ្វើការបង្ក្រាប និងរឹបអូសយកទៅរក្សារទុកនៅផ្នែករដ្ឋបាលព្រៃឈើបរកែវ កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចឃ្លាំងស្តុកទុកឈើប្រណីតដោយខុសច្បាប់មួយកន្លែង ស្ថិតនៅជិតព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ប្រតិបត្តិការឡោមព័ទ្ធ និងឈានទៅឆែកឆេរឃ្លាំងស្តុកឈើដ៏ធំខាងលើនេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ ក្រោមការសម្របសម្រួលនីតិវិធី ដោយស្ថាប័នអយ្យការអមសាលាដំបូងខេត្តរតនគិរី។
តាមប្រភពពីមន្ត្រីដែលចុះបង្ក្រាបដោយផ្ទាល់ បានបង្ហើបប្រាប់ថា បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ ឈើទាំងនោះ ឈ្មួញវៀតណាមបានចូលមកឈរជើងចាំប្រមូលទិញពីអ្នកដឹកតាមម៉ូតូ និងរ៉ឺម៉ក ហើយឈើប្រណិតទាំងនេះមានច្រើនប្រភេទ ដូចជាឈើស្រឡៅ កកោះ សុក្រំ និងមានជាច្រើនមុខទៀត យ៉ាងណា នៅមិនទាន់ដឹងពីចំនួនច្បាស់លាស់នៅឡើយ ដោយសារកម្លាំងសមត្ថកិច្ច កំពុងរកមធ្យោបាយដឹកជញ្ជូន យកមករក្សាទុកដើម្បីរងចាំធ្វើការវាស់វែង។
ក្នុងប្រតិបត្តិការចុះបង្ក្រាបនោះ ត្រូវបានម្ចាស់ទីតាំងឃ្លាំងស្តុកឈើ ដែលមានហ៊ុំព័ទ្ធដោយរបង និងមានដាំម្រេចនៅតាមរបង និងក្នុង ដីឡូតិ៍ផងនោះ បានអះអាងថា ឈ្មួញវៀតណាម បានមកសុំដីរបស់គាត់ស្តុកទុកឈើនេះ នៅពេលប្រមូលទិញបានច្រើនហើយ នឹងដឹកឈើនេះបន្តចេញទៅប្រទេសវៀតណាមតាមច្រកអន្តរជាតិអូយ៉ាដាវ ចំណែកគាត់គ្រាន់តែទទួលបាន ប្រាក់បន្តិចបន្តួចសម្រាប់ចិញ្ចឹមជីវភាពពីការឱ្យទីតាំងដី ស្តុកឈើ ដល់ឈ្មួញវៀតណាមនេះ និងមិននឹកស្មានថាត្រូវសមត្ថកិច្ចចុះមកបង្ក្រាបយ៉ាងដូច្នេះដែរ។
លោកជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានបញ្ជាក់ថា លោកបានបញ្ជាឱ្យសមត្ថកិច្ចចម្រុះចុះឆែកឆេរ និងរឹបអូសឈើទាំងនោះមែន ព្រោះវាជាបទល្មើស ក្រោយពីទទួលដំណឹងការរាយការណ៍ពីមន្ត្រីជំនាញប្រចាំតំបន់។ លោកបន្តទៀតថា ម្ចាស់ផ្ទះដែលអនុញ្ញាត ឱ្យមានការដឹកឈើចូលយកទៅស្តុបទុកខុសច្បាប់នោះ លោកនឹងពិភាក្សាគ្នាជាមួយកម្លាំងរដ្ឋបាលព្រៃឈើខេត្ត ថាតើត្រូវមានវិធានការបែបណា៕