ភ្នំពេញ ៖ ជារឿងដ៏ភ្ញាក់ផ្អើលបំផុត និងមិនធ្លាប់មានពីមុនមក ដោយបុរសថ្លើមពាសមេឃម្នាក់ ទំនងជាធ្វើការងារធំ អាងខ្សែអាងខ្នងខ្ពស់ មិនខ្លាចញញើតច្បាប់ បានបើករថយន្តស៊េរីទំនើបទាំងស្រវឹងធ្លាក់ភ្នែក បុកបង្គោលភ្លើងរដ្ឋបាក់ បង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈ ត្រូវ សមត្ថកិច្ចចុះស្ទូចរថយន្តយកទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ស្រាប់តែបុរសទំនើង បែរជាហៅបក្ខពួក មកបើករថយន្តដេញ តាមរថយន្តស្ទូច រួចកាក់ពីមុខដកកាំភ្លើងភ្ជង់គំរាមឱ្យដឹករថយន្តរបស់ខ្លួន ទៅលាក់ទុកនៅក្នុងផ្ទះវិញ ធ្វើឱ្យផ្អើលកក្រើកពេញរាជធានីភ្នំពេញ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចុះឡោមព័ទ្ធចាប់ក្របួចជាប់ទាំងជនបង្ក និងបក្ខពួក ព្រមទាំងនាំយករថយន្តបង្កទៅរក្សាទុកវិញ ដើម្បីចាត់ការតាមច្បាប់។
យោងតាមសេចក្តីរាយការណ៍ជាជំហានដំបូង បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមានទី១-ឈ្មោះទ្រី ដារិន ហៅហ៊ាពៅ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ អ្នកលក់សាច់ជ្រូក ដែលត្រូវបានគេស្គាល់ថាជាកូនថៅកែកុងស៊ីកាប់ជ្រូកនៅគីឡូម៉ែត្រលេខ៦ ស្នាក់នៅភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ជាជនដៃដល់ និងជាអ្នកបើកបររថយន្តស៊េរីទំនើប Lexus 570 SPORT PLUS ពាក់ស្លាកលេខរដ្ឋ ០៧-២-៨៩៨៩។ ទី២-ឈ្មោះស៊្រុន ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ (ជាអ្នកបើករថយន្តកូរ៉ូឡា ដេញតាមរថយន្តស្ទូច)។ និងទី៣-ឈ្មោះអ៊ុល ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កម្មករសំណង់។ យ៉ាងណាក្តី អត្តសញ្ញាណ និងតួនាទីរបស់ជនបង្ក ខាងលើនេះ មិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ជាផ្លូវការនៅឡើយ។
គួរបញ្ជាក់ថា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំណុចមុខវិទ្យាល័យឫស្សីកែវ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ដោយជនបង្ក ឈ្មោះទ្រី ដារិន ហៅហ៊ាពៅ បានបើករថយន្តស៊េរីទំនើប Lexus 570 SPORT PLUS ពាក់ស្លាកលេខ រដ្ឋ ០៧-២-៨៩៨៩ ទៅបុកសួន និង បង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឱ្យរងការខូចខាតទាំងរថយន្តបង្ក និងបាក់បង្គោលភ្លើងអស់១ដើម ព្រមទាំងបណ្តាលឱ្យខូចខាតសួនច្បារទៀតផង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបង្កខាងលើបានបើករថយន្តទំនើប ម៉ាក Lexus 570 តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតឡើងខឿន សួនច្បារ រួចជ្រុលទៅបុកចំបង្គោលភ្លើងមួយដើម បណ្តាលឱ្យបាក់ រីឯរថយន្តវិញរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ប៉ុន្តែភ្លាមៗនោះ ជនបង្កហេតុខាងលើ បានអះអាងថា រថយន្តរបស់ខ្លួនមិនបានបើកបុកបង្គោលភ្លើងនោះទេ តែមានរថយន្តក្រុង ១គ្រឿង បើកមកបុកបង្គោលភ្លើងខាងលើ និងធ្វើឱ្យបង្គោលភ្លើងនោះ បានរលំមកប៉ះរថយន្តរបស់ខ្លួនបណ្តាលឱ្យរងការខូចខាត ផ្នែកខាងមុខ ចំហៀងខាងឆ្វេងយ៉ាងដំណំ។
ក្រោយកើតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញបានចុះមកជួយអន្តរាគមន៍ដល់ទីតាំងកើតហេតុភ្លាមៗដែរ ហើយទោះជាជនបង្កជាអ្នកបើករថយន្តទំនើបខាងលើ អះអាងយ៉ាងណាក្តី ក៏សមត្ថកិច្ចនៅតែបានធ្វើការតាមជំនាញរបស់ខ្លួន ដោយពិនិត្យស្លាកស្នាម និងធ្វើការវាស់វែងនៅកន្លែងកើតហេតុ បន្ទាប់មកក៏សម្រេចហៅរថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមនីតិវិធី។
ប៉ុន្តែអ្វីដែលគួរឱ្យហួសចិត្តបំផុតនោះ ជនបង្កឈ្មោះទ្រី ដារិន ហៅហ៊ាពៅ ដែលជាម្ចាស់រថយន្តបង្ក បែរជាទូរស័ព្ទហៅបក្ខពួករបស់ខ្លួនម្នាក់ទៀត បានបើករថយន្តមួយគ្រឿងទៀត ម៉ាកកូរ៉ូឡា ពណ៌ស្លែ ពាក់ស្លាកលេខ កណ្តាល 2A-1246 បើកប្រដេញតាមរថយន្តស្ទួចរបស់នគរបាលចរាចរណ៍ផ្លូវគោក ដែលដឹករថយន្តរបស់ខ្លួន រួចបានកាក់ពីមុខ ហើយចុះដកកាំភ្លើងទៅភ្ជង់អ្នកបើករថយន្តស្ទូច ឱ្យដឹករថយន្តរបស់ខ្លួន យកទៅទុកនៅក្នុងផ្ទះ ដែលស្ថិតនៅផ្ទះលេខ R0204 ស្ថិតក្នុងក្រុម១ ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ទៅវិញ។
ក្រោយពីកើតមានករណីដ៏ព្រហើនខាងលើនេះ រួចមក លោកឃួន ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចេញបញ្ជាឱ្យនគរបាលចរាចរណ៍ ក្រោមការសម្របសម្រួលរបស់ ព្រះរាជអាជ្ញា ចុះទៅយករថយន្តដែលបង្ក និងបំផ្លាញទ្រព្យសម្បត្តិមួយគ្រឿងនេះ ព្រមទាំងចាប់វាយខ្នោះអ្នកបើករថយន្តស៊េរីទំនើប និងបក្ខពួក ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ដែលត្រូវចោទប្រកាន់ពីបទប្លន់យកវត្ថុតាង របស់សមត្ថកិច្ច។
បន្ទាប់មក នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយសមត្ថកិច្ចខណ្ឌឫស្សីកែវ ក្រោមការដឹកនាំសម្របសម្រួលរបស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅដល់ទីតាំងដែលជននេះ ភ្ជង់អ្នកបើក រថយន្តស្ទូចយករថយន្តបង្កទៅទុកនៅផ្ទះរបស់ខ្លួនត្រឡប់មកវិញ និងបញ្ជូនជននេះដោយវាយខ្នោះដៃ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ ចាត់វិធានការតាមផ្លូវច្បាប់។
នៅក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានដកហូត រថយន្ត Lexus 570 ដែលបង្កគ្រោះថ្នាក់ចរាចរណ៍បំផ្លាញ ទ្រព្យសម្បត្តិរបស់រដ្ឋ ព្រមទាំងដកហូតកាំភ្លើងខ្លី១ដើម ជាមួយគ្រាប់កាំភ្លើង ដែលជារបស់ជនបង្ក ព្រមទាំងឃាត់ខ្លួនបក្ខពួក២នាក់ទៀតរបស់ជននេះ ម្នាក់ជាអ្នកបើក រថយន្តកូរ៉ូឡា ដែលទៅពាំងរថយន្តស្ទួច និងម្នាក់ទៀតជាអ្នកមើលការខុសត្រូវរថយន្តនៅក្នុងផ្ទះ នាំយកទៅសាកសួរផងដែរ។
គិតត្រឹមរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ ជនបង្កជាអ្នកបើករថយន្ត Lexus 570 និងបក្ខពួក២នាក់ ត្រូវសមត្ថកិច្ច បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ។ ចំណែករថយន្តបង្កត្រូវបានស្ទូចយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ៕