Wednesday, August 27, 2025
Homeសង្គម និងជីវិតជិះម៉ូតូអស់សាំង សុំជឿអត់បាន ទាញកាំបិតដេញកាប់

ជិះម៉ូតូអស់សាំង សុំជឿអត់បាន ទាញកាំបិតដេញកាប់

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូកញ្ចាស់១គ្រឿង មកឈប់នៅកន្លែងលក់សាំងដបតាមផ្លូវមួយកន្លែង រួចក៏សុំអ្នកលក់ ជឿសាំង១លីត្រសិន តែអ្នកលក់ប្រកែកមិនព្រមឱ្យជឿ ទើបបុរសរូបនោះ ក៏ជិះម៉ូតូចេញទៅវិញបាត់ លុះមួយសន្ទុះក្រោយមក ក៏ត្រឡប់មកវិញម្តងទៀត ដោយកាន់កាំបិតប៉័ងតោ មកដេញកាប់អ្នកលក់សាំងទាំងកំរោល តែសំណាងល្អត្រូវប្រជាពលរដ្ឋជួយឃាត់ទាន់ពេល។

ហេតុការណ៍ខាងលើ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចទល់មុខសាលាបឋមសិក្សាស្ទឹងមានជ័យ តាមបណ្តោយផ្លូវព្រះមុនីរ៉េត លេខ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ។

ជនសង្ស័យដែលជឿសាំងគេមិនបាន បែរជាទាញកាំបិតដេញកាប់អ្នកលក់ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មិនត្រូវបានឱ្យស្គាល់អត្តសញ្ញាណនៅឡើយ។

តាមសម្តីជនរងគ្រោះជាអ្នកលក់សាំងដប សុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា នៅមុនកើតហេតុ រូបគាត់អង្គុយលក់សាំងដបនៅមុខសាលាបឋមសិក្សាស្ទឹងមានជ័យ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏លេចមុខជនសង្ស័យខាងលើ ជិះម៉ូតូម៉ាកសង់កូរ៉េកញ្ចាស់១គ្រឿង មកដល់ ឈប់សុំជឿសាំងរបស់គាត់ តែមិនដឹងថាយកទៅធ្វើអ្វីនោះទេ។ ចំណែកគាត់ ដោយមិនដែលធ្លាប់ស្គាល់ជនសង្ស័យផង ទើបមិនព្រមជឿឱ្យ ហើយបុរសរូបនោះក៏ជិះម៉ូតូចេញទៅវិញបាត់ទៅ។ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យរូបនោះ ក៏បានជិះម៉ូតូត្រឡប់មកវិញ ដោយកាន់កាំបិតប៉័ងតោ មកគំរាម និងដេញកាប់រូបគាត់តែម្តង។

បុរសរងគ្រោះ បានបន្តថា ដោយឃើញហេតុការណ៍មិនស្រួល រូបគាត់ក៏បានទូរស័ព្ទប្តឹងសមត្ថកិច្ចមូលដ្ឋានឱ្យចុះឃាត់ខ្លួនជនសង្ស័យរូបនោះតែម្តង ស្រាប់តែពេលសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ បុរសជើងខ្លាំងរូបនោះបែរជាបានលត់ជង្គង់សំពះសុំទោសផង យំផង មើលទៅដូចជាមនុស្សបែកថ្នាំអ៊ីចឹង៕

RELATED ARTICLES