ខេត្តព្រះសីហនុ ៖ បុរសម្នាក់ បានប្រើល្បិចធ្វើជារកទិញខ្សែក នៅក្នុងតូបលក់មាសមួយកន្លែងក្នុងផ្សារ លុះពេលអ្នកលក់យកខ្សែក មកឱ្យពិនិត្យមើល ក៏ស្រាប់តែឆក់យក រួចព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងអាវុធហត្ថ និងសមត្ថកិច្ចតាមចាប់ក្របួចជាប់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង២០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចក្នុងផ្សារវាលរេញ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះថន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។ ចំណែកជនរងគ្រោះ មានឈ្មោះជា សាន អាយុ៤៥ឆ្នាំ មុខរបរជាអាជីវករលក់មាសក្នុងផ្សារវាលរេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យខាងលើ បានចូលទៅកន្លែងតូបលក់មាសខាងលើធ្វើជាសួររកទិញខ្សែក១ខ្សែ ភ្លាមនោះជនរងគ្រោះឈ្មោះជា សាន ជាអាជីវកលក់មាស ក៏បានយកខ្សែកមកឱ្យជនសង្ស័យពិនិត្យមើល ស្រាប់ តែភ្លាមនោះ ជនសង្ស័យក៏បានធ្វើសកម្មភាពឆក់យកខ្សែក រួចព្យាយាមរត់គេចចេញពីកន្លែងកើតហេតុតែម្តង។
ប្រភពដដែលបន្តថា ក្រោយមកកម្លាំងកងរាជអាវុធហត្ថ និងនគរបាលស្រុកសហការដេញចាប់ខ្លួនបាននាំទៅសាកសួរ នៅនគរបាលអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីចាត់ការតាមនីតិវិធី៕