Tuesday, August 26, 2025
Homeសង្គម និងជីវិតប្រពន្ធលួចរួមរ័កប្រុសក្មេង ប្តីតាមទាន់ចាប់អូសកទាំង២ចូលប៉ុស្តិ៍

ប្រពន្ធលួចរួមរ័កប្រុសក្មេង ប្តីតាមទាន់ចាប់អូសកទាំង២ចូលប៉ុស្តិ៍

ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់មានប្តី មានកូនដល់ទៅ២នាក់ទៅហើយ ស្រាប់តែបែកគំនិតផិតក្បត់ប្តី ទៅលួចលាក់បង្កាត់ភ្លើងស្នេហ៍ជាមួយនឹងប្រុសក្មេងដែលជាជាងកាត់សក់ រហូតដល់ទៅសម្ងំដេករួមរ័កជាមួយគ្នាដល់តូបកាត់សក់ទៀតផង ទីបំផុត បុរសជាប្តីតាមទាន់ ក៏ចាប់អូសកទាំងប្រពន្ធជើងល្អ ទាំងប្រុសសហាយ ទៅប៉ុស្តិ៍នគរបាល ដើម្បីប្តឹងទាមទារលែងលះគ្នាឱ្យដាច់ស្រេច។
ហេតុការណ៍ប្តីតាមទាន់ ប្រពន្ធដេករួមរ័កជាមួយប្រុសសហាយនេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅចំណុចតូបកាត់សក់ របស់ប្រុសសហាយ ស្ថិតក្នុងភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់។

ភាគីបុរសជាប្តីអភ័ព្វ ដែលត្រូវប្រពន្ធផិតក្បត់ ទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេង មានឈ្មោះអាំ ផល្លា អាយុ៣៣ឆ្នាំ មានលំនៅក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល។ ចំណែកស្ត្រីជាប្រពន្ធជើងល្អ មានឈ្មោះសៀន ស៊ីណូ អាយុ៣៣ឆ្នាំ និងមានកូនប្រុសស្រី២នាក់។ ដោយឡែកបុរសជាប្រុសសហាយ មានឈ្មោះទូច ប្រុស អាយុ២៥ឆ្នាំ មុខរបរកាត់សក់ ស្នាក់នៅភូមិក្តោង ឃុំភ្នំសំពៅ ស្រុកបាណន់ (ទីតាំងកើតហេតុខាងលើ)។

តាមសម្តីបុរសជាប្តីឈ្មោះអាំ ផល្លា បានបញ្ជាក់ប្រាប់ថា ប្តីប្រពន្ធគាត់ បានរួមរស់នឹងគ្នាជាច្រើនឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុស ស្រី២នាក់ អាយុជិត១០ឆ្នាំអស់ទៅហើយ ប៉ុន្តែយ៉ាងណា ពួកគាត់ទាំង២នាក់ មិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាស៊ីវិល) នោះទេ។ តាំងពីចាប់ដៃគ្នាដំបូង ប្តីប្រពន្ធគាត់រស់នៅចុះសម្រុងគ្នាល្អណាស់ មិនដែលមានរឿងរកាំរកូសអ្វីធំដុំទេ ទើបតែមួយរយៈចុងក្រោយនេះ ប្រពន្ធចាប់ផ្តើមបញ្ចេញនូវអាការៈប្លែកៗ រស់នៅជាមួយគាត់ដូចមិនសូវចុះសម្រុងសោះ និងហាក់មានអ្វីលាក់បាំងពីក្រោយខ្នងរបស់គាត់ទៀតផង ទើបគាត់ចេះតែសង្ស័យថា ប្រពន្ធនេះមានប្រុសសហាយតែម្តង ប៉ុន្តែមិនហ៊ានចោទប្រកាន់ផ្តេសផ្តាស ព្រោះមិនទាន់មានភ័ស្តុតាងជាក់ស្តែងច្បាស់លាស់។ បន្ទាប់មកគាត់ក៏ចាប់ផ្តើមតាមដានប្រពន្ធនេះជាប់រហូត ទីបំផុតក៏តាមទាន់ប្រពន្ធបានមកបង្កាត់ភ្លើងស្នេហ៍ជាមួយប្រុសក្មេងជាជាងកាត់សក់ តែម្តង។

បុរសជាប្តីបន្តថា នៅមុនពេលកើតហេតុ កាលពីក្បាលព្រលប់ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ប្រពន្ធជើងល្អរបស់គាត់ បានជិះម៉ូតូដឹកកូន ប្រុសស្រីទាំង២នាក់ចេញពីផ្ទះបាត់ មិនដឹងជាទៅណាមកណា។ ចំណែកគាត់ដោយមានការសង្ស័យ ទើបជិះមកក្រវែលមើល នៅចំណុចរោង កាត់សក់ខាងលើ២-៣ត្រឡប់មកហើយ រហូតដល់វេលាម៉ោង១០និង៣០នាទីយប់ គាត់បានចូលទៅគោះទ្វារមើល ស្រាប់តែប្រទះឃើញប្រពន្ធរបស់គាត់មកដេកនៅក្នុងតូបកាត់សក់របស់ប្រុសស្នេហ៍នាងមែន ដោយនាំទាំងកូន២នាក់ មកដេកជាមួយ ធ្វើជាលេសទៀតផង។

បន្ទាប់ពីចាប់បានភ័ស្តុតាងច្បាស់លាស់បែបនេះ ទើបបុរសជាប្តី បានសម្រេចអូសកទាំងប្រពន្ធជើងល្អ រួមនឹងប្រុសសហាយជាជាងកាត់សក់ ទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ ដើម្បីឱ្យជួយដឹងលឺ និងធ្វើកំណត់ហេតុទុក ជុំវិញអំពើផិតក្បត់ លួចលាក់មានសហាយស្មន់របស់ប្រពន្ធខ្លួន។

តាមប្រភពពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំសំពៅ បានលើកឡើងថា ពិតជាមានករណីបុរសជាប្តីតាមទាន់ប្រពន្ធផិតក្បត់ កំពុងដេកជាមួយប្រុសសហាយនៅតូបកាត់សក់មែន ហើយក្រោយពីតាមទាន់ បុរសជាប្តីបាននាំទាំងប្រពន្ធនិងប្រុសសហាយមកកាន់ប៉ុស្តិ៍ភ្នំសំពៅ ប៉ុន្តែបុរសជាប្តី រូបនោះ មិនបានធ្វើការប្តឹងផ្តល់អ្វីទាំងអស់ ដោយគ្រាន់តែស្នើឱ្យសមត្ថកិច្ច ជួយដឹងលឺ ធ្វើកំណត់ហេតុរក្សាទុកប៉ុណ្ណោះ។ ចំណែកបុរសជាប្តី ក៏បានថតទាំងរូបភាព និងវីដេអូទុកជាភ័ស្តុតាងផងដែរ៕

RELATED ARTICLES