ខេត្តបាត់ដំបង ៖ ក្មេងប្រុសម្នាក់ បានដើរចេញបាត់ពីផ្ទះដោយគ្មានដំណឹងសោះ ទោះជាម្តាយខំដើរតាមរកយ៉ាងណា ក៏មិនឃើញ ស្រាប់តែ១០ថ្ងៃក្រោយមក ក៏មានគេប្រទះឃើញសាកសពក្មេងប្រុសរងគ្រោះ នៅសល់តែគ្រោងឆ្អឹង ក្នុងចម្ការដំឡូងមីមួយកន្លែង បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចចម្ការដំឡូងមី ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង។
គ្រោងឆ្អឹងសាកសពខាងលើ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃើញថា មានឈ្មោះឈ្មោះភឿន ភក្តី ភេទប្រុស អាយុ១២ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីបុរសឈ្មោះបឿន ជាម្ចាស់ចម្ការដំឡូងមី ទីតាំងកើតហេតុខាងលើថា បានប្រទះឃើញគ្រោងឆ្អឹងមួយនៅក្នុងចម្ការ។ ភ្លាមនោះ កម្លាំងប៉ុស្តិ៍នគរបាលភ្នំព្រះ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល និងខាងជំនាញអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះទៅពិនិត្យជាក់ស្តែងប្រទះឃើញ ឆ្អឹងមនុស្សស្លាប់ក្នុងចម្ការដំឡូង និងបានស្រាវជ្រាវរកសាច់ញាតិជនរងគ្រោះ។
ក្រោយពីធ្វើការស្រាវជ្រាវ ក៏មានស្ត្រីម្នាក់ឈ្មោះនី ស្រីនាង អាយុ៤៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានមកពិនិត្យមើលគ្រោងឆ្អឹង រួចក៏អះអាងថា សាកសពដែលនៅសល់តែគ្រោងឆ្អឹងនេះ គឺជាកូនប្រុសរបស់គាត់។ មូលហេតុដែលគាត់ហ៊ានអះអាងបែបនេះ គឺដោយសារតែគាត់បានសម្គាល់ត្រង់សម្លៀកបំពាក់របស់កូនប្រុសគាត់ ដែលស្លៀកពាក់ នៅថ្ងៃបាត់ខ្លួន ក្នុងនោះរួមមានអាវពណ៌ស្វាយដៃខ្លី និងចម្ពាមកៅស៊ូ ដែលជារបស់កូនប្រុសគាត់៕