ខេត្តតាកែវ ៖ ស្ត្រីម្នាក់នេះ កាលពីពេញវ័យក្រមុំ មានប្រុសកំលោះចូលស្តីដឹងរាប់មិនអស់ តែមិនព្រមយក ប្រកែកថាចង់ជួយធ្វើការរកប្រាក់សម្រាលបន្ទុកម្តាយសិន រួចក៏ចេញទៅធ្វើការឆ្ងាយផ្ទះបាត់រាប់ខែ ស្រាប់តែត្រឡប់មកវិញ ស្ពាយពោះប៉ុនកញ្ជើ រួចដឹកដៃប្រុសម្នាក់ឱ្យម្តាយ ជួយសែនព្រេនបង្គ្រប់កិច្ច លុះសម្រាលរួច ទុកកូនឱ្យម្តាយមើលថែ រួចក៏ចេញទៅបាត់ ស្រាប់តែក្រោយមកក៏ពពោះវិលមកផ្ទះវិញជាបន្តបន្ទាប់ សរុបមានកូនអត់ឪដល់ទៅ៤នាក់ ទម្លាក់ឱ្យម៉ែចិញ្ចឹមយ៉ាងលំបាកវេទនា រហូតម៉ែអត់លទ្ធភាព ក៏ឱ្យកូនទៅគេអស់២នាក់។
ស្ត្រីចំណាស់អភ័ព្វដែលទទួលរងថ្មបាក់ដោយសារកូនស្រី ទម្លាក់ចៅដល់ទៅ៤នាក់ឱ្យជួយចិញ្ចឹម មានឈ្មោះយុង ងុន អាយុ៦០ឆ្នាំ សព្វថ្ងៃរស់នៅភូមិភ្នៅ ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត។ ចំណែកកូនស្រី ដែលជាមេម៉ាយ៤ភ្លើងរូបនោះ មានឈ្មោះឌិន ថូយ សព្វថ្ងៃអាយុ៣០ឆ្នាំ និងមិនដឹងថារស់នៅឯណាឱ្យពិតប្រាកដនោះទេ។
លោកយាយ យុង ងុន បានរៀបរាប់ប្រាប់ថា គាត់មានប្តិីឈ្មោះនិន ឌុន (ស្លាប់) និងបានរួមរស់ជាមួយគ្នា បង្កើតបានកូនចំនួន៤នាក់ (ប្រុស១ ស្រី៣)។ តាំងពីចាប់ដៃសាងគ្រួសារជាមួយប្តីមក ជីវភាពពួកគាត់ធូរធាគួរសម មានស្រែប្រាំង ស្រែវស្សាធ្វើគ្រប់គ្រាន់ និងបានផលស្រូវ ហូបខ្លះ ទុកលក់ខ្លះគ្រាន់បានដោះស្រាយជីវភាព។ លុះក្រោយពីកូនៗចាប់ផ្តើមធំដឹងក្តីអស់ ប្តីរបស់គាត់ក៏បានធ្លាក់ខ្លួនឈឺធ្ងន់ ពេលនេះគាត់ និងកូនៗ បានខិតខំនាំប្តី ទៅរកគ្រូពេទ្យ គ្រូខ្មែរល្បីៗមើលអស់ចិត្តដែរ និងថែមទាំងបានលក់របស់ទ្រព្យក្នុងផ្ទះគ្មានសល់ សល់តែសំបកផ្ទះនៅលើ ដីមួយប្រឡោះប៉ុណ្ណោះ តែទោះជាព្យាយាមលក់ទ្រព្យយកលុយ មើលថែជំងឺប្តីយ៉ាងណា ក៏អាការៈជំងឺប្តីគាត់ហាក់មិនប្រានស្រាកស្រាន្តសោះ ផ្ទុយទៅវិញ ប្តីរបស់គាត់ក៏បានស្លាប់ចោលគាត់ និងកូនៗ គិតមកដល់ពេលនេះច្រើនឆ្នាំមកហើយ ហើយតាំងពីប្តីស្លាប់ទៅ គ្រួសារគាត់ចាប់ផ្តើមធ្លាក់ដុនដាបយ៉ាងខ្លាំង ដោយគ្មានដីស្រែសម្រាប់ប្រកបរបរចិញ្ចឹម ជីវិតទៀតទេ។
លោកយាយ យុង ងុន បន្តថា និយាយពីកូនស្រីទី៣របស់គាត់ម្នាក់ឈ្មោះឌិន ថូយ សព្វថ្ងៃអាយុ៣០ឆ្នាំ កាលពីក្មេង នាងមិនបានចូល សាលារៀនសូត្រអ្វីនឹងគេទេ ដោយសារតែជីវភាពគាត់ទ័លក្រពេក គ្មានលទ្ធភាពបញ្ជូនកូនទៅសាលា។ លុះពេលនាងធំពេញក្រមុំ រូបសម្បត្តិ ក៏ស្អាតសមរម្យ ទើបធ្វើឱ្យប្រុសកំលោះនៅក្នុងភូមិតាមញ៉ែប៉ប្រែ ចែចង់នាងរាប់មិនអស់ តែនាងប្រកែកមិនទទួលយកប្រុសណាម្នាក់ទេ ព្រោះចង់ដើររកស៊ី ដើម្បីយកប្រាក់មកចិញ្ចឹមគ្រួសារបន្តិចសិន លុះពេលនាងចេញដើររកស៊ី ក៏បែរជាយកប្តីដោយចិត្តឯង ហើយក៏មានកូនបណ្តាក់គ្នាដូចខ្យង។
លោកយាយ ងុន បន្តថា នៅពេលដែលកូនស្រីនេះ (នាងឌិន ថូយ) មានផ្ទៃពោះជិតគ្រប់ខែ នាងតែងតែត្រឡប់មកផ្ទះ ដើម្បីឱ្យគាត់ជួយមើលថែបម្រើ រហូតដល់នាងសម្រាលកូនរួចរឹងដៃរឹងជើង ក៏ចេញទៅវិញបាត់។ សរុបទៅកូនស្រីគាត់ធ្វើបែបនេះចំនួន៤លើកមកហើយ ពោលគឺនាងមានកូនសរុប៤នាក់ (ប្រុស២ ស្រី២) សុទ្ធតែមិនស្គាល់មុខច្បាស់។
លោកយាយ ងុន បានបញ្ជាក់ថា តាមគាត់ដឹង ប្តីទី១របស់កូនស្រីគាត់ (នាងឌិន ថូយ) មានឈ្មោះសាក់ ហើយពួកគេបានគ្នាពេលដែលកូនស្រីគាត់នេះចេញទៅធ្វើចម្ការនៅខេត្តប៉ៃលិន រួចក៏យកគ្នានៅទីនោះ រហូតពពោះ៤ខែ ក៏នាំគ្នាវិលមកស្រុក ឱ្យគាត់ជួយសែនឱ្យ រួចប្តីនោះក៏ ត្រឡប់ទៅវិញបាត់ រហូតប្រពន្ធសម្រាលកូនក៏ប្តីមិនខ្ចីនឹកនាមកអើតឈ្ងោកមើលប្រពន្ធកូនដែរ ពេលនេះកូនស្រីច្បងនោះ មានអាយុ១៤ឆ្នាំទៅហើយ។ ចំណែកប្តីទី២ មានឈ្មោះជាតិ ពួកគេបានគ្នា ពេលធ្វើការរោងចក្រ លុះបន្ទាប់ពីរួមរស់បានកូនប្រុស១ ក៏ទម្លាក់មកឱ្យគាត់មើលថែទៀត ដោយទុកលុយឱ្យគាត់ចំនួន១០ម៉ឺនរៀលប៉ុណ្ណោះ។ រីឯប្តីទី៣ឈ្មោះអាណា បានគ្នានៅប្រទេសថៃ លុះមានផ្ទៃពោះគ្រប់ខែ មករកគាត់ឱ្យមើលថែ បង្កើតបានកូនស្រីម្នាក់ ក៏ទុកឱ្យគាត់ម្នាក់ទៀត ដោយទុកលុយឱ្យគាត់១លានរៀល។ ដោយឡែកប្តីទី៤ គាត់មិនស្គាល់ឈ្មោះទេ គ្រាន់តែដឹងថា ពួកគេបានគ្នាពេលធ្វើការនៅរោងចក្រឯភ្នំពេញ លុះគ្រប់ខែ ក៏មកត្រឡប់មកស្រុក សម្រាលបានកូនប្រុសម្នាក់រួចហើយក៏ ទម្លាក់ចោលឱ្យគាត់មើលថែម្នាក់ទៀត៕