ខេត្តពោធិ៍សាត់ ៖ ប្តីប្រពន្ធវ័យចំណាស់មួយគូ រស់នៅមិនសូវចុះសម្រុងនឹងគ្នាសោះ ដោយសារតែបុរសជាប្តីចូលចិត្តប្រចែប្រចណ្ឌប្រពន្ធ មិនឈប់ ទីបំផុតភ្លើងប្រចណ្ឌដុតរោលពេញដើមទ្រូង ទ្រាំលែងបាន ទើបធ្វើឱ្យបុរសជាប្តី ស្ទុះទៅទាញពូថៅ មកកាប់ប្រពន្ធប្រហារប្រពន្ធ បណ្តាលឱ្យសុសពេញផ្ទៃមុខ និងដងខ្លួនស្លាប់ក្នុងថ្លុកឈាម បន្ទាប់មកបុរសជាប្តីក៏បានរត់ចងកសម្លាប់ខ្លួនតាមក្រោយ។
ករណីឃាតកម្មដ៏ឃោរឃៅ ប្តីកាប់ប្រពន្ធជាច្រើនពូថៅស្លាប់ រួចសម្រេចចិត្តធ្វើអត្តឃាតតាមក្រោយនេះ បានកើតមានការភ្ញាក់ផ្អើលឡើង ចន្លោះពីម៉ោងប្រមាណ១០ ទៅម៉ោង១១យប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ នៅចំណុចអំពួច ស្ថិតក្នុងភូមិជ្រៃក្រឹម ឃុំផ្ទះរុង ស្រុកភ្នំក្រវាញ។
ស្ត្រីរងគ្រោះជាប្រពន្ធដែលត្រូវប្តីកំណាចកាប់សម្លាប់យ៉ាងសាហាវឃោរឃៅ មានឈ្មោះសែម ថាច អាយុ៤៥ឆ្នាំ មុខរបរនៅផ្ទះ។ ចំណែកជនដៃដល់ជាប្តី មានឈ្មោះពុំ ម៉ុត អាយុ៦៤ឆ្នាំ មុខរបរកសិករ។ ទាំង២នាក់ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ប្តីប្រពន្ធខាងលើ រស់នៅមិនសូវចុះសម្រុងនឹងគ្នាទេ ឧស្សាហ៍ឈ្លោះប្រកែកគ្នាខ្លាំងណាស់ ដោយសារបុរសជាប្តីមានចិត្តប្រចណ្ឌប្រពន្ធខ្លាំង ទើបចេះតែរករឿងឈ្លោះប្រកែក និងជួនពេលខ្លះមានអំពើហិង្សាតិចតួចដែរ តែមិននឹកស្មានថា អាចនឹងឈានដល់អំពើឃាតកម្មដ៏ឃោរឃៅព្រៃផ្សៃបែបនេះសោះ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ គេបានលឺសំឡេង ប្តីប្រពន្ធអ្នកទាំងពីរឈ្លោះគ្នាយ៉ាងខ្លាំង បន្ទាប់មកនៅវេលាម៉ោងប្រមាណ១០ ទៅម៉ោង១១យប់ថ្ងៃដដែល ក៏ស្ងប់ស្ងាត់សំឡេងប្តីប្រពន្ធខាងលើនេះទៅវិញ និងស្មានថា អ្នកទាំងពីរឈប់ឈ្លោះគ្នាចូលសំងំដេកអស់ទៅហើយ ដឹងអី បែរជាមានរឿងឃាតកម្ម បុរសជាប្តីកាប់សម្លាប់ប្រពន្ធយ៉ាងឃោរឃៅ រួចរត់ទៅចងកសម្លាប់ខ្លួនឯងបែបនេះទៅវិញ។
ដោយឡែកតាមសម្តីកូនរបស់ប្តីប្រពន្ធខាងលើ បានឱ្យដឹងថា នៅយប់កើតហេតុនោះ ឪពុករបស់គេ បានខលមកប្រាប់ថា ឱ្យជួយមើលគោ និងជួយមើលថែប្អូនៗផង រួចក៏បិទទូរស័ព្ទវិញទៅ លុះពេលចុចខលទៅឪពុកវិញ ស្រាប់តែលែងមានអ្នកលើកតែម្តង។ រហូតមកដល់ព្រឹកឡើង ក៏មានបងប្អូនជីដូនមួយ បានទូរស័ព្ទមកប្រាប់ថា ម្តាយត្រូវឪពុកកាប់សម្លាប់ ចំណែកឪពុកបានចងកស្លាប់ដែរ ធ្វើឱ្យខ្លួនតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង។ តាមពិតកន្លងមក ខ្លួនក៏ដឹងថាឪពុកមានចិត្តប្រចណ្ឌម្តាយដែរ តែមិនដែលនឹកស្មានដល់សោះថា ភ្លើងប្រចណ្ឌអាចនឹងធ្វើឱ្យឪពុកម្តាយរបស់ខ្លួន ស្លាប់ព្រមគ្នាបែបនេះសោះ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពស្ត្រីជាប្រពន្ធ មានស្នាមរបួស (កាប់នឹងពូថៅ) ចំនួន១០កន្លែង ត្រង់បំពង់ក៦កន្លែង ទងត្រចៀកឆ្វេងស្តាំ២កន្លែង ថ្គាម១កន្លែង និងក្បាលផ្នែកខាងក្រោយ១កន្លែង ដោយដេក ស្លាប់ក្នុងសភាពខ្ទេចមុខក្នុងថ្លុកឈាម គួរឱ្យរន្ធត់។ ចំណែកបុរសជាប្តីដែលជាឃាតករកាប់ប្រពន្ធស្លាប់ ក្រោយពីធ្វើសកម្មភាពរួច ក៏បានរត់ទៅចងកសម្លាប់ខ្លួន ដោយប្រើខ្សែចងគោ ចងកនៅលើមែកដើមក្រូចឆ្មារ៕