Tuesday, August 26, 2025
Homeសង្គម និងជីវិតទៅហូបបាយជួបជុំបងប្អូននៅផ្ទះម៉ែ ស្រាប់តែភ្លើងឆេះផ្ទះកូនខ្ទេច

ទៅហូបបាយជួបជុំបងប្អូននៅផ្ទះម៉ែ ស្រាប់តែភ្លើងឆេះផ្ទះកូនខ្ទេច

ខេត្តស្ទឹងត្រែង ៖ ក្រុមគ្រួសារមួយ បាននាំគ្នាចេញពីផ្ទះទៅហូបបាយនៅផ្ទះម្តាយស្ថិតនៅចំងាយប្រមាណ៥០ម៉ែត្រពីគ្នា បំណងជួបជុំក្រុមគ្រួសារឱ្យសប្បាយម្តង ស្រាប់តែសប្បាយប្រែក្លាយជាទុក្ខ ដោយសារតែពេលកំពុងជុំគ្នាហូបបាយនៅផ្ទះម្តាយ ភ្លើងបានឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅ ហើយបើទោះជាប្រញាប់នាំគ្នាទៅជួយពន្លត់យ៉ាងណា ក៏មិនឈ្នះ ទីបំផុត ភ្លើងបានលេបត្របាក់ផ្ទះមួយខ្នងខ្ទេចអស់គ្មានសល់។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវចូល អូរខ្លុង ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះខាងលើ បាននាំគ្នាបិទទ្វារផ្ទះចោល រួចនាំគ្នាចេញទៅទទួលទានបាយនៅផ្ទះម្តាយ ដែលមានចំងាយពីផ្ទះរបស់ខ្លួនប្រមាណ៥០ម៉ែត្រប៉ុណ្ណោះ គិតថាជួបជុំបងប្អូនហូបបាយជុំគ្រួសារឱ្យសប្បាយម្តង ដឹងអី ខណៈដែលកំពុងហូបបាយជជែកគ្នាលេងជាមួយបងប្អូន ក៏ប្រទះឃើញអណ្តាតភ្លើងបានឆេះចេញពីផ្ទះរបស់ខ្លួនយ៉ាងសន្ធោសន្ធៅ ធ្វើឱ្យក្រុមគ្រួសារ រួមនឹងអ្នកស្រុកភូមិ ផ្អើលឆោឡោ ស្ទុះរត់ទៅដងទឹកជះពន្លត់ តែអកុសលពន្លត់មិនឈ្នះ រហូតធ្វើឱ្យភ្លើងបានលេបត្របាក់ផ្ទះខាងលើទាំងស្រុង។

នៅក្នុងការហេតុការណ៍នោះ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្តស្ទឹងត្រែង បានទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងដែរ តែដោយសារអណ្តាតភ្លើងឆេះខ្លាំងពេក ព្រោះផ្ទះឈើផង ម៉្យាងទៀតកន្លែងកើតហេតុមានចម្ងាយប្រហែលជាង១០គីឡូម៉ែត្រពីខេត្ត ទើបរថយន្តបាញ់ទឹកទៅមិនទាន់ និងបណ្តាលឱ្យផ្ទះទាំងមូលត្រូវភ្លើងឆាបឆេះគ្មានសល់៕

RELATED ARTICLES