ភ្នំពេញ ៖ សំណុំរឿងឃាតកម្ម វាយសម្លាប់បុរសម្នាក់ រួចចងបន្តោកនឹងដុំថ្មទម្លាក់ចោលក្នុងប្រឡាយទឹកស្អុយមួយកន្លែង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវបំណែកសំណុំរឿង វែកមុខដឹងថា ជាផែនការរបស់ស្ត្រីជាប្រពន្ធ ដែលជួលឃាតករសម្លាប់ប្តីខ្លួនឯងនោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ស្ត្រីជាប្រពន្ធ រួមនឹងជនដៃដល់ជាឃាតករ ដាក់ពន្ធនាគារអស់មួយជីវិត។


លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានបើកសវនាការប្រកាសសាលក្រម សំណុំរឿងឃាតកម្ម ប្រពន្ធដើមជួលកូនធម៌ឱ្យសម្លាប់ប្តី ព្រោះខឹងរឿងមានស្រី មិនចូលផ្ទះ ដោយសម្រេចផ្តន្ទា ទោសជនជាប់ចោទជាប្រពន្ធ និងជនដៃដល់ជាកូនធម៌ ដាក់គុកអស់មួយជីវិត។
តុលាការបានចោទប្រកាន់លើ ជនជាប់ចោទទី១-ឈ្មោះសូ ផា ភេទប្រុស អាយុ២៩ឆ្នាំ ជាកូនធម៌ជនរងគ្រោះ និងទី២ឈ្មោះសៅ សំអឿន ភេទស្រី អាយុ៤៦ឆ្នាំ ជាប្រពន្ធរបស់ជនរងគ្រោះ ពីបទឃាតកម្មគិតទុកជាមុន ប្រព្រឹត្តលើជនរងគ្រោះឈ្មោះកៅ ផា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរអ្នករត់តាក់ស៊ី កាលពីយប់ថ្ងៃទីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ យោងតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ជនជាប់ចោទឈ្មោះសូ ផា បានសារភាពថា ជនជាប់ចោទឈ្មោះសៅ សំអឿន ជាប្រពន្ធជនរងគ្រោះ បានជួលខ្លួនក្នុងតម្លៃ១ពាន់ដុល្លារឱ្យសម្លាប់ប្តី និងយកឡានទៅផ្ទះវិញ ព្រោះខឹងជនរងគ្រោះឈ្មោះកៅ ផា ជាប្តីយកឡាន ទួរីស ដែលឈ្មោះសៅ សំអឿន ជាប្រពន្ធខំយកលុយកូនធ្វើការនៅប្រទេសកូរ៉េចំនួន១២០០០ដុល្លារ ទិញឱ្យរត់ បែរជាជនរងគ្រោះយកទៅរកស៊ី ចិញ្ចឹមស្រីចុះចោលប្រពន្ធកូន។
ដោយឡែកជនជាប់ចោទឈ្មោះ សៅ សំអឿន បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើដូចការលើកឡើងរបស់ឈ្មោះ សូ ផា មែនព្រោះតែខឹងប្តីមានស្រី។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងសំណុំរឿងខាងលើនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធទាំង២នាក់ខាងលើបាន កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចដីវាលក្រោយសួនកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហើបប្រាប់ថា តាមចម្លើយសារភាពដែលទទួលបានពីជនសង្ស័យ ដំបូងឡើយ ជនរងគ្រោះត្រូវជនដៃដល់ឈ្មោះសូ ផា ជួលរថយន្តជិះទៅខេត្តសៀមរាបនៅថ្ងៃទី១២ តុលា លុះត្រឡប់មកវិញនៅថ្ងៃទី១៣ តុលា ត្រឡប់មកដល់ទឹកខេត្តកំពង់ធំ ឈ្មោះសូ ផា ត្រូវបានស្ត្រីឈ្មោះសៅ សំអឿន ជាប្រពន្ធដើមជនរងគ្រោះ ជួលឱ្យសម្លាប់ជនរងគ្រោះជាប្តី ក្នុងតម្លៃ១ពាន់ដុល្លារ លុះក្រោយពីជនដៃដល់វាយសម្លាប់ជនរងគ្រោះហើយ ក៏ដឹកសពតាមរថយន្តផ្សេងមួយគ្រឿងទៀត ចូលមករាជធានីភ្នំពេញ ដើម្បីយកទៅ ទម្លាក់ចោលនៅក្នុងប្រឡាយទឹកស្អុយ ចំណុចកើតហេតុខាងលើ ដើម្បីបំបាត់ភ័ស្តុតាង រួចក៏គេចខ្លួនបាត់។ រហូតដល់ព្រឹកថ្ងៃទី១៤ ខែតុលា ទើបមានគេប្រទះឃើញសាកសពអណ្តែតផុសចេញពីប្រឡាយទឹកស្អុយ និងត្រូវសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច័យស្រាវជ្រាវរកសាច់ញាតិ បន្ទាប់មកនៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ក៏លេចមុខស្ត្រីជាប្រពន្ធដើម និងប្រពន្ធចុងរបស់ជនរងគ្រោះ ចូលមកដល់ប៉ុស្តិ៍សាកសួរ និងបញ្ជាក់ថា ជនរងគ្រោះគឺជាប្តីរបស់ខ្លួន។ លុះដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ រថយន្តសាំយ៉ុងរបស់ជនរងគ្រោះ ត្រូវបានគេយកទៅផ្លុងចោលនៅក្បែរផ្ទះជនរងគ្រោះឯស្រុករមាសហែក ខេត្តស្វាយរៀងវិញ។

ប្រភពដដែលបន្តថា ក្រោយពីកម្លាំងជំនាញរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ស៊ើបអង្កេតស៊ីជម្រៅ ទើបឈានដល់ការបំបែកសំណុំរឿងក្តី និងចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ក្នុងនោះមានឃាតករ និងមានស្ត្រីជាប្រពន្ធដើមរបស់ជនរងគ្រោះ គឺជាអ្នករៀបផែនការ ជួលឃាតករឱ្យសម្លាប់ប្តីរបស់ខ្លួន៕