Saturday, March 21, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុមសម្តែងកាត់សក់ របូតខោទឹកនោម ចូលខ្លួនសារភាពកំហុស សុំទោស  

ក្រុមសម្តែងកាត់សក់ របូតខោទឹកនោម ចូលខ្លួនសារភាពកំហុស សុំទោស  

ខេត្តកំពង់ចាម ៖ នៅទីបំផុត មន្ទីរវប្បធម៌ខេត្តកំពង់ចាម បានហៅក្រុមតន្ត្រីបុរាណមួយ ដែលសម្តែងខុស សី លធម៌និងប្រពៃណីបុរាណខ្មែរ នៅក្នុងពិធីកាត់សក់ នៃមង្គលការមួយ ដោយសម្តែងរបូតខោ ចេញខោទឹកនោម ធ្វើឱ្យផ្ទុះការរិះគន់ជុំទិសនោះ យកមកអប់រំកែប្រែ និងឱ្យបញ្ឈប់នូវរាល់ការសម្តែងដែលមានភាពខុសឆ្គងបែបឆ្កួតៗនេះ។

យោងតាមប្រភពមន្ទីរវប្បធម៌ខេត្តកំពង់ចាម បានឱ្យដឹងថា ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកសឹង ភារុំ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម ចុះណែនាំបញ្ឈប់រាល់ការសម្តែងដែលប៉ះពាល់ដល់ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដល់ក្រុមតន្ត្រីបុរាណ ដែលសម្តែងខុសក្រមសីលធម៌ ប្រពៃណី នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងកិច្ចប្រជុំអប់រំណែនាំនោះ មន្ទីរវប្បធម៌ខេត្ត បានឱ្យប្រធានក្រុមដែលបានសម្តែងខុសក្រមសីលធម៌នោះ ធ្វើលិខិតសុំទោស និងទទួលកំហុសជាសាធារណៈ ដោយនៅក្នុងនោះ សាមីខ្លួន ក៏បានសន្យានឹងមិនឱ្យមានកាយវិកាសម្តែងបែបនេះជាលើកទី២ ឡើយ។

នៅក្នុងលិខិតសុំទោស បានបញ្ជាក់ថា «ខ្ញុំបាទ ឈ្មោះ អន សារឿន ជាប្រធានក្រុមភ្លេងប្រពៃណីខ្មែរ នាយស្វិត ដែលស្ថិតនៅភូមិគីឡូលេខ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សូមគោរពនិងសុំទោសទៅកាន់បង ប្អូនខ្មែរជាសាធារណៈ។ ដោយខ្ញុំបាទ បានប្រព្រឹត្តកំហុសនៅក្នុងការសម្តែងពិធីកាត់សក់ នៃកម្មវិធីអាពាហ៍ពិ ពាហ៍ នៅភូមិអារក្សត្នោត ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ បានធ្វើឱ្យប៉ះពាល់ទៅដល់វប្បធម៌ ប្រពៃណីខ្មែរ។ ខ្ញុំសូមទទួលកំហុស ដោយកាយវិការនិងសម្លៀកបំពាក់មិនសមរម្យ ក្នុងការសម្តែងកម្មវិធីខាងលើ ដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម។

ខ្ញុំបាទ សូមគោរពសុំការអភ័យទោស និងសុំសន្យាថា មិនឱ្យមានកាយវិការនេះ ជាលើកទី២នេះទៀតឡើយ។ សូមបងប្អូនមេត្តាយោគយល់និងអនុគ្រោះ និងអភ័យទោសដល់រូបខ្ញុំបាទផង»។

គួរបញ្ជាក់ថា ថ្មីៗនេះ បន្ទាប់ពីធ្លាយរូបភាពនិងវីដេអូ បង្ហាញពីសកម្មភាពការសម្តែងរបស់ក្រុមភ្លេងខ្មែរ មួយ ដែលមានតួអង្គសម្តែងមិនសមរម្យតាមក្បួនខ្នាត ក្នុងពិធីកាត់សក់ បង្កក់សិរី នៅក្នុងពិធីមង្គការមួយ បានធ្វើឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយតួសម្តែងប្រុសម្នាក់ បានសម្តែងរបូតខោ បញ្ចេញខោទឹកនោម ដែលប្រើសម្រាប់អ្នកជំងឺធ្ងន់ ដេកពេទ្យ ក្រោកមិនរួច ក្នុងន័យចង់ឱ្យអ្នកទស្សនាសើចសប្បាយ ប៉ុន្តែបែរជារងការរិះគន់ ស្តីបន្ទោសយ៉ាងខ្លាំង ពីមហាជន រហូតមានការស្នើសុំទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ ឲ្យចាត់វិធាន ការហៅក្រុមសម្តែងនេះ មកអប់រំកែប្រែ បញ្ឈប់ការសម្តែងឆ្កួតៗបែបនេះទៀត។ ទីបំផុត នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រុមសម្តែងខាងលើ ត្រូវបានមន្ទីរវប្បធម៌ខេត្តកំពង់ចាម កោះហៅមកអប់រំ ណែនាំឱ្យបញ្ឈប់នូវរាល់ការសម្តែងដែលមានភាពខុសឆ្គងបែបនេះបន្តទៀត៕

RELATED ARTICLES