ខេត្តកំពត ៖ បុរសជាជនបរទេសម្នាក់ ដោយសារតែប្រើថ្នាំពេទ្យលើសកម្រិត មិនមានវេជ្ជបញ្ជាត្រឹមត្រូវ ក៏បណ្តាលឱ្យប្រតិកម្មថ្នាំ ដេកស្លាប់តែឯងយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅចំណុច បន្ទប់ជួលស្ថិតក្នុងភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត។
តាមការបំភ្លឺរបស់ឈ្មោះ Katharine Comoly ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិអូស្ត្រាលី កាន់លិខិតឆ្លងដែនលេខ N6415303 បានបំភ្លឺប្រាប់សមត្ថកិច្ចថា បុរសរងគ្រោះ ដែលដេកស្លាប់ដោយសារប្រើថ្នាំលើសកម្រិត មានឈ្មោះ Benjamin Hutchings អាយុ២៧ឆ្នាំ ជាជនជាតិអង់គ្លេស។ ចំណែកម្ចាស់បន្ទប់ជួល មានឈ្មោះពេជ ស៊ីនួន អាយុ៤៧ឆ្នាំ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ពីម្ចាស់បន្ទប់ជួលឈ្មោះពេជ ស៊ីនួន ដែលបានរាយការណ៍ប្រាប់ថា មានជនបរទេសម្នាក់បានដេកស្លាប់នៅក្នុងបន្ទប់ជួលរបស់គាត់។ លុះមកដល់វេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កំលាំងជំនាញបច្ចេកទេសខេត្ត សហការជាមួយអធិការដ្ឋាននគរបាលក្រុងកំពត ដោយមានការចូលរួមជាមួយលោកវេជ្ជបណ្ឌិត គ្រូពេទ្យកោសល្យវិច័យនៃមន្ទីរពេទ្យខេត្ត ដឹកនាំដោយលោកមុត ដារ៉ា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះពិនិត្យដល់ទីតាំងកើតហេតុ និងបានរកឃើញមានថ្នាំពេទ្យជាច្រើន សារាំងចាក់ថ្នាំចំនួន៨ ប្រើរួច២ សេរ៉ូម១ដប នៅសល់ទឹក៨០ភាគរយ ស្រាបៀរចំនួន៦កំប៉ុង ផឹកអស់ ៥កំប៉ុង។
ចំណែកការពិនិត្យសាកសព ឃើញមាននៅលើកំភួនដៃស្តាំមានស្នាមបង់រុំបង់រុំរបួស និងនៅលើភ្លៅឆ្វេងមានរុំបង់ ហើយបើតាមការបញ្ជាក់របស់ម្ចាស់ផ្ទះជួល បានឱ្យដឹងថា ជនរងគ្រោះបានរុំរបួសដោយសារដួលម៉ូតូបាក់ដៃជិត១ខែហើយ ក្រៅពីនោះពុំមានឃើញអ្វីទៀតឡើយ៕