ផលិតកម្មរស្មីហង្សមាស បានប្រមូលក្តោបយកតារារបស់ខ្លួន ដែលសុទ្ធតែមានឈ្មោះ “ថៃ” ដល់ទៅ៤រូប ឱ្យជ្រកក្រោមដំបូលរួមគ្នា ទើបធ្វើឱ្យមានការលើកឡើងថា ឱ្យតែឈ្មោះ “ថៃ” ហាក់ជាទីចាប់អារម្មណ៍របស់ក្រុមហ៊ុនផលិតចម្រៀងមួយនេះ ដែលក្នុងនោះ មានដូចជា ខេម ប៊ុនថៃ, ពេជ្រ ថៃ, ថែល ថៃ និងគ្រី ថៃពៅ។ ប៉ុន្តែ ខេម ប៊ុនថៃ បានប្តូរឈ្មោះទៅជាខេមរៈ សិរីមន្ត តាំងពីរូបគេចូលច្រៀងកាលពីឆ្នាំ២០១៤ នៅផលិតកម្ម U2 ម៉្លេះ ហើយរហូតមកដល់ពេលនេះ ដោយសារតែឈ្មោះនេះមានយីអ៊ុន ទើបធ្វើឱ្យសិរីមន្ត រក្សាកំណត់យកឈ្មោះនេះរហូតដល់បច្ចុប្បន្ន ខណៈដែលអ្នកគាំទ្រតារាចម្រៀងហង្សមាស រូបនេះ បានហៅសិរីមន្ត ថា “ខេមរៈ” ក៏មានដែរ។
ដោយឡែក តារាចម្រៀង៣រូបផ្សេងទៀតរបស់ហង្សមាស គឺពេជ្រ ថៃ, ថែល ថៃ និងគ្រី ថៃពៅ នៅរក្សាឈ្មោះនេះដដែល ខណៈដែលពេលនេះពួកគេសុទ្ធតែមានទីផ្សារសិល្បៈរៀងៗខ្លួន នៅទ្រនំធំហង្សមាស ដែលប្រជុំទៅដោយតារាល្បីជើងខ្លាំងៗនោះ។
ខេមរៈ សិរីមន្ត បានស្ពាយបង្វេចចេញពីផលិតកម្មសាន់ដេ ចូលទៅជ្រកកោននៅហង្សមាស ជិត១ឆ្នាំទៅហើយ ដោយអតីតតារាចម្រៀង U2 នេះ នៅតែរក្សាភាពល្បីល្បាញរបស់ខ្លួនបានដដែល តែមិនអាចផ្តួលគូប្រជែង លោកព្រាប សុវត្ថិ ដែលឈរជើងនៅហង្សមាស ជាង២ទសវត្សន៍នោះបានឡើយ គិតត្រឹមឆ្នាំ២០១៨ នេះ។
ទោះជាយ៉ាងណា ខេមរៈ សិរីមន្ត នៅមានឱកាសជាច្រើនទៀត ក្នុងការពង្រីកទីផ្សារចម្រៀង ព្រោះតារារូបនេះមានគ្រឹះរឹងមាំតាមរយៈការមានខ្នងបង្អែកខ្ពស់ គឺលោកខេមរៈ ភារុណ ដែលជាបងប្រុស និងជាអ្នកនិពន្ធបទចម្រៀងល្បីៗឱ្យសិរីមន្ត ច្រៀង។
មហាជនបានលើកឡើងថា ពួកគេចង់ឃើញតារាចម្រៀងកូន៣ ខេមរៈ សិរីមន្ត ចូលរោងការជាមួយភរិយាអ្នកនាងផល្លី ជាសារធារណៈ បើទោះជាសិរីមន្ត អះអាងថា បានរៀបការហើយ កាលពីឆ្នាំ២០០៩ក្តី តែរហូតមកដល់ពេលនេះ គេមិនសូវជឿជាក់ឡើយ ហើយទស្សនិកជនចង់ឱ្យតារាល្បីរូបនេះយកគំរូតាមព្រាប សុវត្ថិ គឺហ៊ានបណ្តើរប្រពន្ធកូនជាចំហគ្រប់ពេល៕