ខេមរៈ សិរីមន្ដ បានក្លាយទៅប្រធានក្រុមហ៊ុន “ថៃ ត្រាហ្គន អុីមផត អ៊ិចផត” ដែលបានធ្វើពិធីសម្ពោធកាលពីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ នៅហាង ”ផ្កាព្រៃ” សង្កាត់ភ្នំពេញថ្មី ដោយមានអ្នកសារព័ត៌មានជាច្រើនបានចូលរួម។
តារាចម្រៀងផលិតកម្មរស្មីហង្សមាស ខេមរៈ សិរីមន្ដ ក៏បានដាក់សម្ពោធទឹកអប់ ម៉ាក Or Brand ដែលនាំចូលដោយក្រុមហ៊ុនរបស់ខ្លួនផ្ដាច់មុខដែរ តែតារាចម្រៀងល្បីល្បាញនេះមិនបញ្ជាក់ថា ការបោះទុនវិនិយោគលើក្រុមហ៊ុនមួយនេះ ចំណាយដើមទុនអស់ទឹកប្រាក់ប៉ុន្មានឡើយ។
អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស រូបនេះ បានថ្លែងថា លោកបាននាំចូលទឹកអប់ Or Brand ដែលដាក់លក់នៅក្បែរផ្ទះរបស់ខ្លួន ខាងក្រោយវត្តសំរោងអណ្ដែត ព្រមទាំងមានគម្រោងចង់ពង្រីកឲ្យបានសាខាគ្រប់២៥ខេត្តក្រុង នៅទូទាំងប្រទេសផងដែរ ហើយក្រុមហ៊ុនរបស់លោកស្វាគមន៍ជានិច្ច ចំពោះអតិថិជនដែលចង់ទិញសិទ្ធ (Franchise) ចំពោះទឹកអប់ដ៏ល្បី មកពីប្រទេសបារាំង នេះ។
ខេមរៈ សិរីមន្ដ អះអាងថា ”ខ្ញុំរីករាយខ្លាំងណាស់ដែលបានសហការជាមួយដៃគូ មកពីប្រទេសបារាំង ដែលនាំមកនូវទឹកអប់កំពូលបុរសនារី Or Brand មានក្លិនក្រអូបប្រហើរ ទាន់សម័យ សមស្របទៅនឹងយុគសម័យទំនើប នាពេលបច្ចុប្បន្ន និងអនាគត”។
នេះមិនមែនជាមុខរបរដំបូងរបស់ខេមរៈ សិរីមន្ដ នោះទេ ក្រៅពីអាជីពសិល្បៈ ព្រោះមុននេះ សិរីមន្ដ បានងាកទៅរកស៊ីផ្នែកអចលនទ្រព្យ ដោយបោះទុនរួមគ្នាជាមួយលោកឡេង ណាវ៉ាត់ត្រា នូវទឹកប្រាក់១០លានដុល្លារ រកស៊ីពុះដីឡីតិ៍លក់នៅខេត្តកំពង់ស្ពឺ។ ការបុករកសុីជំនួញផ្ទួនៗគ្នានេះ ធ្វើឲ្យមានការសង្ស័យថា ខេមរៈ សិរីមន្ដ ចង់ផ្ដោតលើការធ្វើជំនួញជាធំ ដោយដកខ្លួនបន្ដិចម្ដងៗពីអាជីពចម្រៀង។ ប៉ុន្ដែសិរីមន្ដ បានអះអាងថា មិនមានការប៉ះពាល់ដល់ការច្រៀងសម្ដែងនោះទេ ក្រោយពេលដែលលោកងាកមករកស៊ីលក់ដីធ្លី និងមានក្រុមហ៊ុនផ្ទាល់ខ្លួនឯងនេះ ព្រោះខាងក្រុមហ៊ុនលោកមានបុគ្គលិកមើលខុសត្រូវ ចំណែកលោកបន្ដការងារសិល្បៈជាធម្មតាដូចមុនអ៊ីចឹង។
ក្រោយកាត់ខ្សែបូរបើកសម្ពោធក្រុមហ៊ុនផ្ទាល់ខ្លួន ដោយគ្រប់គ្រងបុគ្គលិកជាច្រើនក្រោមឱវាទនេះ ខេមរៈ សិរីមន្ដ កាន់តែបោះជំហានទៅមុខធ្វើឲ្យតារាចម្រៀងរួមក្រុម មិនអាចតាមទាន់ថែមទៀត បន្ទាប់ពីមុននេះបានងាកទៅចាប់ដៃគូច្រៀងឆ្លងឆ្លើយជាមួយតារាជើងចាស់ថៃ លោក Tik Shiro នោះ។ ប៉ុន្ដែរឿងរៀបការវិញ សិរីមន្ដ ដែលទទួលស្គាល់ថា ខ្លួនមានប្រពន្ធនិងកូន៣ទៅហើយនោះ នៅមិនទាន់មានដំណឹងទេ ស្របពេលដែលព្រឹកថ្ងៃសម្ពោធនោះ អ្នកនាងផល្លី ភរិយាសិរីមន្ដ បានបង្ហាញខ្លួនមួយភ្លែត ក្នុងសម្លៀកបំពាក់ ដែលធ្វើឲ្យគេសង្ស័យថា នាងមានផ្ទៃពោះកូនទី៤ទៀតផង។ ប៉ុន្តែដោយសារមានអ្នកសារព័ត៌មានច្រើនពេក ចាំប្រមាញ់រូបនោះ អ្នកនាងផល្លី មិនហ៊ានមកក្បែរស្វាមី ដែលត្រូវបានអ្នកកាសែតភ្ជង់កាមេរ៉ាជុំមុខនោះឡើយ៕