Monday, November 18, 2024
Homeតារាខ្មែរអុីណូ មានភាគហ៊ុន២០ភាគរយ ក្នុងគម្រោងពុះដីឡូត៍២០លានដុល្លារ

អុីណូ មានភាគហ៊ុន២០ភាគរយ ក្នុងគម្រោងពុះដីឡូត៍២០លានដុល្លារ

តារាចម្រៀងផលិតកម្មសាន់ដេ លោកសាន្ដ សុភារិទ្ធិ ហៅអ៊ីណូ (Eno) បានបោះជំហានចូលរកស៊ីផ្នែកអចលនទ្រព្យ ដោយបោះទុនរកស៊ីពុះដីឡូតិ៍លក់ តាមរយៈការធ្វើសន្នីសីទកាសែត កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅហាងមួយក្បែរផ្សារដីហុយ ដោយមានអ្នកសារព័ត៌មានជាច្រើនបានចូលរួម។

តារាចម្រៀងដែលផ្ដើមចេញពីអ្នកនិពន្ធ លោកអ៊ីណូ បានចាប់ដៃជាមួយលោកជួន គន្ធា ហៅសីហា ដែលជាម្ចាស់គម្រោងទឹកប្រាក់២០លានដុល្លារ ដែលផ្ដោតលើការពុះដីឡូតិ៍ (អ៊ីណូ-សីហា) គម្រោងទី៩ មានទំហំ១០ហិកតារ ស្ថិតនៅ៣ទីតាំង គឺទីតាំងទី១. នៅពន្សាំង ទី២. នៅភ្នំបាសិត និងទី៣. នៅជិតផ្លូវ៥១ ជិតគ្រោងដីឡូតិ៍លោកព្រាប សុវត្ថិ។

តារាចម្រៀងផលិតកម្មសាន់ដេ និងម្ចាស់គម្រោង លោកសីហា បានឲ្យដឹងថា “ការចាប់គ្នានេះត្រូវចំណាយទុនរួម២០លានដុល្លារ ដែលមិនត្រឹមតែផ្ដោតលើការលក់ដីឡូតិ៍ប៉ុណ្ណោះទេ តែក៏មានការសង់ផ្ទះល្វែងលក់ផងដែរ”។

អ៊ីណូ ក៏បានអះអាងថា “ក្នុងការវិនិយោគផ្នែកអចលនទ្រព្យទឹកប្រាក់ធំ រហូតដល់២០លានដុល្លារនេះ រូបគេមានភាគហ៊ុនចំនួន២០%ផងដែរ”។

អ៊ីណូ បានថ្លែងថា “ពីមុន លោកពិបាកណាស់រស់នៅផ្ទះជួល ពីអ្នកនិពន្ធម្នាក់ ដែលសុំគេច្រៀងមិនបានទេ គឺមានតែផលិតកម្មសាន់ដេ ដែលព្រមទទួលយកឲ្យគេបានបញ្ចេញសមត្ថភាព។ ពេលនេះលោកជោគជ័យមួយកម្រិតហើយទៅលើអាជីពសិល្បៈ ដោយមានជីវភាពធូរធាសមរម្យនឹងគេ ហេតុនេះហើយបានជាងាកមករកស៊ីផ្នែកអចលនទ្រព្យវិញម្ដងព្រោះតែគិតថា ”មនុស្សចេះតែកើត តែដីមិនកើតនោះទេ” ហើយទស្សនៈរបស់គេ គឺ ”ទិញដីកើនទ្រព្យ”។

ក្រៅពីតារាចម្រៀងអ៊ីណូ ពេលនេះតារាសិល្បៈដែលងាកមករកស៊ីផ្នែកអចលនទ្រព្យមានដូចជា លោកព្រាប សុវត្ថិ , ខេមរៈ សិរីមន្ដ, យុត្ថារ៉ា ឆាន្នី, ខៀវ សុខារ៉ាវី, រ៉ានូ, លី ច័ន្ទសីហា ជាដើម ដែលពួកគេសុទ្ធតែយកពេលទំនេរពីការងារសិល្បៈ មករកស៊ីលក់ដីធ្លី។ ដោយឡែក អ៊ីណូ វិញ មានជំនឿចិត្តយ៉ាងមុតមាំថា មុខជំនួញថ្មីរបស់ខ្លួនផ្នែកអចលនទ្រព្យនេះ នឹងជោគជ័យដូចតារាផ្សេងៗទៀតជាមិនខាន។

លោកសីហា ម្ចាស់គម្រោងដីឡូតិ៍ (អ៊ីណូ-សីហា) បានឲ្យដឹងថា “ខ្ញុំអរគុណដល់ម្ចាស់ភាគហ៊ុនទាំងអស់ មានលោកអ៊ីណូ និងម្ចាស់ភាគហ៊ុនផ្សេងទៀត ដែលមកចូលរួមជាមួយគ្នាធ្វើកិច្ចការនេះ ធ្វើឲ្យកាវិនិយោគរបស់យើងកាន់តែរឹងមាំ។ យើងនឹងមានគម្រោងធំៗជាច្រើនទៀត ជាមួយម្ចាស់ភាគហ៊ុនទាំងអស់ផងដែរ”។

លោកសាន្ដ សុភារិទ្ធិ ហៅអ៊ីណូ បញ្ជាក់ថា ថ្វីត្បិតតែលោកងាកមករកស៊ីលក់ដី និងផ្ទះល្វែងមែន តែអាជីពចម្រៀង និងនិពន្ធនៅសាន់ដេ គឺនៅតែបន្ដដូចមុនដដែល ព្រោះមុខរបរថ្មីនេះ គឺចង់មានជំហរមួយរឹងមាំក្រៅពីសិល្បៈ

RELATED ARTICLES