ស្រីស្អាតៗចំនួន២៧នាក់ របស់កម្មវិធី Miss Grand Cambodia 2018 ដឹកនាំដោយក្រុមហ៊ុន BKA បាននាំគ្នាយកចំណីអាហារទៅចែកជូនដល់កុមារដែលផ្ទុកមេរោគអេសដ៍ ចំនួន២៨៧នាក់ នៅ “សហគមន៍ផ្ទះជាក្រុមភូមិរបស់យើងនៃអង្គការក្ដីសង្ឃឹម ថ្មីនៃកម្ពុជា” (NHCC) នៅភូមិសុបិន្ទ ឃុំត្រពាំងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨។
ពិធីករហូ ប៉ូសេង បានប្រាប់ថា កម្មវិធីសប្បុរសធម៌នេះបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន CP ដែលជាក្រុមហ៊ុនផ្ដោតទៅលើឧស្សាហកម្មចំណីសត្វកសិដ្ឋានពូជសត្វ និងច្នៃម្ហូបសាច់ស្រស់ ដោយគ្មានជំងឺដែលដំណើរការរយៈពេល១៨ឆ្នាំមកហើយ នៅប្រទេសកម្ពុជា។
Miss Grand Cambodia 2018 ចំនួន២៧រូបនោះ បានបង្ហាញភាពស្និទ្ធស្នាល និងការយកចិត្តទុកដាក់ចំពោះក្មេងៗដែលផ្ទុកមេរោគអេសដ៍ គួរឲ្យអាណិតទាំងនោះ ដោយពួកគេបានបញ្ចុកអាហារដល់ក្មេងៗ ព្រមទាំងច្រៀងរាំឲ្យក្មេងទស្សនាទៀតផង។
លោកសុក ផល្លា នាយកប្រតិបត្តិ “សហគម៍ផ្ទះជាក្រុម ភូមិរបស់យើងនៃអង្គការក្ដីសង្ឃឹមថ្មីនៃកម្ពុជា” បានឲ្យដឹងថា “នេះជាកម្មវិធីសប្បុរសធម៌ដ៏ល្អប្រពៃមួយ របស់ក្រុមហ៊ុន CP ដើម្បីលើកទឹកចិត្តដល់ក្មេងៗទាំងអស់ នៅសហគមន៍មានអារម្មណ៍ថា ពួកគេមិនឯកោទេ គឺមានថ្នាក់ដឹកនាំក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ដល់ពួកគេដោយគ្មានការរើសអើង។ ខ្ញុំសូមថ្លែងអំណរគុណដល់លោកនាយក CP ដែលបាននាំយកអាហារមកចែកជួនប្អូនៗ បានញាំដោយឈ្ងុយឆ្ងាញ់នាពេលនេះ ហើយសូមឲ្យ CP កាន់តែមានអតិថិជនច្រើនទៀតគាំទ្រ”។
នេះមិនមែនជាលើកទី១ឡើយ ដែល Miss Grand Cambodia បានទៅទស្សនកិច្ចនៅ “សហគមន៍ផ្ទះជាក្រុម ភូមិរបស់យើងនៃអង្គការក្ដីសង្ឃឹមថ្មីនៃកម្ពុជា” នេះ ព្រោះកន្លងមក BKA បាននាំបេក្ខនារីជំនាន់មុន មកចែកអាហារដល់ប្អូនៗផ្ទុកមេរោគអេសដ៍ជាញឹកញាប់មកហើយ។
លោកបុណ្យកើដ អាំងអំនួយសិរិ ប្រធានក្រុមហ៊ុន BKA បានឲ្យដឹងថា “លោកបានដឹកនាំបេក្ខនារី Miss Grand Cambodia ៤លើកមកហើយ ដល់អង្គការក្ដីសង្ឃឹមថ្មីនៃកម្ពុជានេះ ដើម្បីឲ្យបេក្ខនារីទាំងអស់បានចូលរួមកម្មវិធីសប្បុរសធម៌ តាមរយៈការចែករំលែកអាហារដល់ប្អូនៗកុមារកំព្រា ដែលផ្ទុកមេរោគអេសដ៍ គួរឲ្យអាណិតទាំងនេះ។ យើងមិនឲ្យប្អូនៗឯកោទេ ហើយថ្ងៃនេះ យើងធ្វើការជាមួយ CP និងបេក្ខនារីរបស់យើង២៧រូប ដែលឈានទៅប្រកួតផ្ដាច់ព្រ័ត្រ នៅថ្ងៃទី១៣ ខែកញ្ញា នេះ តាមទូរសទស្សន៍ MyTV។ ការចែកអាហារដល់ប្អូនៗឲ្យបានញាំសប្បាយជាមួយគ្នានេះយើងនឹងបន្តសកម្មភាពនេះទៅមុខទៀត តាមដែលអាចធ្វើទៅបាន៕