ការឆក់បានតំណែងតួឯក២រឿងជាប់គ្នា “រាជិនីភូមិគ្រឹះ” និងរឿង “ខ្ញុំមានញាណលើស” របស់ក្រុមហ៊ុនហង្សមាស ព្រមទាំងល្បីបាន១បទ “ហត់ទេស្រលាញ់គេម្នាក់ឯង?” នោះ ទីបំផុត អតីតតារាចម្រៀងផលិតកម្ម KH និងសាន់ដេ នេះ បានទាមទារឡើងតម្លៃខ្លួនទាំងច្រៀង Concert ធំៗ និងតាមប៉ុស្តិ៍ទូរទស្សន៍ នេះបើតាមអ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីទាំងឡាយបានបង្ហើបប្រាប់។
ព័ត៌មានបានឱ្យដឹងថា ការច្រៀង Concert ធំៗ អ្នកមេម៉ាយវ័យក្មេងសាច់សខ្ចីរូបនេះ ឡើងថ្លៃពី១០០០ទៅ១៥០០ដុល្លារ ចំណែការច្រៀងតាមប៉ុស្តិ៍វិញ ១កម្មវិធីស៊ីថ្លៃ៥០០ដុល្លារ ដែលផ្ទុយពីការកំណត់របស់សមាគមទូរទស្សន៍ ធ្លាប់ចែងថា តារាល្បីប៉ុនណា ក៏មិនឱ្យយកថ្លៃលើសពី១០០ដុល្លារ សម្រាប់ការច្រៀងតាមទូរទស្សន៍នោះ។
អ្នកដឹកនាំកម្មវិធីសិល្បៈមួយចំនួន តាមប៉ុស្តិ៍ទូរទស្សន៍ បានថ្ងូរថា ពួកគេឈឺក្បាលដោយសារតែអ្នកមេម៉ាយសុខ ស្រីនាង ទារឡើងថ្លៃលើសមុន១ជា២នេះ តែយ៉ាងណា ពួកគេបានឱ្យដឹងថា មិនមែនតែស្រីនាង ម្នាក់នោះទេ គឺឱ្យតែតារាល្បីៗនៅឆ្នាំ២០១៨ នេះ ណាត់គ្នាទារឡើងថ្លៃទាំងអស់គ្នា។
គួរបញ្ជាក់ថា សុខ ស្រីនាង បានដើរចេញពីផលិតកម្មសាន់ដេ ចូលទៅផ្ញើប្រាណជាមួយទ្រនំធំហង្សមាស ដែលប្រជុំទៅដោយតារាខ្លាំងៗជាច្រើនដួង។ ហង្សមាស បានធ្វើឱ្យស្រីនាង លោតឡើងវិញបន្តិច តាមរយៈការបោះបទឱ្យច្រៀង “ហត់ទេស្រលាញ់ គេម្នាក់ឯង?” និងតួឯក២រឿងជាប់គ្នា គឺរឿង “រាជិនីភូមិគ្រឹះ” និងរឿង “ខ្ញុំមានញាណលើស”។
អ្នកមេម៉ាយសាច់សខ្ចីគ្មានកូន១គ្រាប់ សុខ ស្រីនាង ត្រូវបានលោកថៅកែហង្សមាស ពេញចិត្តនូវទេពកោសល្យសម្តែងកុនរបស់នាង ទើបទម្លាក់ឱ្យធ្វើជាតួឯកជាប់ៗគ្នា ខណៈដែលស្រីនាង មានរូបសម្រស់កាន់តែប្លែកទៅៗ មិនចាញ់កាលនៅក្រមុំនោះ បានប្រឹងវិវឌ្ឍន៍ខ្លួនពីការធ្លាប់តែច្រៀងបែបស្រគត់ស្រគំ មកជាលេងក្បាច់រាំ និងមានក្រុមរាំអមអាជីពដូចតារាល្បីៗផ្សេងៗទៀតដែរ។
ប៉ុន្តែ អ្នកជំនាញសិល្បៈបានឱ្យដឹងថា ស្រីនាង មិនអាចធ្វើព្យុះភ្លៀងនៅហង្សមាស ជាមួយតារាចម្រៀងខ្លាំងៗ ដូចជាឱក សុគន្ធកញ្ញា, ពេជ្រ សោភា ឬសួស វីសា បានឡើយ ព្រោះថា សមត្ថភាពនាងច្រៀងមធ្យម ហើយមិនអាចប្រើប្រាស់សំឡេងច្រៀងបទណាមានតុងខ្ពស់ៗបាននោះទេ។
ទោះជាយ៉ាងណា អតីតភរិយាលោកស៊ី សុវត្ថិ រូបនេះ អាចត្រូវបានគេចាប់អារម្មណ៍លើការសម្តែងកុនជាងច្រៀងនៅហង្សមាស នេះ៕