មរណៈភាពរបស់លោក Beat Richner កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា ធ្លាប់ជួយជីវិតកុមារកម្ពុជា រាប់លាននាក់នោះ បានធ្វើឲ្យមហាជនជាច្រើនបានសម្ដែងនូវការសោកស្ដាយជាខ្លាំង ចំពោះការបាត់បង់រូបលោក ក្នុងវ័យ៧១ឆ្នាំនេះ ព្រោះតែពួកគេបានចាត់ទុកបុរសជនជាតិស្វីស ចិត្តធម៌នេះ ជានិម្មិតរូបនៃកុមារកម្ពុជា។
ដោយឡែក តារាសិល្បៈល្បីៗក៏បានបង្ហាញសារសោកស្ដាយអាឡោះអាល័យ និងចូលរួមមរណទុក្ខចំពោះលោកក្រុមគ្រួសារលោក Beat Richner ផងដែរ។
លោកព្រាប សុវត្ថិ បានថ្លែងសារថា “សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះលោក Beat Richner ស្ថាបនិកមន្ទីពេទ្យគន្ធបុប្ផា ដែលចំណាយពេលវេលាពេញមួយជីវិត សម្រាប់កុមារកម្ពុជា ជាទីស្រលាញ់របស់យើង សូមវិញ្ញាណក្ខន្ធលោកទៅកាន់សុខគតិភព កុំបីឃ្លាងឃ្លាត សេចក្ដីល្អ សព្វបែបយ៉ាង ពួកយើងនឹងចងចាំពេញមួយជីវិត។
មាស សុខសោភា បានបង្ហោះសារដែរថា “នាងខ្ញុំសូមសម្ដែងការសោកស្ដាយដោយក្ដីគោរព និងអរគុណចេញពីបេះដូងរបស់នាងខ្ញុំ។ សេចក្ដីស្រលាញ់ និងអាណិតអាសូចំពោះលោកបណ្ឌិត ចំពោះកុមារកម្ពុជាគ្រប់រូប គឺជាបេះដូងដ៏កក់ក្ដៅ ដ៏កម្រមួយ ដែលយើងខ្ញុំមិនអាចបំភ្លេចបាន។ សូមឲ្យដួងវិញ្ញាណក្ខន្ធលោកបណ្ឌិតបានទៅកាន់សុគតិភពហើយឈ្មោះ និងស្នាមញញឹមរបស់លោកបណ្ឌិត នឹងស្ថិនៅក្នុងដួងចិត្តយើងជានិច្ច”។
ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍ថា “ក្នុងនាមជាតារាចម្រៀងមួយរូបក្នុងប្រទេសកម្ពុជា នាងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់ Dr Beat Richner និងក្រុមគ្រូសារគាត់ទាំងអស់ ដែលលោកដុកទ័រ ទើបតែទទួលមរណភាពថ្មីៗ កាលពីល្ងាចថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ!!! លោកគឺជាវរៈជនក្នុងសន្ដានចិត្តមហាសប្បុរសពិតៗដល់កុមារកម្ពុជា ដែលលោកចំណាយពេលវេលាស្ទើរតែពេញមួយជីវិតរបស់លោក ក្នុងការសង្គ្រោះជីវិតកុមាកម្ពុជា រាប់សែនរាប់លាននាក់! លោកនឹងស្ថិតក្នុងការចងចាំរបស់ខ្មែរគ្រប់រូប! សូមវិញ្ញាណក្ខន្ធលោកបានទៅដល់ឋានស្ងប់សុខ និងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ”។
សុខ ពិសី ថ្លែងថា “ខ្ញុំនឹងចងចាំលោកក្នុងបេះដូង របស់ខ្ញុំជារៀងរហូត (I love you My hero)”។
អ៊ីវ៉ា ថ្លែងថា “សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត ទៅកាន់សុខគតិភាពចុះ! សូមអរគុណដល់ការលះបង់ដ៏ខ្ពង់ខ្ពស់ចំពោះប្រជាជនខ្មែរ”។
ឌួង ហ្សូរីដា “បេះដូងរបស់ខ្ញុំនឹងចងចាំលោកជារៀងរហូត។ សូមវិញ្ញាណក្ខន្ធរបស់លោកបានទៅកាន់សុគតិភព។
លោកគួច ខេវិន បានបង្ហាញសារយ៉ាងស្រងូតស្រងាត់ដែរថា “អរគុណខ្លាំងណាស់ដែលលោកបានចំណាយពេលវេលាពេញមួយជីវិតកុមារកម្ពុជា”។
ដោយឡែក លោកឧកញ៉ាហុង ពីវ បានថ្លែងសារថា “ខ្ញុំឧកញ៉ាហុង ពីវ ព្រមទាំងបុគ្គលិកទាំងអស់ សូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំបំផុត ចំពោះការបាត់បង់លោកវេជ្ជបណ្ឌិតទេវតា Beat Richner សូមដួងវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ”៕