ខេត្តតាកែវ ៖ បុរសជាជាងសំណង់ម្នាក់ ខណៈដែលកំពុងសាងសង់ផ្ទះឱ្យអ្នកស្រុក យកប្រាក់កម្រៃថ្លៃឈ្នួល ទុកសម្រាប់ដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ តែអកុសលខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០១៨ វេលាម៉ោង៩និង៣០នាទី។
ជនរងគ្រោះដែលត្រូវខ្សែភ្លែងឆក់ស្លាប់ ពេលកំពុងធ្វើការសំណង់នេះឈ្មោះអុល សំអាត ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរយោធា និងជាជាងសំណង់ មានទីលំនៅភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។
ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានស៊ីឈ្នួល ធ្វើផ្ទះឱ្យឈ្មោះខុញ បាន ភេទប្រុស អាយុ៥៣ ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិប្រហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដើម្បីយកតម្លៃ ថ្លៃឈ្នួលទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ជនរងគ្រោះបានមកស៊ីឈ្នួលសង់ផ្ទះខាងលើ អស់មួយរយៈពេលមកហើយ មិនដែលជួបគ្រោះកំណាចណាមួយឡើយ។ មុនពេលកើតហេតុ ជនរងគ្រោះ និងក្រុមជាងដទៃទៀតបាន ចូលធ្វើការជាធម្មតា តែដឹងអ្វី! ជនរងគ្រោះ ខ្វះការប្រុងប្រយ័ត្ន ប៉ះនឹងខ្សែភ្លើង ដែលមានចរន្តឆ្លងកាត់ ទើបបណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម មិនអាចឱ្យគ្រូពេទ្យជួយសង្គ្រោះបានឡើយ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឡើង និងរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។
ក្រោយពីទទួលបានដំណឹងនេះភ្លាម កម្លាំងមានសមត្ថកិច្ចបានចាត់តាំងកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្ត្រចុះដល់កន្លែងកើតហេតុពិនិត្យសព តាមលក្ខណៈបច្ចេកទេសរួចបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ប្រាកដមែន មិនមានជាប់ពាក់ព័ន្ធករណីអ្វីផ្សេង ឡើយ ហើយក៏ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕