សុខ ពិសី ដែលប៉ះរឿងស្នេហ៍ដ៏រសើបជាមួយលោកឡាយ សុខចំរើន ហៅសេង ជាច្រើនឆ្នាំមកហើយនោះ រហូតមកដល់ពេលនេះ តារាសាច់សខ្ចីនៅតែមិនហ៊ានសារភាពស្នេហ៍នេះឡើយ ហើយទាំងពិសី និងលោកចំរើន នៅតែមានះថា ពួកគេរាប់អានគ្នាដូចមេ និងកូនចៅ។
មហាជនជាច្រើនបានលើកឡើងថា សុខ ពិសី ហាក់គ្មានភាពក្លាហានសោះក្នុងការលាតត្រដាងស្នេហ៍ ទើបធ្វើឱ្យចំណងស្នេហានាងនៅតែស្ថិតក្នុងភាពអាថ៌កំបាំងខុសពីឱក សុគន្ធកញ្ញា ដែលថ្មីៗនេះ នាងធ្វើឱ្យទស្សនិកជនផ្អើលពេញផ្ទៃប្រទេស តាមរយៈការដឹកដៃលោកអ៊ឹង សុខលី ប្អូនថៅកែហង្សមាស ភ្ជាប់ពាក្យជាចំហ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ហើយពេលនេះ ពួកគេរួមរស់ជាមួយគ្នានៅក្រោមដំបូលផ្ទះវីឡាទ្រនំស្នេហ៍យ៉ាងមានសេចក្តីសុខ។
ដោយឡែក សុខ ពិសី វិញអាចជាការខ្លាចធ្លាក់កូដប៉ះពាល់ដល់អាជីពចម្រៀង ទើបពេលនេះ បានជ្រើសផ្លូវបន្តលាក់បាំងស្នេហានេះតទៅទៀត ខណៈដែលតារាចម្រៀងស្រីជួរមុខគេ នាពេលបច្ចុប្បន្ននេះ ដូចជា សុគន្ធ និសា, មាស សុខសោភា, ពេជ្រ សោភា និងសួស វីសា ជាដើមនោះ ពួកគេសុទ្ធតែបានបង្ហាញគូស្នេហ៍ជាចំហអស់ទៅហើយ។
គួរបញ្ជាក់ថា សុខ ពិសី ជាស្រីស្អាតម្នាក់ដែលមានជម្រើសស្នេហ៍ច្រើន ដោយសារមានប្រុសជាអ្នកមានទ្រព្យស្តុកជាច្រើនតាមប្រមាញ់ស្នេហ៍តារាសាច់ដូចបណ្តូលចេករូបនេះ ដែលក្នុងនោះ មានទាំងកូនលោកឧកញ៉ាមហាសេដ្ឋីម្នាក់ផងដែរ។ ប៉ុន្តែ ពិសី ហាក់មិនចាប់អារម្មណ៍តំណែងជំទាវឡើយ ហើយពេលនេះនាងកាន់តែបង្ហាញភាពស្និទ្ធស្នាលជាមួយថៅកែសាន់ដេ លោកឡាយ សុខចំរើន ដូចក្រុមគ្រួសារតែមួយ តាមរយៈការជិះរថយន្តចូលគ្នា ហើយគេជឿថា មិនយូរឡើយចំណងស្នេហាសុខ ពិសី នឹងត្រូវលាតត្រដាងច្បាស់នៅពេលខាងមុខនេះ ដូចឱក សុគន្ធកញ្ញា ដែរជាមិនខានឡើយ៕