ឌុច លីដា ដែលតែងតែថតរឿងស្នេហាក្តៅសាច់ស្រើបស្រាលជាច្រើនរឿងមកហើយនោះ ស្រាប់តែសារភាពថា នាងសុំចុះចាញ់ប្រុសសង្ហា លោកយឹត មាសឧស្សាហ៍ ហៅអេតវីន (Edwin) ដោយលែងខ្លួនននលគក យកមេឃបាំងនៅចំពោះមុខនាង ដែលធ្វើឱ្យនាងព្រឺរោមខ្ញាកៗ រហូតមកដល់ពេលនេះ មិនទាន់បាត់ផង។
ការថ្លែងបែបនេះរបស់នាងឌុច លីដា នៅក្នុងកម្មវិធីសម្ពោធរឿង “កូនពស់កេងកង” របស់ផលិតកម្មរស្មីហង្សមាស ដែលបានរៀបចំនៅផ្សារទំនើបអ៊ីអន សែន សុខ កាលពីល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដែលពិតជាធ្វើឱ្យអ្នកដើរផ្សារ តារាសម្តែង និងផលិតករជាច្រើន ចាប់អារម្មណ៍ពីស្រីស្រអែមស្រស់នេះ ដោយម្នាក់ៗលាន់មាត់ថា “យី! លីដា ថតរឿងស្រើបស្រាលរាប់ភ្លេចទៅហើយ ទើបមកបះសក់ច្រូង ដោយសារតែឃើញលោកអេតវីន លែងខ្លួនទទេនៅចំពោះមុខនេះទៅវិញ”។
ឌុច លីដា ថ្លែងថា “ខ្ញុំកំពុងតែគេង ស្រាប់តែមានគេទូរស័ព្ទមក ខ្ញុំក៏លើកហើយគេប្រាប់ថា ទូរទស្សន៍ហង្សមាស ចង់ទាក់ទងថតរឿង “កូនពស់កេងកង” ហើយពេលនោះ កំពុងងងុយគេង តែគ្រាន់តែឮកូនពស់កេងកង គឺស្វាងឱ្យចែសតែម្តង លុយមកទៀតហើយ (សើច)។ នៅពេលឮថា លោកពូហ្វៃ សំអាង ជាអ្នកដឹកនាំ គឺរំភើបមែនទែន ព្រោះគាត់ជ្រើសរើសខ្ញុំជាតួអង្គសូរិយា ដែលជាតួទេពនារីជាខ្មោច ក៏មិនច្បាស់សាច់រឿងនេះ ពិបាកខ្លាំងណាស់ ខ្ញុំត្រូវសម្តែងជាមួយកូនពស់រាប់រយក្បាល មានអារម្មណ៍ថាខ្លាចផង ភ័យផង ញ័រដៃញ័រជើង ហើយគិតថា ទទួលរឿងគេហើយ ត្រូវតែទទួលធ្វើឱ្យបាន។ ចំពោះឈុតដែលខ្ញុំប្លែកអារម្មណ៍បំផុត គឺត្រង់ប្លង់តួប្រុស លោកអែតវីន កំពុងតែវាក់អឺ អត់មានស្លៀកពាក់អីរុំបាំងម៉ាតិច ហើយពេលងើបពីទឹកមក នែ! ខ្ញុំភ្ញាក់មែនទែនតែម្តង! ខ្ញុំសូមសរសើរដល់លោកអេតវីន ដែរ ដែលគាត់លះបង់មែនទែន គឺស្លៀកខ្យល់ដណ្តប់មេឃ ហើយពេលមើលប៉ារ៉ូល ស្រាប់តែគាត់ងើបពីទឹកមក ខ្ញុំភ្ញាក់ព្រឺត ព្រោះអេតវីន អត់មានអីបាំងអាលីង។ ខ្ញុំតាំទឹក៤ម៉ោង ហើយឈុតពិបាកមួយទៀត គឺត្រង់បង្កួយទម្ងន់១៥គីឡូ តោងស្មានិងក្បាល ខ្ញុំត្រង់ហ្នឹងពិបាកខ្លាំងដែរ”។
ដោយឡែក តារាសម្តែងសំខាន់ៗផ្សេងទៀត ដូចជាលោកញ៉ែម សុគន្ធ, ឆឹម សក្កដា, ម៉ាក សែនសូនីតា និងម៉ៃយ៉ា ជាដើមនោះ សុទ្ធតែបង្ហាញនូវការពិបាកស្របគ្នាថា រឿង “កូនពស់កេងកង” នេះ ត្រូវលេងជាមួយពស់វែកមែនទែន ហេតុនេះហើយ ទើបធ្វើឱ្យពួកគេមានការប្រុងប្រយ័ត្ន និងព្រឺរោម ពេលដែលលេងជាមួយពស់មែនទែន ដែលអ្នកដឹកនាំ និងសម្តែងរឿងលោក ហ្វៃ សំអាង ជាអ្នករៀបចំនោះ។
ក្រៅពីតារាសម្តែងសំខាន់ៗខាងលើនេះ រឿង “កូនពស់កេងកង” ក៏មានការចូលរួមពីតារាសម្តែងល្បីៗជាច្រើនដួងទៀត ដូចជា លោកម៉េង ប៊ុនឡូ, សាវីន ហ្វីលីព, ស្វែង សុជាតា, ចន ច័ន្ទលក្ខិណា, លី ម៉ារីណា, អាចិន និងតារាល្បីៗជាច្រើនទៀត។
លោកហ្វៃ សំអាង ដែលជាអ្នកដឹកនាំសម្តែងរឿង “កូនពស់កេងកង” បានបង្ហាញពីមោទកភាពចំពោះការទទួលបានជោគជ័យតាមគម្រោងរបស់លោក ក្នុងការថតភាពយន្តមួយនេះ រួមទាំងមានសហការដ៏ល្អរបស់តារាសម្តែងទាំងអស់ជាមួយលោក។
អ្នកដឹកនាំសម្តែងល្បីឈ្មោះរូបនេះ មានជំនឿចិត្តថា “ភាពយន្តមួយនេះ នឹងធ្វើឱ្យអ្នកទស្សនាប្លែកអារម្មណ៍ជាងរឿងមុន ព្រោះប្រជុំទៅដោយតារាសម្តែងល្បីៗ ហើយក្នុង១រឿងនេះ មានអមទៅដោយបទចម្រៀងតារាល្បីៗរបស់ហង្សមាស ជាច្រើនដួងទៀតផង ដូចជា លោកព្រាប សុវត្ថិ, ឱក សុគន្ធកញ្ញា, សុគន្ធ និសា, ខាត់ សុឃីម, ផន ស្រីខួច និងតារាជាច្រើនទៀត។
លោកសំអាង ក៏បង្ហើបឱ្យដឹងថា “រឿងនេះបានឆ្លុះបញ្ចាំងជាច្រើនសម័យកាលបញ្ចូលគ្នា ឱ្យមានគ្រប់រសជាតិតែម្តង ហេតុនេះហើយ លោកសូមសំណូមពរឱ្យទស្សនិកជនខ្មែរ ជួយគាំទ្រភាពយន្តខ្មែរ មួយនេះផង”។
អ្នកតំណាងផលិតកម្មរស្មីហង្សមាស បានឱ្យដឹងថា រឿង “កូនពស់កេងកង” នេះ នឹងដាក់បញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍ហង្សមាស និងរស្មីហង្សមាស នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅរៀងរាល់ថ្ងៃច័ន្ទ ដល់ពុធ វេលាម៉ោង៨ដល់៩យប់ ហើយរឿងភាគនេះចំណាយថវិកាអស់ជាច្រើនម៉ឺនដុល្លារ តែហង្សមាស សូមមិនប្រាប់ទិន្នន័យពិតនៃប្រាក់បោះទុននោះឡើយ៕