Tuesday, November 19, 2024
Homeតារាខ្មែរវ៉ាន់នីឡា ជឿថា យុត្តិធម៌ពិតជាមានសម្រាប់នាង

វ៉ាន់នីឡា ជឿថា យុត្តិធម៌ពិតជាមានសម្រាប់នាង

សាលាឧទរណ៍បានប្រកាសសាលដីកាសំណុំរឿងអតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស នាងសុខ ចិន្ដា ហៅវ៉ាន់នីឡា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ដោយជំទាស់ទៅនឹងការប្ដឹងបករបស់ជនជាប់ចោទ លោកគុយ សិទ្ធិស័ក្ដិ ខណៈដែលជនជាប់ចោទមិនមានមុខចូលបំភ្លឺឡើយ គឺមានតែមេធាវីទៅតំណាង។

តារាចម្រៀងវ៉ាន់នីឡា ដែលបាត់បង់អាជីពទាំងស្រុង ដោយសារតែត្រូវអតីតសង្សារទម្លាយរូបថតអាក្រាតនោះ ហាក់មានសង្ឃឹមសារជាថ្មីឡើងវិញបន្ដិ ចក្រោយពេលដែលនាងខកចិត្តដោយសារតុលាការ ដែលមិនបានរកយុត្តិធម៌ជូននាង តាមរយៈសាលដីការបស់សាលាដំបូងនោះ ហើយពេលនេះ នាងរង់ចាំមើលជាបន្ដទៀតថា តើជនជាប់ចោទនឹងបន្ដប្ដឹងនាងទៅសាលាកំពូលទៀត ឬយ៉ាងណា?

វ៉ាន់នីឡា ថ្លែងថា ”ក្រោយពីសាលាដំបូង ចេញសាលក្រមឲ្យសងសំណង និងជាប់ទោស ជនត្រូវចោទបានប្ដឹងមកសាលាឧទ្ធរណ៍ ហើយសាលាឧទ្ធរណ៍បានកោះហៅជនជាប់ចោទ គុយ សិទ្ធិស័ក្ដិ មិនបានចូលខ្លួនទេ មានតែមេធាវីរបស់គេមកចូលរួម ហើយថា ជនត្រូវចោទជាប់រវល់។ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ សាលាឧទ្ធរណ៍បានជំទាស់ការប្ដឹងជំទាស់របស់ជនជាប់ចោទ។ ខ្ញុំសូមអរគុណដល់សាលាឧទ្ធរណ៍ ដែលផ្ដល់យុត្តិធម៌ និងកិត្តិយសដល់រូបនាងខ្ញុំ ដោយបដិសេធការប្ដឹងទាស់។ តទៅទៀត ខ្ញុំរង់ចាំមើលនិតិវិធីទៅទៀត តើគេអាចប្ដឹងដល់កំពូលទៀតទេ? ការរង់ចាំចំណាត់ការរបស់តុលាការនេះ មានរយៈពេលច្រើនខែឆ្នាំហើយ។ ខ្ញុំពិតជាចង់បានយុត្តិធម៌ពេញលេញឆាប់ៗនេះណាស់។ ខ្ញុំជឿថា ទោះបីជាគេមានខ្នង មានខ្សែមេគុក មានគ្នាសុទ្ធតែខាងអ្នកច្បាប់ អ្នកចាប់ចងពីចំហាយឪពុករបស់គេ ក៏គេមិនអាចគេចផុតពីច្បាប់បានដែរ ច្បាប់នឹងផ្ដល់យុត្តិធម៌ដល់រូបនាងខ្ញុំ ដើម្បីកុំឲ្យជនជាប់ចោទគុយ សិទ្ធិស័ក្ដិ នោះ រួចខ្លួនឲ្យសោះ ដែលជាការសម្អាតជនពាលក្នុងសង្គមយើង កុំឲ្យជនពាលបានដៃប្រព្រឹត្តិល្មើសហើយ នៅតែដើររីករាយក្រៅគុកដូចសព្វថ្ងៃ។ ខ្ញុំសូមអរគុណបងប្អូនដែលតែងផ្ដល់ការលើកទឹកចិត្តដល់នាងខ្ញុំរហូតមក ហើយនាងខ្ញុំនៅតែត្រូវការបងប្អូននៅក្បែរជានិច្ច “។

គួររំលឹកថា សំណុំរឿងតារាចម្រៀងវ៉ាន់ នីឡា ប្ដឹងលើអតីតសង្សារគុយ សិទ្ធិស័ក្ដិ ពីបទចែកចាយរូបអាសអាភាស និងប្រើអំពើហិង្សារ កាលពីឆ្នាំ២០១៥នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលដីការផ្ដន្ទាទោសជនជាប់ចោទគុយ សិទ្ធិស័ក្ដិ ឲ្យជាប់ពន្ធធនាគាររយៈពេល១ឆ្នាំ និងសងជំងឺចិត្តទឹកប្រាក់២០០លានរៀល (៥ម៉ឺនដុល្លារ)៕

RELATED ARTICLES