Monday, November 18, 2024
Homeតារាខ្មែរខៀវ សុខារ៉ាវី រៀបការជាមួយអាណិកជនអាមេរិក តាមការណែនាំរបស់បងស្រី

ខៀវ សុខារ៉ាវី រៀបការជាមួយអាណិកជនអាមេរិក តាមការណែនាំរបស់បងស្រី

អ្នកស្រីនីន រ៉ាត់ ម្ដាយរបស់ខៀវ សុខារ៉ាវី បានអះអាងកាលពីរសៀលថ្ងៃទី០២​ខែវិច្ឆិកា​នេះថា​ពេលនេះ​សុខារ៉ាវី​ពិតជាបានរៀបការហើយ​តែមិនមែនធ្វើនៅស្រុកខ្មែរនោះទេ​គឺធ្វើនៅសហរដ្ឋអាមេរិក​ដែលរូបគាត់មិនបានចូលរួមឡើយ។

ម្ដាយសុខារ៉ាវី​ ថ្លែងថា ”អាវី! ការហើយ តែខ្ញុំមិនចាំថ្ងៃខែច្បាស់ទេ ព្រោះទើបថ្មីៗហ្នឹង។ មង្គលការហ្នឹងខ្ញុំក៏មិនបានចូលរួមដែរ ព្រោះធ្វើនៅអាមេរិក​តែមិនអីទេ​​ ឲ្យតែកូនៗស្រលាញ់គ្នាទៅចុះ។ អាវី គ្រោងមកកាត់ចំណងដៃនៅស្រុកខែ្មរ នាពេលខាងមុខ តែមិនទាន់កំណត់ថា ពេលណាឲ្យបានច្បាស់លាស់នោះទេ“។

ខៀវ សុខារ៉ាវី និងអ្នកស្រីនីន រ៉ាត់

ការសារភាពថា ខៀវ សុខារ៉ាវី រៀបការប្ដីនៅអាមេរិក របស់អ្នកស្រីនីន​រ៉ាត់​នៅពេលនេះ​ស្របពេលដែលមានដំណឹថា​សុខារ៉ាវី​បានភ្ជាប់ស្នេហ៍ជាមួយលោកឧកញ៉ាដែលមានវ័យចំណាស់ម្នាក់​ឬគេហៅថា​”ឧកញ៉ាតាៗ”​ដែលធ្វើឲ្យនាងក្ដាប់ទ្រព្យមិនចាញ់សេដ្ឋិនីឡើយ ពោលគឺពាក់គ្រឿងពេជ្រទាំងឈុតៗ ហើយនាងបោះទុនរកស៊ីផ្នែកអចលនទ្រព្យ ដោយទិញលក់ដីធ្លី និងសង់ផ្ទះទៀតផង។

ប៉ុន្ដែនៅពេលដំណឹងនេះកំពុងល្បីសុសសាយ ស្រាប់តែសុខារ៉ាវី ទម្លាយរូបឱបថើបគ្នាជាមួយបុរសម្នាក់មានពុកមាត់ក្រាស់ ហើយនាងថ្លែងសារថា ”ទីបំផុត រៀបការបានសម្រេចមែន”។ ការអះអាងបែបនេះរបស់ខៀវ សុខារ៉ាវី គឺផ្ទុយពីអ្វីដែលនាងធ្លាប់ប្រាប់អ្នកយកព័ត៌មានយើងថា សម័យនេះទៅហើយ តើរៀបការធ្វើអីទៀត?

ម្ដាយខៀវ សុខារ៉ាវី បន្ថែមថា ”ដូចខ្ញុំប្រាប់វិចិត្រឯង (អ្នកយកព័ត៌មានហើយ) ថា មានអ្នកធំឯណាស្រលាញ់ទៅ? ប្ដីអាវី ជាអាណិកជនខ្មែរ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ហើយគេធ្វើការធម្មតាហ្នឹង តែបានស្រលាញ់គ្នាជាយូរមកហើយ តាមរយៈបងស្រីអាវី ណែនាំឲ្យ។ ខ្ញុំមិនបានទៅចូលរួមមង្គលការកូនស្រី មិនជាស្ដាយអីទេ ព្រោះពួកគេគង់តែមកកាត់ចំណងដៃនៅស្រុកខ្មែរដែរ”។

អ្នកស្រីនីន រ៉ាត់ បានសរសើរចំពោះកូនប្រសារថា មិនប្រកាន់រឿងអតីតកាលរបស់សុខារ៉ាវី ដែលធ្លាប់មាននោះទេ ផ្ទុយទៅវិញ កាន់តែស្រលាញ់ស្មោះថែមទៀត ហើយចាប់ពីពេលនេះតទៅ រ៉ាវី មិនចូលសិល្បៈនោះទេ គឺរស់នៅអាមេរិក តែយូរៗមកលេងស្រុកខ្មែរម្ដង”។

ទោះជាយ៉ាងណា ជុំវិញការបញ្ជាក់របស់អ្នកស្រីនីន រ៉ាត់ ថា ខៀវ សុខារ៉ាវី ពិតជាបានរៀបការនៅអាមេរិក យ៉ាងពិតប្រាកដមែននោះ ធ្វើឲ្យមហាជនខ្លះនៅមិនទាន់ជឿជាក់ទាំងស្រុងនោះទេ ព្រោះថា មុននេះ សុខារ៉ាវី ដែលមានកូនប្រុសម្នាក់ អាយុជិត១០ឆ្នាំទៅហើយនោះ នាងមានផ្ទៃពោះកូនទី២ ចំពេលដែលមានដំណឹងថា មានឧកញ៉ាចំណាស់ម្នាក់តាមស្នេហ៍ដែរ។

អ្វីដែលគួរឲ្យសង្ស័យនេះ ម្ដាយសុខារ៉ាវី ដែលទៅណាតាមសុខារ៉ាវី គ្រប់ពេលនោះ ពេលនេះបែរជាមិនបានទៅចូលរួមមង្គលការកូនស្រី ហើយមិនចាំថ្ងៃការនោះថា ធ្វើពេលណាទៅវិញ។

គេចាំបានថា អំឡុងពេលដែលខៀវ សុខារ៉ាវី កំពុងតែល្បី ហើយបាត់ខ្លួនឈឹងជាង៧ឆ្នាំនោះ ម្ដាយសុខារ៉ាវី ក៏ធ្លាប់ប្រាប់អ្នកកាសែតថា រ៉ាវី បានចេញទៅរស់នៅអាមេរិក បាត់ទៅហើយដែរ។ ប៉ុន្តែកាលនោះ ការពិត ខៀវ​សុខារ៉ាវី បានសម្ងំពពោះនៅវីឡាមួយកន្លែង ម្ដុំព្រែកលៀប ខណៈដែលដំណឹងស្នេហានាងជាមួយលោកផ្កាយ៤ បានផ្ទុះឡើង។

ដោយឡែក ពេលនេះ សុខារ៉ាវី កំពុងតែកាក់កបរកស៊ីផ្នែកអចលនទ្រព្យ ចុះម៉េចបានជានាងទៅរៀបការប្ដី ហើយទៅរស់នៅអាមេរិក ចោលកូនប្រុសទៅវិញ?

អ្នកស្រីនីន រ៉ាត់ សង្កត់ថា ”ក្រុមហ៊ុនអចលទ្រព្យរបស់អាវី នោះ គឺនៅដំណើរការធម្មតាទេ ព្រោះមានកូនប្រុសពៅខ្ញុំ ជាប្អូនអាវី ជាអ្នកគ្រប់គ្រង។ ខ្ញុំចង់បញ្ជាក់ថា អាវី បានចេញទៅរស់នៅអាមេរិក តាំងពីគេបង្កើតក្រុមហ៊ុនរកស៊ីដីធ្លីហ្នឹងហើយម្ល៉េះ”។

ខៀវ សុខារ៉ាវី បានបរាជ័យក្នុងការដឹកដៃអតីតគូដណ្ដឹង លោកស៊ុក សុភា ចូលរោងការកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៨ ព្រោះមង្គលការនោះលុបចោលយ៉ាងទាន់ហន់ ដោយសាររងការគំរាមពីមន្ដ្រីធំម្នាក់។ សុខារ៉ាវី ដែលបាត់ខ្លួនពីអាជីពសិល្បៈជាង៧ឆ្នាំនោះ បានវិលត្រឡប់មករកអាជីពចាស់វិញ នៅឆ្នាំ២០១៦ តែមិនបានជោគជ័យឡើយ ទើបដកខ្លួនចេញពីសិល្បៈជាលើកទី២ ដោយពេលនេះ នាងមានកូនប្រុសម្នាក់អាយុជិត១០ឆ្នាំទៅហើយ តែរ៉ាវី មិនព្រមប្រាប់ជាដាច់ខាតថា អ្នកណាជាដំណក់ឈាមកូនប្រុសរបស់នាងនោះ ហើយស្រាប់តែពេលនេះ បែរជាថាបានរៀបការប្ដីនៅអាមេរិក ទៅវិញ៕

RELATED ARTICLES