មាស សុខសោភា ដែលទើបហោះមកពីបារាំង កាលពីពេលថ្មីៗនេះ បានឡើងច្រៀងនៅប៉ុស្តិ៍ទូរទស្សន៍ PNN ក្នុងកម្មវិធី “Anchor Fun Zone” កាលពីរាត្រីថ្ងៃអាទិត្យ ទី០៤ ខែវិច្ឆិកា ដោយប៉ះជាមួយតារារួមអាជីព ខេមរៈ សិរីមន្ត និងឆន សុវណ្ណារាជ។
អ្វីដែលបង្កការភ្ញាក់ផ្អើលខ្លាំងពេញបន្ទប់នោះ គឺខេមរៈ សិរីមន្ត បានលាន់សំឡេងភ្ញាក់ផ្អើលពេញក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ព្រោះនៅពេលដែលសិរីមន្ត បើកទ្វារចូលស្រាប់តែងងឹតឈឹង និងក្រោយមក ស្រាប់តែមាស សុខសោភា និងឆន សុវណ្ណារាជ លើកនំខេកមកជូនសិរីមន្ត ដោយច្រៀងបទ “Happy Birthday Toyoុ”។ ខេមរៈ សិរីមន្ត រំភើបផងភ្ញាក់ផ្អើលផង ព្រោះតែត្រូវមិត្តរួមអាជីព ធ្វើឱ្យភ្ញាក់ផ្អើលទាំងយប់បែបនេះ ហើយរូបគេបានអរគុណដល់អ្នកគ្រប់គ្រងកម្មវិធី លោកគួច ខេវិន ដែលរៀបចំខួបឱ្យគេនៅឆាកតន្ត្រី ដោយមានមាស សុខសោភា និងឆន សុវណ្ណរាជ រួមទាំងក្រុមរាំឈរអមជុំវិញនោះ។
គួរបញ្ជាក់ថា ខេមរៈ សិរីមន្ត ត្រូវបានអ្នកគាំទ្ររបស់ខ្លួន (Fan) ទាំងស្រីទាំងប្រុស ទៅធ្វើខួបកំណើតឱ្យតារាចម្រៀងរូបនេះ ដល់ហាងភរិយារបស់គេនៅក្បែរវត្តសំរោងអណ្តែត កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងគម្រប់អាយុ៣០ប្លាយ របស់តារាចម្រៀងហង្សមាស រូបនេះ។
អ្វីគួរឱ្យកត់សម្គាល់ផងដែរ គឺខេមរៈ សិរីមន្ត បានយកថ្ងៃកំណើតរបស់ខ្លួន ដើររើសសំរាម សម្អាតបរិស្ថាន ដែលសកម្មភាពបែបនេះ ជាគំរូល្អមួយសម្រាប់តារាផ្សេងៗទៀត។ ប៉ុន្តែនៅពេលសិរីមន្ត ត្រូវអ្នកគាំទ្រចាប់ឱបថើប មានទាំងក្រមុំៗផងនោះ បែរជាគេមិនឃើញភរិយាកូន៣នាក់ របស់តារាចម្រៀងរូបនេះ អ្នកនាងផល្លី ឈរនៅនែបនិត្យសិរីមន្ត ដូចគូស្នេហ៍តារាផ្សេងៗទៀតឡើយ៕