អ្នកមេម៉ាយកូន៣ អ្នកនាងស៊ិន ឧត្តមផល្លា ដែលបាត់មុខពីអាជីពសិល្បៈជាង១ទសវត្សមកហើយនោះ ពេលនេះ ស្រាប់តែវិលមករកអាជីពចាស់វិញ ដោយថែមទាំងលេងខ្លួនយ៉ាងសិចស៊ី មិនចាញ់តារាវ័យក្មេងៗឡើយ។
តាមរយៈការឡើងឆាកតន្ត្រីទូរទស្សន៍អាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី០៤ ខែតុលា នេះ អ្នកនាងឧត្តមផល្លា បានច្រៀងបទចម្រៀង៣បទ គឺ “Self Control”, “ពួកយើងមិនដូចគ្នាទេ” និងបទ “ស្រលាញ់ប្រុសស៊ីវីល័យ”។
ក្នុងជំនួបផ្ទាល់ អ្នកនាងស៊ិន ឧត្តមផល្លា បានឱ្យដឹងថា មូលហេតុដែលអ្នកនាងផ្អាកពីអាជីពសិល្បៈរយៈពេលយូរឆ្នាំនេះ ដោយសារតែនាងមានកូនតូចៗ និងជាប់រកស៊ីលក់ស្លាដក តែពេលនេះ កូនធំៗអស់ហើយ ទើបមានឱកាសអាចចូលច្រៀងសម្តែងវិញដូចមុនបាន។
អ្នកនាងឧត្តមផល្លា ថ្លែងថា “ខ្ញុំបានឈប់ពីអាជីពសិល្បៈរយៈពេល១១ឆ្នាំ ទើបតែចូលវិញ បានជាង១ឆ្នាំនេះ ហើយខ្ញុំទទួលបានការច្រៀងតាមកម្មវិធីផ្សេងៗជាហូរហែ ពិសេស គឺកម្មវិធីមង្គលការគេ។ ថ្មីៗនេះដែរ ខ្ញុំទើបថតចប់រឿង “រាជិនីភូមិគ្រឹះ” របស់ហង្សមាស និងរឿង “ភរិយាឥតខាន់ស្លា” របស់ទូរទស្សន៍បាយ័ន ហើយក៏មានផលិតកម្មមួយចំនួនទៀតបានទាក់ទងឱ្យថតរឿងថ្មីៗទៀតដែរ។ ចាប់ពីពេលនេះតទៅ ខ្ញុំប្រកាសថា នឹងចូលសិល្បៈវិញយ៉ាងពេញទំហឹងហើយ ទាំងការថតភាពយន្ត និងច្រៀងតាមកម្មវិធីផ្សេង”៕