តារាសិចស៊ីដើមទ្រូងទ្រលុកទ្រលន់គល់ភ្លៅសស្ញាច នាងសួង សាខារ៉ានីត ដែលឆ្វាក់តែជាតួអង្គឆ្នាសឆ្នើមនោះ ស្រាប់តែឆក់បានតំណែងជាតួឯកក្នុងភាពយន្តខ្នាតធំ របស់ផលិតកម្ម LD Picture រឿង “កូនក្រក” ដោយប៉ះជាមួយតួឯកប្រុស លោកឡាយ វណ្ណយុទ្ធ។ ស្រីស្រស់ដែលច្រើនតែចូលចិត្តស្លៀកខោខ្លី បញ្ចោញសាច់គល់ភ្លៅឱ្យប្រុសៗជ្រួលជ្រើម សាខារ៉ានីត បានបង្ហាញអារម្មណ៍សប្បាយរីករាយក្នុងចិត្តជាខ្លាំង នៅពេលដែលភាពយន្តបែបជំនឿអរូបីរបស់ខ្មែរមួយនេះ ត្រូវបានសម្ពោធកាលពីល្ងាចថ្ងៃ ទី07 ខែវិច្ឆិកា ឆ្នាំ2018 នៅផ្សារទំនើបអ៊ីអន1 ដោយមានតារាសិល្បករ និងអ្នកសារព័ត៌មាន ជាច្រើនបានចូលរួម។
សួង សាខារ៉ានីត ហៅពីងពីង ថ្លែងថា “ខ្ញុំមិនដឹងថា” កូនក្រក” មានមែនឬអត់នោះទេ គឺខ្ញុំមិនបដិសេធថា អត់មាន ឬថាមាននោះទេ គ្រាន់តែខ្ញុំធ្លាប់ឮចាស់ៗនិយាយ។ ពេលនេះខ្ញុំបានសម្តែងរឿងមួយនេះ ពិតជាសប្បាយចិត្តមែនទែន ព្រោះវាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ខ្ញុំ ហើយឈុតដែលខ្ញុំពិបាកបំផុត គឺត្រូវគេយកកាំបិតមុខស្រួចមកភ្ជង់ចង់វះពោះ ខ្ញុំហ្នឹងតែម្តង។ ឈុតត្រង់ហ្នឹងស្រៀវខ្លាំងណាស់ ព្រោះបើសិនជាធ្វេសប្រហែសនោះ នឹងធ្វើឱ្យមានគ្រោះថ្នាក់ភ្លាមជាមិនខាន។ និយាយទៅ រឿងនេះប្លង់សុទ្ធតែពិបាកៗមែនទែន ហើយតួទាំងអស់មានការតស៊ូខ្លាំងណាស់ អ៊ីចឹងខ្ញុំសង្ឃឹមថា បងប្អូនទស្សនិកជន និងគាំទ្រភាពយន្តខ្មែរយើងទាំងអស់គ្នា”។
ដោយឡែក លោកឡាយ វណ្ណយុទ្ធ តួឯកប្រុស បានឱ្យដឹងដែរថា “នេះជាលើកទី1 ដែលខ្ញុំលេងរឿងមួយបែបភ័យរន្ធត់បែបនេះ។ ចំពោះរឿងនេះទាំងមូល ប្លង់ដែលខ្ញុំពិបាកជាងគេ គឺត្រង់ជិះទូកក្នុងពេលយប់ងងឹត ក្នុងទឹកជ្រៅ ហើយពេលហ្នឹងមានភ្លៀងធ្លាក់មកច្រើនណាស់។ ខ្ញុំគិតថា មិនដឹងជាម៉េចទេ បើភ្លៀងផង ទឹកជ្រៅផងអ៊ីចឹងនោះ ព្រោះអត់សូវចេះហែលទឹកផង។ ចំណែកឈុតដែលខ្ញុំស្រលាញ់បំផុត គឺខ្ញុំបានឃើញថ្នូរប្រពន្ធរបស់ខ្ញុំត្រង់ហ្នឹង ប្រាកដជាមានគេសួរថា ចុះម៉េចបានឃើញថ្នូរខ្មោចប្រពន្ធខ្លួនឯង បែរជាសប្បាយទៅវិញ? ត្រង់ហ្នឹងខ្ញុំមិនប្រាប់ទាំងអស់ទេ សូមឱ្យបងប្អូនទាំងអស់គ្នា តាមដានដោយខ្លួនឯងចុះ”។
ក្រៅពីនាងពីងពីង និងលោកវណ្ណយុទ្ធ ជាតួឯកប្រុសស្រីនោះរឿង “កូនក្រក” ក៏មានការចូលរួមសម្តែងពីតារាល្បីៗជាច្រើនដួងទៀតផងដែរ ដូចជា នាយគ្រឿន, ឌីជេ កាកា, ងួន សុបិន្ទ, សុខ សោម៉ាវត្តី និងហេង ចន្ថា ជាដើម។
លោកចែម ចាន់ដារ៉ា ហៅនាយពាក់មី ដែលជាអ្នកនិពន្ធ និងដឹកនាំរឿង “កូនក្រក” បានឱ្យដឹងថា “រឿងនេះត្រូវបានលោកស្រាវជ្រាវពីប្រវត្តិនៃមេចោរនៅខេត្តស្វាយរៀង ឈ្មោះ “រ៉ាស្មាច់” ដែលល្បីសុសសាយថា ចោរនេះ មានកូនក្រក បូករួមទាំងការប្រមូលឯកសារអានសៀវភៅមួយចំនួន និងឆែកតាមយូធូប ដែលទាក់ទងអបិយជំនឿមួយនេះ ទើបលោកផលិតឡើងតែម្តង”។
នាយពាក់មី បញ្ជាក់ថា “ដោយសាររឿងនេះ បង្ហាញឈុតឆាកសាហាវជាច្រើន ទើបចុងក្រោយ លោកបានបង្កប់ការអប់រំ ដើម្បីកុំឱ្យគេធ្វើតាមមេចោអារ៉ាស្មាច់ ដែលមានកូនក្រក ដោយសារការវះពោះប្រពន្ធយកកូនមកឆ្អើរ ទុកការពារខ្លួននោះ”។
ដោយឡែក ថៅកែផលិតកម្ម LD Picture លោកលៀក លីដា បានឱ្យដឹងថា “រឿង “កូនក្រក” នេះ មានការសម្រិតសម្រាំងខ្លាំងណាស់ ទាំងតួសម្តែង និងប្លង់ថត។ ក្នុងនាមលោកជាអ្នកគ្រប់គ្រងផលិតកម្ម LD នោះ លោកពេញចិត្តចំពោះស្នាដៃនាយពាក់មី ព្រោះធ្លាប់ជោគជ័យរឿង “2 Brother” កាលពីឆ្នាំមុន ហេតុនេះហើយ តាមរយៈរឿង “កូនក្រក” ដែលនឹងដាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តទំនើបៗទាំងអស់ ចាប់ពីថ្ងៃទី09 ខែវិច្ឆិកា ឆ្នាំ2018 នេះ លោកមានជំនឿថា ភាពយន្តនេះជារសជាតិថ្មី និងប្លែកមួយទៀតរបស់អិលឌី ដែលទស្សនិកជន កំពុងតែរង់ចាំទស្សនាទាំងអស់គ្នា”៕