ខុសពីកាលភ្ជាប់ស្នេហ៍ជាមួយអតីតនាយរងទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ ដែលអ្នកនាងស៊ឹម សូលិកា មិនធ្លាប់បង្ហាញភាពរីករាយជាលក្ខណៈគ្រួសារឱ្យគេឃើញឡើយ គឺមានតែស្រងូតស្រងាត់ក្រៀមក្រំបែបអ្នកមានវិបត្តិផ្លូវចិត្តជាប់ជានិច្ច ធ្វើឱ្យមិត្តរួមអាជីពសម្តែងការអាណិតអាសូរក្រៃលែង។ ប៉ុន្តែតាំងពីស៊ឹម សូលិកា ភ្ជាប់ស្នេហ៍ជាមួយអតីតកូនចៅលោក ថាវរិទ្ធ គឺលោកអេង រិទ្ធី មក អ្នកនាងសូលិកា បានបង្ហាញភាពរីករាយជានិច្ចជាមួយពិធីកររូបនេះ ទើបធ្វើឱ្យអ្នកសិល្បៈជាច្រើន បានច្រណែននូវភាពស្អិតល្មួតរបស់គូស្នេហ៍១គូនេះ ថែមទៀតផង។
ដោយឡែក លោកអេង រិទ្ធី បានផ្តល់នូវភាពកក់ក្តៅដល់ក្រុមគ្រួសារអ្នកនាងស៊ឹម សូលិកា វិញផងដែរ ដោយលោកស្រលាញ់ក្រុមគ្រួសារសូលិកា ដូចជាគ្រួសារលោកដែរ ជាពិសេស កូនក្រមុំរបស់អ្នកនាងសូលិកា កញ្ញាសុកាន់ វីរៈណុច នោះ លោករិទ្ធី បានស្រលាញ់ដូចកូនបង្កើតអ៊ីចឹង។ ជាក់ស្តែង ដូចជាកាលពីរាត្រីថ្ងៃទី០៨ ខែវិច្ឆិកា នេះ អ្នកនាងសូលិកា និងលោករិទ្ធី បានរៀបចំធ្វើខួបកំណើតគម្រប់២០ឆ្នាំ ឱ្យកញ្ញាវីរៈណុច ហើយតាមតារាសិល្បៈដែលចូលរួមបានឱ្យដឹងថា លោករិទ្ធី បានហៅស្រីណុចថា ជាកូនៗទៀតផង ទើបធ្វើឱ្យអ្នកនាងសូលិកា រីករាយជាខ្លាំង ព្រោះបុរសដែលនាងប្រាថ្នាជាគូអនាគតនោះ គឺទាល់តែស្រលាញ់កូននាងដូចកូនរបស់គេដែរ ទើបអាចទៅរួចហើយពេលនេះរកបាន ហើយគឺមានតែលោករិទ្ធី នេះឯង។
ទោះជាស៊ឹម សូលិកា-អេង រិទ្ធី តែងតែបណ្តើរ និងកៀកកើយគ្នាដូចប្តីប្រពន្ធទើបរៀបការហើយថ្មោងថ្មីក្តី តែរហូតមកដល់ពេលនេះ គូស្នេហ៍ដែលជ្រកក្រោមដំបូលវីឡាតែមួយ នៅបុរីប៉េងហួត (បឹងស្នោ) នេះ នៅតែមិនព្រមសារភាពស្នេហ៍ឡើយ ខណៈដែលអតីតគូស្នេហ៍លោកថាវរិទ្ធ ក្តៅចិត្តជាខ្លាំងរហូតរកបានស្រីក្មេង នៅ សុនិតា មកឱបរឹតបញ្ឈឺសឺលូកិា វិញ៕