Tuesday, November 19, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ធ្វើឱ្យសង្សារថ្មី ពេញចិត្តស្តូក

ឱក សុគន្ធកញ្ញា ធ្វើឱ្យសង្សារថ្មី ពេញចិត្តស្តូក

ឱក សុគន្ធកញ្ញា ដែលជាគូដណ្តឹងរបស់លោកអ៊ឹង សុខលី អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស និងជាប្អូនថៅកែហង្សមាស ឧកញ៉ាអ៊ឹង ឆៃងួន នោះ កាន់តែធ្វើឱ្យអនាគតប្តីរបស់នាង លោកសុខលី ស្រលាញ់ពេញបេះដូងតែម្តង ក្រោយពេលដែលនាងបានបញ្ចោញសមត្ថភាពសិល្បៈរបស់ខ្លួន តាមរយៈការបង្ហាត់កូនក្រុមក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ គឺបេក្ខជនទេព ពិសិដ្ឋ ឱ្យលើកពាន ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស នេះ បានសម្រេចដូចបំណង កាលពីរាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។

អនាគតស្វាមីឱក សុគន្ធកញ្ញា ដែលជាអ្នកបញ្ជាកូនចៅក្រោមឱវាទរាប់រយនាក់ នៅទូរទស្សន៍ហង្សមាស លោកសុខលី ញញឹមបិទមាត់មិនជិតឡើយ នៅពេលដែលគូដណ្តឹងរបស់លោកកាន់តែលេចធ្លោ ទាំងអាជីពចម្រៀង និងការធ្វើជាគ្រូបង្វឹកកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដែលទិញសិទ្ធិមកពីប្រទេសហូឡង់ដ៍ នេះ ទើបធ្វើឱ្យតារាសិល្បករជាច្រើន បានសម្តែងការរីករាយ ដោយនិយាយថា គូស្នេហ៍នេះ ពិតជាស័ក្តិសមគ្នាខ្លាំងណាស់ ព្រោះប្តីធ្វើមេគេនៅផ្នែកទូរទស្សន៍ ចំណែកប្រពន្ធច្រៀងផង គ្រូបង្វឹកផង រឿងអីដែលមិនល្អនោះ។

ទោះជាយ៉ាងណា ទន្ទឹមនឹងមានការសរសើរ ចំពោះឱក សុគន្ធកញ្ញា ដែលមានទេពកោសល្យសិល្បៈល្អ អាចនាំកូនក្រុមរបស់ទេព ពិសិដ្ឋ ឱ្យលើកពានបានដូចបំណងនោះ ស្រាប់តែមានអ្នកខ្លះបែរជាចេញមុខរិះគន់ថា កម្មវិធីនោះទាំងមូល អ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ចង់លើកឱក សុគន្ធកញ្ញា ឱ្យល្បីជាងគ្រូបង្វឹក២រូបផ្សេងទៀត គឺលោកព្រាប សុវត្ថិ និងសួស វីសា ទៅវិញ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក យុវជនម្នាក់ឈ្មោះ Dee Woobin បានសរសេថា “គេលើកឱក សុគន្ធកញ្ញា សោះ ច្រំដែលៗ។ អ្វីៗដែលទាក់ទងកញ្ញា គេមិនដែលឱ្យក្រោមគេទេ”។ ចំណែកអ្នកខ្លះទៀត បានលើកឡើងថា ឱក សុគន្ធកញ្ញា មានអនាគតប្តីជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស បើលោកសុខលី មិនលើកគូដណ្តឹងទេ តើឱ្យទៅលើកអ្នកណាទៅវិញ?

ប៉ុន្តែ ជុំវិញការជជែកខុសៗគ្នាជុំវិញថា ហង្សមាស និងមិនឱ្យតារាណានៅលើឱក សុគន្ធកញ្ញា នោះ មហាជនជាច្រើនបាននិយាយថា បេក្ខជនទេព ពិសិដ្ឋ ដែលជាកូនក្រុមរបស់ឱក សុគន្ធកញ្ញា នោះ គឺពិតជាស័ក្តិសមក្នុងការក្លាយខ្លួនទៅជាម្ចាស់ពានពីកម្មវិធីប្រលងចម្រៀងមួយនេះមែន ព្រោះគេមានសំឡេងល្អ បើប្រៀបធៀបម្ចាស់ពានរដូវកាលទី១ ពេជ្រ ថៃ នោះ គឺខុសគ្នាឆ្ងាយណាស់ ព្រោះគ្រាន់តែពេជ្រ ថៃ កាន់ពានភ្លាមផ្ទុះការរិះគន់ពេញបណ្តាញសង្គម។

ដោយឡែក កូនក្រុមឱក សុគន្ធកញ្ញា គឺទេព ពិសិដ្ឋ វិញ មិនមានប្រតិកម្មរិះគន់ខ្លាំងក្លាបែបនេះឡើយ គឺមានតិចតួចប៉ុណ្ណោះ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលឱក សុគន្ធកញ្ញា បាននាំកូនក្រុមរបស់ខ្លួនលើកពានពីកម្មវិធីប្រលងចម្រៀង ដែលរៀបចំដោយក្រុមហ៊ុនហង្សមាស នោះ ព្រោះថែល ថៃ ដែលបានក្លាយទៅជាម្ចាស់ពាន The Voice Cambodia រដូវកាលទី២នោះ ក៏ជាអតីតកូនក្រុមរបស់សុគន្ធកញ្ញា ដែរ ហេតុនេះហើយបានជាក្រុមហ៊ុនហង្សមាស ទាំងមូល ពិសេស គឺលោកអ៊ឹង សុខលី ជាអនាគតស្វាមីរបស់នាង ត្រូវតែមានទំនុកចិត្តលើតារាចម្រៀងរូបនេះ គឺមិនខុសពីការលើកឡើងរបស់មហាជននោះទេ។

ទស្សនិកជនខ្លះទៀត លើកឡើងថា សម្រាប់កម្មវិធីប្រលងចម្រៀងលើកក្រោយៗទៀត របស់ហង្សមាស ច្បាស់ជាបេក្ខជនបេក្ខនារីកាន់តែច្រើន នឹងជ្រើសយកឱក សុគន្ធកញ្ញា ជា Coach ជាមិនខាន ព្រោះនាងមានសមត្ថភាពល្អហើយ ថែមទាំងជាប្អូនថ្លៃថៅកែហង្សមាស និងមានអនាគតប្តីជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស ទៀត តើអ្នកណាដែលមានឥទ្ធិពលខ្លាំងជាងគេនៅហង្សមាស ជាងនេះទៀតទៅ?

ឱក សុគន្ធកញ្ញា បានភ្ជាប់ពាក្យជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ ហើយពេលនេះ ពួកគេបានទិញវីឡាទ្រនំស្នេហ៍តម្លៃជាង២០ម៉ឺនដុល្លារ នៅបុរីអ័រគីដេ ផ្លូវ២០០៤ រស់នៅយ៉ាងមានក្តីសុខ។

ទោះជាយ៉ាងណា ក្រោយសុគន្ធកញ្ញា បានដឹកដៃលោកសុខលី ទៅសាសងស្នេហ៍នៅប្រទេសថៃ, ជប៉ុន និងកោះម៉ាល់ឌីវ មក ពួកគេមិនទាន់កំណត់វេលាចូលរោងការឡើយ នៅចុងឆ្នាំ២០១៨ នេះ៕

RELATED ARTICLES