ពេជ្រ សូលីកា បានចូលហង្សមាស ជាលើកទី២នេះ នាងមិនទាន់បានសម្រេចក្តីបំណងប្រាថ្នា ក្នុងការចេញបទចម្រៀងវាយលុកទីផ្សារចម្រៀងឡើងវិញនោះទេ។ តែផ្ទុយទៅវិញ ផលិតកម្មហង្សមាស បានរុញឱ្យនាងទៅសម្តែងកុនថ្មីរឿង “អាពាហ៍ពិពាហ៍ចៃដន្យ” ដែលប៉ះជាមួយដៃគូចាស់ នីកូ។ នេះគឺជាការផ្តល់ទំនុកចិត្តឡើងវិញ របស់លោកថៅកែហង្សមាស បន្ទាប់ពីពេជ្រ សូលីកា បានលេងបិទពួនជាមួយផលិតកម្មធំនេះម្តងរួចទៅហើយ កាលពីឆ្នាំមុន តាមរយៈចូលហង្សមាស ហើយទៅចុះកុងត្រាជាមួយផលិតកម្ម Rock ហើយទីបំផុត បទចម្រៀង១វ៉ុល របស់ពេជ្រ សូលីកា ដែលបានថតហើយជាមួយឆន សុវណ្ណរាជ នោះ ត្រូវបានផ្អឹបចោលរហូតមកដល់ពេលនេះ។
ទោះជាយ៉ាងណា ភ្លាមៗនោះ ម្តាយសូលីកា បានឱ្យដឹងថា គាត់ត្រេកអរបំផុត នៅពេលដែលគ្មានការប្តឹងផ្តល់ទៅកូនស្រីគាត់ពីសំណាក់ថៅកែហង្សមាស ខណៈដែលសូលីកា ផ្ទាល់ដែលកាលនោះ ច្រៀងពេលរាត្រីនៅហាង “បុប្ផាជាយដែន” នោះ បាននិយាយថា នាងគ្មានអ្វីសោកស្តាយជាងការមិនបាន ចេញចម្រៀងនៅហង្សមាស នោះទេ។
ទោះជាយ៉ាងណា ពេលនេះ ពេជ្រ សូលីកា បានចូលជ្រកនៅទ្រនំធំនេះ ជាលើកទី២ ដូចបំណងហើយ បន្ទាប់ពីនាងបានបាត់មុខជាង៥ឆ្នាំ ក្រោយការចាកចេញពីផលិតកម្ម M ទាំងចម្រូងចម្រាស ដោយប៉ះស្នេហ៍លោកធំផ្កាយ២ ផ្អើលពេញផ្ទៃប្រទេសថា នាងបានក្លាយទៅជាជំទាវតូចនោះ តែទីបំផុត ត្រូវបង្ខំចិត្តវិលវិញ ចំពេលដែលមានព័ត៌មានថា នាងត្រូវបានលោកផ្កាយ២នោះ ដកហូតទ្រព្យអស់គ្មានសល់ឡើយ ទាំងរថយន្តទំនើប Lexus LS460 ពណ៌ទឹកសមុទ្រ តម្លៃ១១ម៉ឺនដុល្លារ និងវីឡាយ៉ាងប្រណីត តម្លៃជាង១លានដុល្លារ នៅក្បែរវិទ្យាល័យឥន្ទ្រទេវី។
ប្រភពបានឱ្យដឹងថា សូលីកា មានគូស្នេហ៍ថ្មីទៀតហើយ តែបុរសនោះបានបើកដៃឱ្យនាងបានលេងសិល្បៈវិញ ដោយសេរីដោយគ្មានការប្រចណ្ឌហួងហែងដូចគូស្នេហ៍ចាស់ឡើយ។ ប៉ុន្តែពេលនេះ សូលីកា មិនទាន់បានសម្រេចបំណងចេញបទចម្រៀងជាថ្មីនៅហង្សមាស ឡើងវិញនោះទេ ព្រោះថៅកែហង្សមាស មិនទាន់ទុកចិត្ត។ ដោយឡែក កាលពីថ្ងៃទី១១ ខែ វិច្ឆិកា នេះ ស្រីស្អាតសូលីកា បានទៅធ្វើខួបកំណើត និងចែកសម្ភារៈសិក្សាដល់កុមារកំព្រោនៅមណ្ឌល Cambodia Care Center ផងដែរ ក្រោយពេលនាងចេញលេចមុខក្នុងស្ពតធំ Fuzetea៕