ម្ចាស់បទ “មាន់ស្រែ” ស្រីស្អាតរ៉ាប៊ី ដែលកំពុងល្បីបទ “លុយ លុយ លុយ” នោះ បានឱ្យដឹងថា តាំងពីមានទីផ្សារចម្រៀង ត្រូវបានគេជួលជាបន្តបន្ទាប់នៅរដូវក្តៅនេះ ប្រាក់ចំណូលរបស់នាងរកបានក្នុង១ខែ ជាង១ម៉ឺនដុល្លារ។
ការអះអាងបែបនេះរបស់ស្រីស្រស់រ៉ាប៊ី ក្រោយពេលដែលនាងបានប្រាប់មុននេះថា បទ “មាន់ស្រែ” ដែលល្បីអំឡុងចូលឆ្នាំខ្មែរ២០១៧ រហូតមកដល់ពេលនេះ មិនទាន់សាបនោះ ធ្វើឱ្យនាងរកប្រាក់ចំណូលបាន១០ម៉ឺនដុល្លារ ពីការល្បី១បទនេះ ហើយក៏បានធ្វើឱ្យជីវភាពរបស់នាង មានការ ប្រែប្រួលផងដែរ ដូចជាអាចទិញផ្ទះបាន១ល្វែង តម្លៃជិត១០ម៉ឺនដុល្លារ និងរថយន្ត Starex តម្លៃជាង២ម៉ឺនដុល្លារ ដោយគ្មានអ្នកណាឧបត្ថម្ភឡើយ។
អ្វីដែលគួរឱ្យកត់សម្គាល់ផងដែរ រ៉ាប៊ី ដែលពីមុនច្រៀង១កម្មវិធី ស៊ីថ្លៃ១ពាន់ដុល្លារនោះ ក្រោយល្បីបទ “មាន់ស្រែ” នោះ នាងដំឡើងថ្លៃខ្លួនទៅ១៥០០ដុល្លារ សម្រាប់ការច្រៀងតាមការប្រគំតន្ត្រីធំ ទើបធ្វើឱ្យប្រាក់ចំណូលរបស់ស្រីស្អាតនេះកើនឡើងជាលំដាប់ ជាមួយការលេងខ្លួនក៏កាន់តែឡូយឆាយផងដែរ។
ផាន វីរ៉ាទី ហៅរ៉ាប៊ី បានរត់ចោលតំណែងជាពិធីការិនីនៅហង្សមាស មកចូលជ្រកធ្វើជាតារាចម្រៀងនៅទ្រនំថោន ហើយតាមរយៈការមានរូបសម្រស់ស្អាត និងក្បាច់រាំប្លែកៗនោះ ធ្វើឱ្យរ៉ាប៊ី ដែលមានទឹកដមសំឡេងមធ្យមនោះ បានឈរទីផ្សារជាអ្នកចម្រៀងស្រីលំដាប់ទី២ នៅថោន បន្ទាប់ពីមាស សុខសោភា។
យ៉ាងណា រ៉ាប៊ី ដែលរាំបញ្ចោញសាច់គល់ភ្លៅ និងដើមទ្រូង ដែលធ្វើឱ្យតាតាចង់គាំងបេះដូង តាមរយៈបទ “លុយ លុយ លុយ” នោះ បានប្រកាន់ជំហរថា នាងមិនត្រូវការប្រុសណាមកចិញ្ចឹមនាងជាថ្នូរការធ្វើជាស្រីស្នេហ៍កំណាន់ចិត្តរបស់គេឡើយ ព្រោះថា តាំងពីបែកបាក់សង្សារចាស់មកពេលនេះ បុរសដែលនាងត្រូវការចេះបំពេចិត្តនាងទាំងយប់ថ្ងៃ មិនឱ្យមានសៅហ្មង គឺពិបាករកជាងម្ជុលក្នុងបាទសមុទ្រទៅទៀត។
ស្រីស្អាតរ៉ាប៊ី បញ្ជាក់ច្បាស់ៗថា នាងមិនត្រូវការប្រុសណាម្នាក់ ជះលុយលើនាងគ្រាន់តែជាស្នេហាក្លែងក្លាយ ដើម្បីបម្រើរការសប្បាយរបស់គេមួយគ្រានោះឡើយ៕