អតីតតារាសម្តែងខ្មៅស្រអែមស្រស់ ប្រាសាទ ដាវីន បានបានភៀសខ្លួនចេញទៅរស់នៅប្រទេសអូស្ត្រាលី ជាង6ឆ្នាំ ដោយសារតែខ្លាចពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីមានគេខ្ចប់កាដូជាគ្រាប់បែកផ្ញើជូនដល់ផ្ទះនោះ ពេលនេះ ដាវីន ហាក់មិនសូវខ្វល់ខ្វាយពីអ្នកតាមព្យាបាទទៀតទេ ទើបហ៊ានចេញចូលស្រុកខ្មែរ ជាធម្មតាឡើងវិញ។ ប៉ុន្តែនៅពេលដែលមានបណ្តាផលិតករជាច្រើនបានទាក់ទងហៅឱ្យថតកុននោះ បែរជាប្រាសាទ ដាវីន ច្រានចោលទៅវិញ។
ក្នុងជំនួបផ្ទាល់កាលពីពេលថ្មីៗនេះ ប្រាសាទ ដាវីន បានឱ្យដឹងថា បន្ទាប់ពីមកលេងស្រុកជាច្រើនខែនោះ ពេលនេះ នាងត្រូវវិលត្រឡប់ទៅអូស្ត្រាលីវិញ នៅខែមករា ឆ្នាំ2019 នេះហើយ តែអាចចុះឡើងៗមកលេងស្រុកខ្មែរ ឱ្យបានញឹកញាប់ជាងមុន។
ប្រាសាទ ដាវីន ថ្លែងថា “ខ្ញុំមកលេងស្រុកលើកនេះ បានច្រើនខែដែរ ហើយចេញចូលៗស្រុកខ្មែរញឹកសឹងអីហ្នឹង ជួបអ្នកកាសែតរហូតតើ! ចំពោះការដែលខ្ញុំមិនទាន់ទទួលថតកុននោះ គឺដោយសារតែខ្ញុំខ្លាចគ្មានពេលវេលាគ្រប់គ្រាន់ឱ្យគេ ព្រោះការថតកុនត្រូវការពេលវេលាយូរថ្ងៃ ហើយខ្ញុំត្រូវទៅវិញនៅខែមករា ហើយហ្នឹង។ តាមពិត មានគេហៅថតរឿងជាហូរហែដែរ តែខ្ញុំមិនទាន់ទទួល ចាំមើលមកលើកក្រោយៗសិន។ តែខ្ញុំបានថតសម្អាងការ និងដើរម៉ូដជាច្រើនកម្មវិធីដែរតើ!”។
ប្រាសាទ ដាវីន ជាអតីត Freshie Girl លេខ3 កាលពីឆ្នាំ2005 ដែលបានចេញទៅរស់នៅបទេសអូស្ត្រាលី រហូតបានចូលសញ្ជាតិហើយ កាលពីឆ្នាំមុននេះ”៕