Sunday, July 13, 2025
Homeតារាខ្មែរជីមមី ចេះ៤ភាសា ត្រូវប៉ាន់ក្នុងអាជីពពិធីការិនី

ជីមមី ចេះ៤ភាសា ត្រូវប៉ាន់ក្នុងអាជីពពិធីការិនី

ស្រីស្អាតជីមមី (Jimmy) ពិធីការិនីរបស់ទូរទស្សន៍ PNN ត្រូវប៉ាន់ខ្លាំងក្នុងការធ្វើពិធីការិនី (MC) តាមកម្មវិធីសម្ពោធក្រុមហ៊ុនធំ ព្រោះតារាវ័យក្មេងនេះ អាចនិយាយភាសាជាផ្លូវការបានដល់ទៅ៤ភាសាផ្សេងគ្នា ហេតុនេះហើយបានជាធ្វើឱ្យនាងមមាញឹក ហើយអាចករកប្រាក់ចំណូលបានជាច្រើនពាន់ដុល្លារ ក្នុង១ខែៗ។

ជីមមី ថ្លែងថា “ខ្ញុំអាចនិយាយបាន៤ភាសា គឺខ្មែរ, អង់គ្លេស, ថៃ និងចិន។ រាល់ថ្ងៃមានការរវល់ច្រើនដែរ ព្រោះជាប់ធ្វើជាពិធីការិនីនៅ PNN ផង និងជាប់ការងារតាមកម្មវិធីសម្ពោធក្រុមហ៊ុនខាងក្រៅដែរ។ នៅ PNN ខ្ញុំជាប់កុងត្រាមិនអាចធ្វើឱ្យប៉ុស្តិ៍ណាផ្សេងបានទេ តែចំពោះការធ្វើ MC នៅតាមបណ្តាកម្មវិធីផ្សេងៗ គឺអត់បញ្ហាទេ យើងអាចធ្វើបានដោយសេរី”។

ជីមមី អាចរកប្រាក់ចំណូលបានរាប់ពាន់ដុល្លារ ក្នុង១ខែៗ ព្រោះការធ្វើ MC ម្តងៗ នាងស៊ីថ្លៃចាប់ពី៤០០ដុល្លារឡើង ហើយបើកម្មវិធីតម្រូវឱ្យនាងនិយាយ២ភាសា គឺម្ចាស់កម្មវិធីតម្រូវឱ្យបង់ប្រាក់ថែម១០០ដុល្លារថែមទៀត ហេតុនេះហើយទើបធ្វើឱ្យជីមមី កាន់តែប្រមូលលុយបានច្រើន។

ដោយឡែក រឿងស្នេហាវិញ តារាវ័យក្មេងជីមមី មិនដែលឃើញបណ្តើរគូសង្សារឱ្យគេឃើញឡើយ ខណៈដែលនាងធ្លាប់អះអាងចង់គិតរឿងការងារច្រើនជាងរឿងស្នេហា។

ជីមមី ស្ថិតក្នុងចំណោម MC ដែលអាចរកលុយបានច្រើន មានដូចជា ខៀវ សានសាណា និង DJ ណាណា។ ប៉ុន្តែជីមី ហាក់មានប្រៀបជាងគេ ព្រោះនាងចេះ៤ភាសា ធ្វើឱ្យតាមបណ្តាកម្មវិធីធំៗ គេពិបាករក MC ណាផ្សេង ក្រៅពីស្រីស្អាតនេះ៕

RELATED ARTICLES