Tuesday, November 19, 2024
Homeតារាខ្មែរយស បូវណ្ណៈ ​ទៅនៅអាមេរិក មិនចោលសិល្បៈ ពេលនេះមកកម្ពុជា ថតរឿង ”លោកឪពុក”

យស បូវណ្ណៈ ​ទៅនៅអាមេរិក មិនចោលសិល្បៈ ពេលនេះមកកម្ពុជា ថតរឿង ”លោកឪពុក”

អតីតតារាសម្ដែងល្បីល្បាញ លោកយស បូវណ្ណៈ ដែលបានចេញទៅរស់នៅសហរដ្ឋអាមេរិក ជិត១៨ឆ្នាំមកហើយនោះ ពេលនេះបានវិលត្រឡប់មកស្រុកខ្មែរ ដើម្បីចូលប្រឡូកអាជីពចាស់សារជាថ្មីឡើងវិញ តាមរយៈការថតភាពយន្ដខ្នាតធំរបស់ផលិតកម្មមហាហង្ស រឿង ”លោកឪពុក”។

ចុះពីលើយន្ដហោះកាលពីថ្ងៃទី២ ខែធ្នូ នៅព្រលានយន្ដហោះអន្តរជាតិភ្នំពេញ លោកយស បូវណ្ណៈ ត្រូវបានតារាសិល្បៈធ្លាប់រួមអាជីពជាមួយគ្នា ដូចជា អ្នកនាងចាន់ តារាទី, ស្វែង​សុជាតា និងតារាថ្មីៗ រួមទាំងអ្នកសារព័ត៌មានជាច្រើន បានទៅទទួល និងផ្ដិតយកព័ត៌មានលោកបូវណ្ណៈ នាំឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់អ្នកដំណើរនៅក្នុងព្រលាន។

លោកយស បូវណ្ណៈ បានថ្លែងប្រាប់អ្នកកាសែតថា ”ខ្ញុំបានចេញទៅរស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៤ ហើយខ្ញុំផ្អាកថតកុនជាង២០ឆ្នាំហើយ។ ចំពោះខ្ញុំខ្មែរវិញ ខ្ញុំខានមកជាង១០ឆ្នាំហើយ។ រស់នៅអាមេរិក ជាមួយភរិយា ខ្ញុំមានកូនស្រី៣នាក់ហើយ ខ្ញុំនៅតែចូលរួមបង្ហាញពីសិល្បៈខ្មែរនៅទីនោះ ព្រោះថា ទោះទៅដល់ទីណា ក៏បេះដូងនៅជាប់នឹងសិល្បៈដែរ។ ចំពោះការមកស្រុកកំណើតលើកនេះ ខ្ញុំមក៣អាទិត្យ ដើម្បីថតរឿង ”លោកឪពុក” របស់ផលិតកម្មមហាហង្ស ហើយខ្ញុំពិតជាមានមោទកភាពខ្លាំងណាស់ ដែលបានសម្ដែងក្នុងភាពយន្ដនេះជាមួយអ្នកនាងចាន់ តារាទី ដែលធ្លាប់រួមអាជីពជាមួយគ្នាពីមុនមក។ ខ្ញុំនឹងមិនធ្វើឲ្យបងប្អូនមហាជនទាំងអស់ខកបំណងឡើយ គឺត្រូវតែសម្ដែងឲ្យបានល្អក្នុងតំណែងជាតួឪពុក ក្នុងរឿង ”លោកឪពុក” នេះ”។

លោកអ៊ិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានឲ្យដឹងថា “លោកសប្បាយចិត្តខ្លាំងណាស់ចំពោះភាពយន្ដ ”លោកឪពុក” ដែលមានការចូលរួមសម្ដែងពីលោកយស បូវណ្ណៈ នាពេលនេះ ហើយតាមគម្រោង ក្រុមការងាររបស់លោកនឹងថតសម្រុកប្លង់របស់លោកបូវណ្ណៈឲ្យចប់ ក្នុងរយៈពេលជាង១០ថ្ងៃ ព្រោះថា លោកបូវណ្ណៈ មានភារកិច្ចច្រើននៅអាមេរិក ដែលត្រូវទៅបំពេញ។

អ្នកនាងចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ បានឲ្យដឹងថា “កន្លងមក ធ្លាប់ឮគេនិយាយថា ផលិតកម្មមហាហង្ស បក្សពួកនិយម យកតែខ្សែបក្សពួកថត ហើយតួឯកលើកតែកូនស្រីគាត់ (ភិន សុដាលីស)។ តែខ្ញុំសួរថា បើកូនស្រីគាត់គ្មានសមត្ថភាព តើបានធ្វើតួឯកទេ? ខ្ញុំគិតថា ការចូលរួមសម្ដែងរឿង ”លោកឪពុក” របស់លោកយស បូវណ្ណៈ នៅពេលនេះ គឺធ្វើឲ្យភាពយន្ដយើងកាន់តែមានទម្ងន់ ហើយមិនថា ផលិតកម្មណាទេ គឺត្រូវតែរួបរួមគ្នាដើម្បីឲ្យកុនខ្មែរយើង កាន់តែទៅមុខតទៅទៀត។

ដោយឡែក លោកសុក សុង អនុប្រធាននាយកដ្ឋានភាពយន្ដ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោតសរសើរចំពោះផលិតកម្មមហាហង្ស ដែលបានជ្រើសរើសយកតារាសម្ដែងចាស់ៗមកថតឡើងវិញដើម្បីឲ្យតារាៗមានការងារធ្វើ។ លោកក៏មានជំនឿចិត្តដែរថា ភាពយន្ដរឿង ”លោកឪពុក” ដែលមានលោកយស បូវណ្ណៈ ចូលរួមសម្ដែងនៅពេលនេះ នឹងធ្វើទស្សនិកជនចាប់អារម្មណ៍ និងចូលទស្សនាច្រើនជាមិនខានឡើយ៕

RELATED ARTICLES