ម៉ាក សែនសូនីតា ដែលគ្រោងបោះទុនធំដល់ទៅកន្លះលានដុល្លារ ដើម្បីបើកហាងផែសមុទ្រ ដល់ទៅ១២សាខា នៅរាជធានីភ្នំពេញ ដែលមានគ្រប់ខណ្ឌទាំងអស់នោះ ស្រាប់តែពេលនេះ ទើបបើកបានតែ៤សាខា ក៏ផ្អាកពង្រីកសាខាថែមទៀត ខណៈដែលសាខាទី៣ នៅតាមផ្លូវព្រះមុនីវង្ស និងសាខាទី៤ នៅក្បែរផ្សារកាប់គោ ត្រូវបានបិទទ្វារ។
មានការសង្ស័យថា តូតា អាចជួបបញ្ហារឿងរកស៊ីនេះ ដោយសារតែអតិថិជនចូលញ៉ាំអាហារគ្រឿងសមុទ្រ ដូចមុនច្រើន ទើបនាងលែងបើកសាខាថ្មីៗ ថែមទៀត។
ប៉ុន្តែ ក្នុងជំនួបតាមទូរស័ព្ទនាពេលកន្លងមក ស្រីស្អាតម៉ាក សែនសូនីតា អះអាងថា គម្រោងរកស៊ីធំនេះ គឺនៅរក្សាដដែល គ្រាន់តែពេលនេះរវល់ខ្លាំង ទើបមិនទាន់បានសម្ពោធសាខាថ្មីៗថែមទៀត។
តូតា មិនប្រាប់ពីមូលហេតុនៃការបិទទ្វារហាងទាំងនោះទេ ដោយនាងថា មមាញឹកខ្លាំងណាស់ ទាំងការងារសិល្បៈ និងរកស៊ី ហើយពេលនេះ នាងកំពុងថតភាពយន្តភាគ២រឿង គឺរឿង “សព្វសិទ្ធិ” របស់ PNN និងរឿងមួយទៀតឱ្យ CTN បន្ទាប់ពីនាងបានថតចប់រឿង “កូនពស់កេងកង” របស់ហង្សមាស។
ក្រៅពីអះអាងថា មិនបោះបង់ចោលគម្រោងបើកសម្ពោធហាង ឱ្យបាន១២ទីតាំង នៅរាជធានីភ្នំពេញ នោះ តូតា និងសង្សារថ្មី ក៏បានសាងសង់ហាងផែសមុទ្រ ផ្គួបជាមួយរមណីយដ្ឋាននៅខេត្តកំពត លើផ្ទៃដី៣ហិកតារ ដែលចំណាយលុយជាង៣លានដុល្លារ ថែមទៀតផង៕