Sunday, November 24, 2024
Homeបច្ចេកវិទ្យាប៉ូលិសកាណាដា ចាប់ខ្លួនប្រធានហិរញ្ញវត្ថុទូរស័ព្ទ Huawei

ប៉ូលិសកាណាដា ចាប់ខ្លួនប្រធានហិរញ្ញវត្ថុទូរស័ព្ទ Huawei

យោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ នេះ បានឱ្យដឹងថា លោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទ Huawei ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី០១ ខែធ្នូ នៅក្នុងប្រទេសកាណាដា ហើយត្រូវប្រឈមមុខនឹងការធ្វើបត្យាប័ន បញ្ជូនមកកាន់សហរដ្ឋអាមេរិក។

ជុំវិញព័ត៌មាននៃការចាប់ខ្លួននេះ មិនត្រូវបានគេទម្លាយឱ្យដឹងលម្អិតនោះទេ ប៉ុន្តែ សហរដ្ឋអាមេរិក បានកំពុងស៊ើបអង្កេតទៅលើក្រុមហ៊ុននេះ អស់រយៈពេលជាយូរមកហើយ ពីបទរំលោភទៅលើការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងប្រទេសអ៊ីរ៉ង់។

យោងតាមលោក Ian Mcleod អ្នកនាំពាក្យក្រសួងយុត្តិធម៌កាណាដា បានឱ្យដឹងថា ប៉ូលិសទីក្រុង Vancouver បានចាប់ខ្លួនលោកស្រី Meng Wanzhou ដែលជាប្រធានហិរញ្ញវត្ថុក្រុមហ៊ុនបច្ចេកវិទ្យាទូរស័ព្ទ Huawei ហើយត្រូវជាកូនស្រីរបស់លោក Ren Zhengfea ស្ថាបនិកក្រុមហ៊ុនទូរស័ព្ទ Huawei។

អ្នកនាំពាក្យដដែលនោះ បានឱ្យដឹងទៀតថា លោកស្រី Meng Wanzhou ត្រូវបានឃុំខ្លួនដោយអាជ្ញាធរប៉ូលិសកាណាដា តាមសំណើសុំរបស់សហរដ្ឋអាមេរិក នៅពេលដែលនាងកំពុងប្តូរជើងយន្តហោះនៅក្នុងប្រទេសកាណាដា។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនមិនទាន់បានផ្តល់ព័ត៌មានលម្អិតស្តីពីការចាប់ខ្លួន និងបទល្មើស តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនជឿជាក់ថា ប្រព័ន្ធច្បាប់សហរដ្ឋអាមេរិក និងកាណាដា នឹងឈានទៅដល់ការសន្និដ្ឋានចុងក្រោយមួយ។

ក្រុមហ៊ុនបានអះអាងថា ខ្លួនបានអនុវត្តទៅតាមច្បាប់របស់សហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ និង EU ពាក់ព័ន្ធទៅនឹងការនាំទំនិញចូលទៅកាន់ប្រទេសអ៊ីរ៉ង់។

នៅថ្ងៃព្រហស្បតិ៍ នេះដែរ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំប្រទេសកាណាដា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងកាណាដា កែតម្រូវជាបន្ទាន់ចំពោះទង្វើរបស់ខ្លួន និងដើម្បីឈានទៅរកការស្តារសេរីភាពបុគ្គលរបស់លោកស្រី Meng Wanzhou។

ក្នុងសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងទៀតថា យើងនឹងតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសំណុំរឿងមួយនេះ និងចាត់វិធានការណ៍ ដើម្បីការពារភាពស្របច្បាប់ និងផលប្រយោជន៍របស់ប្រជាជនចិន។

គួររំលឹកថា ក្រុមហ៊ុនផលិតទូរស័ព្ទចិន ដែលលក់ទូរស័ព្ទស្មាតហ្វូន និងបច្ចេកវិទ្យាទូរគមនាគមន៍ជុំវិញភពលោក កំពុងតែជួបប្រទះនូវការរឹតបន្តឹងពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសមួយចំនួន ដែលមន្ត្រីទាំងនោះបានលើកឡើងអំពីហានិភ័យសន្តិសុខជាតិ ពីការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Huawei។ សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភថា រដ្ឋាភិបាលចិន អាចនឹងប្រើប្រាស់បណ្តាញបច្ចេកវិទ្យាទូរស័ព្ទ Huawei ធ្វើជាចារកម្មទៅលើសហរដ្ឋអាមេរិក៕ (Photo : CNN)

RELATED ARTICLES